30 C
Phnom Penh

ប្រធាន​សហភាព​សហជីព​កម្ពុជា​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដាក់​ពាក្យ​ស្នើសុំ​ព្រះរាជអាជ្ញា​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​រយៈពេល​ពីរ​សប្តាហ៍ ដោយសារ​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ច្រើន​ប្រភេទ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ជាបន្ទាន់​ពី​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ខ្ពស់។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ មករា នេះ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ ដើម្បី​ចេញ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ រយៈពេល ២​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ទើប​អាច​ត្រឡប់​ទៅ​កម្ពុជា​វិញ ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ព្យាបាល​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ពេលនេះ។

លោក រ៉ុង ឈុន បញ្ជាក់​ថា គ្រូពេទ្យ​អង្គការ​លីកាដូ បាន​ព្យាបាល​បឋម និង​ចេញ​លិខិត​បញ្ជាក់​ពិនិត្យ​សុខភាព​ថា លោក​មាន​ជំងឺ​ច្រើន​ប្រភេទ ដូចជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ឡើង​សម្ពាធ​ឈាម ក្រួស​ក្នុង​ថង់​ទឹកប្រមាត់ និង​មាន​ក្រួស​ក្នុង​តម្រង​នោម​ផង​ដែរ ដូច្នេះ​វេជ្ជបណ្ឌិត ឡោ វ៉ាត បាន​ផ្តល់​អនុសាសន៍​ឱ្យ​លោក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ពិនិត្យ​តាមដាន​ជំងឺ​ទាំងនេះ​ដោយ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាទីបំផុត ដើម្បី​ការពារ​កុំ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត។

មេដឹកនាំ​សហជីព​កម្មករ​រូប​នេះ​បញ្ជាក់​ថា ជំងឺ​របស់​លោក​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ប្រវត្តិ​នៃ​ការ​ព្យាបាល គឺ​លោក​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដូច្នេះ​លោក​ស្នើសុំ​ឱ្យ​ព្រះរាជអាជ្ញា លោក ច្រឹង ខ្មៅ អនុញ្ញាត​ឱ្យ​គាត់​បាន​ចេញ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ ដើម្បី​ការពារ​អាយុ​ជីវិត​របស់​លោក។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ដាក់​លិខិត​ស្នើសុំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ក្រុង​ភ្នំពេញ ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ រយៈពេល​កន្លះ​ខែ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ខ្ពស់​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត ឡោ វ៉ាត ដែល​បាន​ផ្តល់​អនុសាសន៍​ពី​ស្ថានភាព​ជំងឺ​របស់​លោក​កាលពី​ពេល​កន្លងទៅ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ បាន​សរសេរ​លើ​ពាក្យ​ស្នើសុំ​របស់​លោក រ៉ុង ឈុន ដោយ​ជំរុញ​ឱ្យ​ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​ឱ្យ​អស់​លទ្ធភាព​របស់​គ្រូពេទ្យ​កម្ពុជា​ជា​មុន​សិន។ ជាង​នេះ ព្រះរាជអាជ្ញា​រូប​នេះ​បញ្ជាក់​ថា លោក​ពិនិត្យ និង​ពិចារណា​ទទួល​យក​ការ​ព្យាបាល​តែ​មន្ទីរពេទ្យ​រដ្ឋ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា បាន​អះអាង​ថា អាជ្ញាធរ​បាន​បញ្ជូន​ខ្លួន​លោក រ៉ុង ឈុន ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ក្នុង​ពន្ធនាគារ ហើយ​លទ្ធផល​បង្ហាញ​ថា ជំងឺ​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​ឱ្យ​បាន​ទាន់ពេល។

ទោះ​យ៉ាងណា ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ពិត​មែន​តែ​លោក រ៉ុង ឈុន ស្ថិត​ក្នុង​ការ​ព្យួរ​ទោស ប៉ុន្តែ​អាជ្ញាធរ​មិន​គួរ​បិទ​សិទ្ធិ​សេរីភាព​របស់​លោក​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ខ្លួនឯង​នោះ​ទេ ត្បិត​អាជ្ញាធរ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​ដើម្បី​ព្យាបាល​សុខភាព​ជំនួស​រូបលោក​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឱ្យ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​អនុវត្ត​ទោស ១៥​ខែ ១១​ថ្ងៃ ខណៈ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ព្យួរ​សាកល្បង​ចំនួន ៣​ឆ្នាំ ដើម្បី​ឱ្យ​តុលាការ​តាមដាន​បន្ត​ទៀត។ ក្នុង​រយៈពេល​នៃ​ការ​ព្យួរ​ទោស លោក រ៉ុង ឈុន មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស