27 C
Phnom Penh

សង្គម​ស៊ីវិល​ភូមា​និង​កម្ពុជា​ជិត​២០០ ថ្កោលទោស​មេដឹកនាំ​កម្ពុជា​ចំពោះ​ការ​គាំទ្រ​របប​សឹក​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចេញ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា ដើម្បី​ជួប​នឹង​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

នៅ​មុន​ការ​ចេញ​ដំណើរ​របស់​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ អង្គការ​សង្គម​ស៊ីវិល​យ៉ាងតិច​ជិត ២០០ នៃ​ប្រទេស​ភូមា និង​កម្ពុជា ដែល​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ជាង ២០​អង្គការ​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ទៅ​លើ​លោក ហ៊ុន សែន ចំពោះ​ការ​គាំទ្រ​របប​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​បាន​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​ជាបន្ទាន់​ពី​អន្តរជាតិ ដើម្បី​បញ្ឈប់​នូវ​យុទ្ធនាការ​ភេរវកម្ម​នៃ​របប​យោធា​ភូមា។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា របប​យោធា​ភូមា បាន​និង​កំពុង​ប្រើ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ដើម្បី​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​ភូមា​ទូទាំង​ប្រទេស ចាប់តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ តែ​បែប​នេះ​ក្ដី ប្រជាជន​ភូមា​នៅ​តែ​បន្ត​ទប់ទល់​យ៉ាង​ខ្លាំង ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រុញច្រាន​របប​យោធា​ឲ្យ​បរាជ័យ​នៅ​លើ​វេទិកា​អន្តរជាតិ។

ទោះ​ជា​បរាជ័យ​ដូចនេះ​ក្ដី ក៏​របប​យោធា​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​អមនុស្សធម៌ ជាពិសេស​នៅ​ក្នុង​តំបន់​ជនជាតិ​ភាគតិច​ដែល​រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​លើ​គេហទំព័រ ProgressiveVoiceMyanmar.org បាន​ហៅ​របប​សឹក​ភូមា​ថា​ជា​របប​ភេរវកម្ម ព្រោះ​តែ​របប​នេះ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ចំនួន ១៤០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់ ចាប់ពី​ថ្ងៃ​រដ្ឋប្រហារ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ចំណែក​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ឃុំឃាំង កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម ឃាតកម្ម និង​ការ​បង្អត់​អាហារ។ ស្ត្រី​ត្រូវ​បាន​គេ​ចាប់​រំលោភ និង​រំលោភ​បូក​ទាំង​ក្នុង និង​ក្រៅ​ពន្ធនាគារ។ ទ្រព្យសម្បត្តិ​ប្រជាជន​ត្រូវ​បាន​ប្លន់ និង​ដុត​បំផ្លាញ​ដោយ​កងទ័ព​នៃ​របប​យោធា។

ចាប់តាំង​ពី​ខែ​កុម្ភៈ មក ជនស៊ីវិល​ជិត ២៩​ម៉ឺន​នាក់ បាន​ក្លាយ​ជា​ជនភៀសខ្លួន។ ទីប្រជុំជន និង​ភូមិ​របស់​អ្នក​ស្រុក​ជាច្រើន ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ការ​បាញ់​ផ្លោង​កាំភ្លើងធំ និង​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​នៃ​របប​សឹក។ ចំណែក​គ្រឿងបរិក្ខារ​ពេទ្យ និង​បុគ្គលិក​ពេទ្យ ក៏​ត្រូវ​បាន​វាយប្រហារ​ដែរ។ រីឯ​ជំនួយ​មនុស្សធម៌​ត្រូវ​បាន​រារាំង និង​បំផ្លាញ​ចោល ហើយ​អ្នក​ដែល​ត្រូវការ​ជំនួយ កំពុង​ជួប​ភាព​អស់សង្ឃឹម​យ៉ាង​ខ្លាំង។

កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ របប​យោធា​បាន​ចាប់​ខ្លួន​អ្នកភូមិ​ស្លូតត្រង់​ប្រមាណ ៤០​នាក់​នៅ​ជិត​ភូមិ Moso ភាគ​ខាងលិច​នៃ​រដ្ឋ Karenni រួម​ទាំង​ស្ត្រី និង​កុមារ ដោយ​ដាក់​ពួកគេ​នៅ​ក្នុង​រថយន្ត ហើយ​ដៃ​របស់​ពួកគេ​ត្រូវ​បាន​ចង​ទៅ​ក្រោយ ហើយ​ដុត​ទាំង​រស់​តែម្តង។ ការ​សម្លាប់​រង្គាល​យ៉ាង​សាហាវ​ព្រៃផ្សៃ​ដូចនេះ ក៏​បាន​កើតឡើង​នៅ​ភូមិ Dontaw ក្នុង​ក្រុង Salingyi ក្នុង​តំបន់ Sagaing កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដែល​ជនស៊ីវិល​ចំនួន ១១​នាក់​ត្រូវ​បាន​គេ​ដុត​សម្លាប់​ទាំង​រស់​ដែរ។

ខណៈ​អំពើ​ឃោរឃៅ​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ Karenni ចាប់តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ របប​ភេរវកម្ម​នៅ​ភូមា បាន​ចាប់ផ្តើម​បាញ់​ផ្លោង​ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​នៅ​រដ្ឋ Karen ហើយ​ក្រោយ​មក​មាន​ការ​វាយប្រហារ​តាម​អាកាស ដោយ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់​នោះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រត់​ចោល​លំនៅឋាន និង​ភូមិ​របស់​ពួកគេ។

លោក ហ៊ុន សែន គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​របប​ផ្ដាច់ការ គឺ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែល​ជា​ការ​គាំទ្រ​មួយ​សំដៅ​ពង្រឹង​របប​យោធា​ភូមា ដើម្បី​បន្ត​យុទ្ធនាការ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រជាជន។ ផែនការ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​ចាត់ទុក​ថា​ជា​ផែនការ​ឯកតោភាគី​ប៉ុណ្ណោះ។

លោក ហ៊ុន សែន គួរ​តែ​ដឹង​ថា អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង​ដែល​ប្រព្រឹត្ត​ដោយ​របប​យោធា​ប្រឆាំង​នឹង​ប្រជាជន​ភូមា គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ចំ​ពេល​មាន​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​បន្ត​កើតមាន​តាំងពី​ឆ្នាំ​២០១៧។ លោក ហ៊ុន សែន មិន​ត្រូវ​អបអរ​សាទរ​ចំពោះ​ទង្វើ​អមនុស្សធម៌​បែប​នេះ​ឡើយ ហើយ​គួរតែ​ដឹង​ច្បាស់​ពី​ការ​ឈឺចាប់​ដូច​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ទុក្ខវេទនា​យ៉ាង​ធំធេង​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ បណ្ដាល​ឱ្យ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ និង​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ បាន​ប្រព្រឹត្ត​ឡើង​ដោយ​របប​ខ្មែរក្រហម ប៉ុល ពត។

ក្នុង​ស្ថានភាព​នេះ លោក ហ៊ុន សែន មិន​ត្រូវ​ទទួលស្គាល់​របប​ប្រល័យ​ពូជសាសន៍​នៅ​ភូមា នោះ​ទេ ហើយ​លោក​ក៏​មិន​ត្រូវ​បំភ្លេច​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ដែល​បាន​ឆ្លងកាត់​អំពើ​ប្រល័យ​ពូជសាសន៍​នោះ​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ទៀត​ថា ដំណោះស្រាយ​នឹង​មិន​អាច​សម្រេច​បាន​ទេ បើ​គ្មាន​ការ​ចរចា​ជាមួយ​អ្នក​ដែល​កំពុង​កាន់​អំណាច គឺ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប៉ុន្តែ​លោក ហ៊ុន សែន ត្រូវតែ​ដឹង​ថា អំណាច​គឺ​ស្ថិត​នៅ​លើ​ប្រជាជន​ភូមា ដែល​ពួកគេ​មិន​ចង់​ឃើញ​ការ​ចរចា​ជាមួយ​របប​យោធា​ដ៏​ឧក្រិដ្ឋ​នេះ ព្រោះ​ជា​របប​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យ៉ាង​សាហាវ។

លោក ហ៊ុន សែន ចាត់ទុក​ចលនា​មិន​គោរព​ច្បាប់​ស៊ីវិល និង​រដ្ឋាភិបាល​រួបរួម​ជាតិ​នៃ​ប្រទេស​ភូមា ថា​ជា​ក្រុម​ទ័ព​ព្រៃ ឬ​ជា​រដ្ឋាភិបាល​ស្រមោល។ ត្រង់​ចំណុច​នេះ ប្រជាជន​ភូមា សូម​ប្រកាស​ថា​សម្ដី និង​គំនិត​របស់​លោក ហ៊ុន សែន គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រជាជន​ភូមា សូម​បន្ត​គាំទ្រ​ការ​ដកហូត​សិទ្ធិ​មេ​រដ្ឋប្រហារ​ភូមា មិន​ឱ្យ​ចូលរួម​ប្រជុំ​អាស៊ាន ទោះ​ជា​ប្រជុំ​ក្នុង​កម្រិត​ណា​ក៏ដោយ។ ប្រជាជន​ភូមា សូម​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ សមាគម​អាស៊ាន និង​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ជាក់ស្តែង ដើម្បី​បញ្ចប់​យុទ្ធនាការ​ភេរវកម្ម​នៃ​របប​យោធា​ប្រឆាំង​នឹង​ប្រជាជន និង​ត្រូវ​បង្ខំ​ឱ្យ​ពួក​យោធា​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ​របស់​ខ្លួន។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ភូមា និង​កម្ពុជា បន្ត​ទៀត​ថា ដើមចម​នៃ​វិបត្តិ​នៅ​ភូមា​បង្ក​ឡើង​ដោយ​របប​យោធា គឺ​មិន​ត្រឹមតែ​បាន​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់​ដ៏​ធំធេង​របស់​ប្រជាជន​ភូមា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ទៀត​ផង។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន ត្រូវតែ​ដឹង​ថា របប​យោធា​ភូមា​គ្មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​អនុលោម​តាម​មតិ​ឯកភាព​ប្រាំ​ចំណុច​របស់​អាស៊ាន ដែល​សម្រេច​មតិ​រួម​កាលពី​ខែ​មេសា ឆ្នាំ​២០២១ នោះ​ទេ។ ផ្ទុយទៅវិញ អាស៊ាន​ត្រូវតែ​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ ហើយ​ធ្វើការ​សម្របសម្រួល​ជាមួយ​អង្គការ​សហប្រជាជាតិ ជាជាង​ទៅ​គាំទ្រ​របប​សឹក។

បើ​លោក ហ៊ុន សែន គាំទ្រ​របប​សឹក គឺជា​ការ​ប្រមាថ​ដល់​ប្រជាជន​ភូមា ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​អាស៊ាន​ទៀត​ផង។

ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​មើល​ឃើញ​ថា ប្រជាជន​កម្ពុជា​កំពុង​តស៊ូ​ដោយ​មិន​ចេះ​នឿយហត់ ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ការ​ការពារ​សិទ្ធិមនុស្ស ដែល​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២២។ ចំណែក​ប្រជាជន​ភូមា បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ផែនការ​បោះឆ្នោត​ដែល​របប​យោធា​គ្រោង​ធ្វើឡើង​នៅ​ខែ​សីហា ឆ្នាំ​២០២៣។

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​ភូមា បាន​ថ្លែង​ថា ប្រជាជន​ភូមា​នឹង​មិន​ស្វាគមន៍​លោក ហ៊ុន សែន មក​ជួប​មេ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​ភូមា​នោះ​ទេ ដោយ​ចាត់ទុក​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន គឺជា​រឿង​របស់​លោក ហ៊ុន សែន ដោយ​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា និង​ភូមា នោះ​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស