33.2 C
Phnom Penh

មេដឹកនាំ​សហជីព​ទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ជូន​បុគ្គលិក​ណាហ្គា​វើលដ៍​ដោយ​ស្មោះត្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ចិត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ជូន​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​អូស​បន្លាយ​ពេល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ​ទាំងនោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លីមីតធីត បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ខណៈ​កម្មករ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ទាល់តែសោះ ហើយ​ការ​បញ្ឈប់​បែប​នេះ គឺជា​ការ​រំលោភ​ច្បាប់​ការងារ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កម្មករ។

លោក រ៉ុង ឈុន អះអាង​ថា ការ​គេចវេះ​ចូល​តុ​ចរចា​របស់​ភាគី​ក្រុមហ៊ុន ណាហ្គា​វើលដ៍ គឺជា​ការ​បង្ហាញ​នូវ​ភាព​មិន​ទទួល​ខុសត្រូវ និង​ជា​ការ​មិន​ឱ្យ​តម្លៃ​ដល់​ក្រសួង​ការងារ​ផង​ដែរ ចំណែក​ឯ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ត្រូវ​ភ្ជាប់​កូដកម្ម​ដោយ​អហិង្សា​របស់​កម្មករ​និយោជិត​នៅ​ពេលនេះ​ទៅ​នឹង​របៀបវារៈ​ផ្សេង​ក្រៅពី​ការ​ផ្តល់​ដំណោះស្រាយ​តាម​ច្បាប់​ការងារ​នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ អំពាវនាវ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​នូវ​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ជូន​កម្មករ​និយោជិត​ទាំង ៣៦៥​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ទាំង​បង្ខំ​កាលពី​ពេល​កន្លង​ទៅ ឱ្យ​ចូល​បម្រើ​ការងារ​វិញ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន

សេចក្តី​ថ្លែងការណ៍​របស់​សហភាព​សហជីព​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ការងារ និង​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ដំណោះស្រាយ​ជូន​កម្មករ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពួកគេ ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នៅ​ពេលនេះ។

អស់​រយៈពេល ១៣​ថ្ងៃ​ហើយ​ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga world) ជាង ១៣០០​នាក់ បាន​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លីមីតធីត ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ចំនួន ៣៦៥​នាក់​ដែល​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​បញ្ឈប់​ពី​ការងារ​ទាំង​បង្ខំ​តាំងពី​ខែ​មេសា ឆ្នាំ​២០២១ មក។

តំណាង​កម្មករ​និយោជិត​នៅ​កន្លែង​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​លើកឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រួតពិនិត្យ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បញ្ឈប់​បុគ្គលិក​ពី​សំណាក់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​បុគ្គលិក​កម្មករ​ដែល​បាន​រង​ការ​រំលោភបំពាន​លើ​សិទ្ធិ​ការងារ​ទាំង​ជាង ៣០០​នាក់​នោះ។

ប្រភព​ដដែល​អះអាង​ថា ការ​បញ្ឈប់​បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នេះ គឺជា​ចេតនា​អាក្រក់​របស់​ថៅកែ​ក្រុមហ៊ុន​ដែល​មាន​ផែនការ​រំលាយ​ក្រុម​សហជីព ដែល​តែងតែ​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​រងគ្រោះ​ដោយ​ការ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​រហូត​មក។ ដូច្នេះ​ក្នុង​នាម​ក្រសួង​ការងារ​ដែល​មាន​តួនាទី​ជួយ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​កម្មករ គួរតែ​ចេញ​មុខ​អន្តរាគមន៍​ដោយ​ស្រប​ទៅ​តាម​ច្បាប់​ការងារ ចៀសវាង​ការ​គេចវេះ​ទុក​ឱ្យ​ភាគី​ក្រុមហ៊ុន​ធ្វើ​បាប​កម្មករ​ស្រេច​តែ​អំពើ​ចិត្ត។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​សម្រេច​លើក​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ទៅ​ពេល​ក្រោយ ប៉ុន្តែ​អស់​រយៈពេល​មួយ​សប្តាហ៍​ហើយ ក្រសួង​នៅ​តែ​មិន​អាច​ផ្តល់​ដំណោះស្រាយ​ជូន​កម្មករ​បាន​ទៀត ខណៈ​ភាគី​ខាង​ក្រុមហ៊ុន​បាន​បដិសេធ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង ៣៦៥​នាក់​ឱ្យ​ចូល​បម្រើ​ការ​វិញ​ជា​ដាច់ខាត ប៉ុន្តែ​កម្មករ​និយោជិត​នៅ​តែ​រក្សា​ជំហរ​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ស្រប​តាម​ច្បាប់​ការងារ​របស់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស