34 C
Phnom Penh

សមត្ថកិច្ច​ចោទ​តំណាង​កម្មករ​និយោជិត​ណាហ្គា​វើលដ៍ ៩​នាក់​ថា​ជា​មេដឹកនាំ​ចលនា​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​បាន​ចោទ​តំណាង​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ចំនួន ៩​នាក់​ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​តវ៉ា​នឹង​ក្រុមហ៊ុន​កាស៊ីណូ ថា​ជា​មេដឹកនាំ​ចលនា​ខុស​ច្បាប់​ដែល​មាន​ចេតនា​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ក្រោម​ការ​បណ្តុះបណ្តាល និង​ទទួល​ជំនួយ​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស។

ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ លោក ប៊ុន សុសិក្ខា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា មេដឹកនាំ​កម្មករ​ទាំងនោះ​បាន​ព្យាយាម​បំផុស​បំផុល​ចលនា​ខុស​ច្បាប់​តាម​ផែនការ​របស់​បរទេស។

ចំណែក​ព្រះរាជអាជ្ញា​រង លោក សេង ហៀង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ ដោយ​ចោទ​ថា តំណាង​កម្មករ​និយោជិត ៣​រូប​ជា​មេខ្លោង​ចលនា​ខុស​ច្បាប់ ក្នុង​នោះ​រួម​មាន កញ្ញា ឈឹម ស៊ីថរ លោក សុខ គង្គារ និង​លោក សុខ ណារិទ្ធិ ដែល​តុលាការ​បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​មនុស្ស ៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ ម២ រួច​ហើយ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​កម្មករ​និយោជិត​ចំនួន ៩​នាក់​ដែល​បាន​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន Naga World ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្រេច​ចោទប្រកាន់​កម្មករ​និយោជិត ៩​នាក់​ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្នុង​នោះ​រួម​មាន កញ្ញា រី សុវណ្ណឌី កញ្ញា សុន ស្រីពេជ និង​កញ្ញា ហៃ សុភាព ជាដើម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្មករ​និយោជិត​ទាំង ៩​នាក់​នេះ​មាន ៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​តំណាង​កម្មករ ៣​រូប​ផ្សេង​ទៀត​រួម​មាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និង​លោក សុខ គង្គារ បាន​រត់​គេច​ខ្លួន ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ផង​ដែរ។

យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ ប្រធាន​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កម្រោល​ភ្លាមៗ​នៅ​ពេល​ដែល​កញ្ញា​ចុះ​ពី​លើ​រថយន្ត​នៅ​កន្លែង​ធ្វើ​កូដកម្ម ត្រង់​ចំណុច​កែង​រដ្ឋសភា​ជាតិ​ក្បែរ​ស្ថានទូត​អូស្ត្រាលី។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ កម្មករ​និយោជិត​នៅ​កន្លែង​ធ្វើ​កូដកម្ម​ជាង ១​ពាន់​នាក់ បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​ដែល​ថា តំណាង​របស់​របស់​ពួកគេ គឺ​កញ្ញា ឈឹម ស៊ីថរ បាន​ទទួល​លុយ​ពី​បរទេស​ដើម្បី​បង្ក​ការ​ញុះញង់​ឱ្យ​មាន​ការ​ធ្វើ​កូដកម្ម​នេះ​កើតឡើង។ ប៉ុន្តែ​ពួកគេ​បញ្ជាក់​ច្បាស់ៗ​ថា កូដកម្ម​នេះ​ធ្វើឡើង​ដោយសារតែ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​រំលោភ​សិទ្ធិ​ការងារ​ដោយ​ការ​បញ្ឈប់​បុគ្គលិក​ទាំង​អយុត្តិធម៌ ក្នុង​បំណង​ទុច្ចរិត​ដើម្បី​រំលាយ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​តែងតែ​ការពារ​សិទ្ធិ​កម្មករ​នា​ពេល​កន្លងមក​តែប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ បាន​នាំគ្នា​ប្តូរ​មក​ធ្វើ​កូដកម្ម​នៅ​មុខ​វិមាន​រដ្ឋសភា​វិញ ដោយសារតែ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​ព័ទ្ធ​ជុំវិញ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដើម្បី​រារាំង​មិន​ឱ្យ​កម្មករ​និយោជិត​ទាំងនោះ​ដែល​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​បន្ត​ទៀត​បាន ខណៈ​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​អគារ​បនល្បែង​មួយ​នេះ​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ផង​ដែរ។

អ្នក​នាំពាក្យ​ឱ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ មករា នេះ​ថា ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​មក​លើ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទាល់តែសោះ ព្រោះ​កម្មករ​គ្រាន់តែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ទាំង ៣៦៥​នាក់​ឱ្យ​ធ្វើការ​វិញ​ស្រប​តាម​ច្បាប់​ការងារ។

លោក ស៊ឹង សែនករុណា រិះគន់​ថា ទង្វើ​របស់​អាជ្ញាធរ​នៅ​ពេលនេះ គឺ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ជួយ​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន និង​គាបសង្កត់​លើ​កម្មករ​ដែល​ជា​ជនរងគ្រោះ​ទៅវិញ ព្រោះ​ថា​សកម្មភាព​របស់​សមត្ថកិច្ច​នៅ​ពេលនេះ គឺជា​ចេតនា​មួយ​ដែល​ព្យាយាម​បង្វែរ​សាច់រឿង​ពី​ការ​ទាមទារ​របស់​កម្មករ​ជាមួយ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​ទៅ​ជា​ការ​ប្រឈម​ជាមួយ​នឹង​អាជ្ញាធរ​ទៅវិញ។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ ដោយ​ថ្កោលទោស​ទង្វើ​អាជ្ញាធរ​ដែល​រារាំង និង​ប្រើ​កម្លាំង​បង្ក្រាប​ការ​ប្រមូល​ផ្តុំ​របស់​កម្មករ​និយោជិត​ដោយ​សន្តិវិធី​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ដែល​ផ្ទុយពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ដោះលែង​ក្រុម​អ្នក​តវ៉ា​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ទាំងអស់ ហើយ​ត្រូវ​បំពេញ​តួនាទី​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ ដើម្បី​ឱ្យ​ភាគី​ទាំង​សងខាង​អាច​ទទួល​យក​បាន​រៀងៗ​ខ្លួន ជាជាង​ការ​ប្រើ​អំពើ​ហិង្សា​ដូចជា​ការ​ចាប់​ចង ដែល​អាជ្ញាធរ​កំពុង​អនុវត្ត​នៅ​ពេលនេះ។

ជុំវិញ​ការ​ចាប់​ខ្លួន​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤ មករា នេះ​ថា ពួកគេ​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់​លើ​បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ដោយសារតែ​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ត្រូវ​រង​ការ​គំរាមកំហែង។ ជាង​នេះ​ទៀត សកម្មភាព​អាជ្ញាធរ​នៅ​ពេលនេះ​គឺជា​ការ​ព្យាយាម​បំបិទ​សំឡេង​របស់​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា និង​ការ​ចងក្រង​គ្នា​ជា​ក្រុម សមាគម ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ដូច្នេះ​កម្មករ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​ច្បាប់​ណា​មួយ​នោះ​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា វា​ជា​ទម្លាប់​របស់​អាជ្ញាធរ​កម្ពុជា​ទៅ​ហើយ​ដែល​ប្រើ​ល្បិច​លាប​ពណ៌​ក្រុម​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព ដើម្បី​ជា​លេស​ក្នុង​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ទាំងនោះ ព្រោះ​ថា​អាជ្ញាធរ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ក្រោម​បង្គាប់​បញ្ជា​របស់​បក្ស​កាន់​អំណាច មិន​មែន​ជា​កងកម្លាំង​ការពារ​ជាតិ ឬ​ប្រជាជន​នោះ​ទេ ប៉ុន្តែ​កងកម្លាំង​ទាំងនោះ​បង្កើត​ឡើង​ដើម្បី​ការពារ​តែ​ផលប្រយោជន៍​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ប៉ុណ្ណោះ ត្បិត​ក្រុមហ៊ុន​ធំៗ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា សុទ្ធតែ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​គ្រួសារ​ត្រកូល ហ៊ុន យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដូចជា​ក្រុមហ៊ុន ណាហ្គា​វើលដ៍ នេះ​ជាដើម។

ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ គឺ​មាន​រយៈពេល​ជាង​កន្លះ​ខែ​ហើយ ក្នុង​នោះ​កម្មករ​និយោជិត​ជាង ២០​នាក់​ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស