បុរសខ្លាំងនៅកម្ពុជា គឺលោក ហ៊ុន សែន ប្ដេជ្ញាយកឆ្នាំ២០២២ ជាឆ្នាំធ្វើកំណែទម្រង់គ្រប់គ្រងថវិកាសាធារណៈឱ្យបានហ្មត់ចត់ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីរបាយការណ៍ជំពាក់បំណុលក្រុមហ៊ុនឯកជនច្រើនលើសលប់របស់រដ្ឋបាលខេត្តនីមួយៗ។
លោក ហ៊ុន សែន បានអះអាងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាលរបស់លោកនឹងគ្រប់គ្រងថវិកាសាធារណៈឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្ដីអំពីការប្រើប្រាស់ថវិកាជាតិ។
លោក ហ៊ុន សែន ព្រមានថា បណ្ដាស្ថាប័នជាតិទាំងអស់ ជាពិសេសគឺស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់នូវបទដ្ឋានទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយក៏ព្រមានដកតំណែងអភិបាលខេត្តដែលបន្តធ្វើគម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ផងដែរ ព្រោះលោក ហ៊ុន សែន ចាត់ទុកថា គម្រោងរបស់រដ្ឋនៅតាមខេត្តជាមួយក្រុមហ៊ុននេះ គឺជាការប្រព្រឹត្តទង្វើពុករលួយ ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាក់ពីបំណុលដែលរដ្ឋបាលខេត្តបានជំពាក់ក្រុមហ៊ុនឯកជននោះថាមានចំនួនប៉ុន្មាននោះទេ។
ការព្រមានរបស់មេដឹកនាំបក្សកាន់អំណាច ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តនីមួយៗបានជំពាក់លុយក្រុមហ៊ុនឯកជន ដោយសារតែការគ្រប់គ្រងថវិកាជាតិរបស់រដ្ឋាភិបាលមានភាពធូររលុងនាពេលកន្លងមក។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មករា នេះថា ការអះអាងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គ្រាន់តែដើម្បីឱ្យពលរដ្ឋចាប់អារម្មណ៍ស្របពេលដែលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ជិតមកដល់ ព្រោះការប្រកាសធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់មេបក្សកាន់អំណាចរូបនេះ បានសន្យាតាំងពីអំឡុងឆ្នាំ២០១៣ មក តែមិនមានការកែប្រែតាមការសន្យានោះទេ។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ដើម្បីគ្រប់គ្រងថវិកាសាធារណៈឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យខេត្តនីមួយៗរាយការណ៍អំពីគម្រោងថវិកាប្រចាំឆ្នាំដោយមានការចូលរួមដឹងឮពីរដ្ឋបាលថ្នាក់ស្រុក និងឃុំផងដែរ។ បន្ថែមពីនេះ ក៏ត្រូវអនុញ្ញាតឱ្យរដ្ឋបាលខេត្តនីមួយៗមានសិទ្ធិអំណាចប្រមូលចំណូលមួយចំនួននៅតាមខេត្តដោយខ្លួនឯងផ្ទាល់ថែមទៀត។
លោកបន្តថា រដ្ឋាភិបាលក៏ត្រូវមានយន្តការសវនកម្មច្បាស់លាស់ និងទៀងទាត់ជាទីបំផុត ដើម្បីត្រួតពិនិត្យដំណើរការនេះ។
កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រធ្វើកំណែទម្រង់ប្រព័ន្ធថវិកាជាតិឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដើម្បីបង្កើនការជឿទុកចិត្ត បង្កើនគណនេយ្យភាពលើហិរញ្ញវត្ថុ និងដើម្បីផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាដើម ប៉ុន្តែត្រូវគេមើលឃើញថាមិនមានប្រសិទ្ធភាពដូចការអះអាងនោះទេ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ជិតដល់ពេលបោះឆ្នោត លោក ហ៊ុន សែន តែងប្រើយុទ្ធសាស្ត្រសន្យាតាមវិធីផ្សេងៗ ដើម្បីទាក់ទាញយកសន្លឹកឆ្នោតពីពលរដ្ឋ ប៉ុន្តែរាល់ពេលក្រោយបោះឆ្នោតរួចរាល់ បក្សកាន់អំណាចមិនដែលធ្វើតាមការសន្យារបស់ខ្លួននោះឡើយ ព្រោះថាលោក ហ៊ុន សែន ចូលចិត្តធ្វើប្រជាភិថុតិដើម្បីឈ្នះឆ្នោតគ្រប់គ្រងអំណាច ជាជាងការប្រើវិធីសុចរិតដើម្បីអភិវឌ្ឍប្រទេសជាតិ៕