រដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (Asean Intergovernmental Commission on Human Rights) ដែលហៅកាត់ថា អាយឆា (AICHR) សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដើម្បីគ្រប់គ្រងដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ ដោយប្រគល់តួនាទីឱ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ធ្វើជាតំណាងកម្ពុជាប្រចាំ អាយឆា ដោយហេតុថានៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាយឆា ដែលអាចនឹងមានបញ្ហារសើបខាងផ្នែកនយោបាយដែលត្រូវលើកយកមកពិភាក្សាផងដែរ។
ប្រភពដដែលអះអាងថា អាយឆា នឹងមានកិច្ចប្រជុំចំនួន ៦លើក ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្សនេះ ក៏បានអនុញ្ញាតឱ្យរៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មានសម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំនៅពេលខាងមុខនេះផងដែរ។
ការតែងតាំងនេះ ធ្វើឡើងដើម្បីជំរុញឱ្យមានការគ្រប់គ្រងដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ស្របពេលដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ។
គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) ឬហៅកាត់ថា អាយឆា (AICHR) គឺជាយន្តការថ្នាក់តំបន់ដែលសំដៅលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដើម្បីឲ្យប្រជាជនគ្រប់រូបនៃប្រជាជាតិអាស៊ានរស់នៅក្នុងសន្តិភាព កិត្យានុភាព និងភាពសុខដុម។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មករា នេះថា លោកសូមអបអរសាទរលោក កែវ រ៉េមី ដែលទទួលបានការតែងតាំងតួនាទីបន្ថែមលើមុខងារបច្ចុប្បន្ន។ ប៉ុន្តែលោក ម៉ែន ណាត លើកឡើងថា ទោះតែងតាំងអ្នកណាក៏ដោយ ឱ្យតែរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន មិនអាចធានា ឬលើកស្ទួយការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានទេ។
ប្រធានក្រុមប្រឹក្សាភិបាល PMD រូបនេះបញ្ជាក់ថា ការតែងតាំងមន្ត្រីរដ្ឋាភិបាលដែលដឹកនាំដោយរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ មិនមែនជាឆន្ទៈពិតប្រាកដក្នុងការលើកស្ទួយសិទ្ធិមនុស្សថ្នាក់ជាតិ ឬថ្នាក់តំបន់ស្របតាមក្របខ័ណ្ឌអង្គការសហប្រជាជាតិដូចដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានអះអាងនោះឡើយ។ ករណីនេះ គឺគ្រាន់តែដើម្បីជួយបិទបាំងទង្វើអាក្រក់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលតែងរំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិស្របពេលដែលខ្លួនធ្វើជាប្រធានអាស៊ានប្តូរវេន និងស្របតាមយន្តការរបស់អាយឆា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មានជម្រើសតែមួយគត់ គឺត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពគោលការណ៍សិទ្ធិមនុស្សឡើងវិញឱ្យបានដាច់ខាត។
គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ឬហៅកាត់ថា AICHR ត្រូវបានបង្កើតឡើងជាចំណែកមួយនៃរចនាសម្ព័ន្ធអាស៊ាន និងជាស្ថាប័នដែលទទួលខុសត្រូវរួមសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។ ជាងនេះទៀត ក៏មានលក្ខន្តិកៈជាច្រើនដែលបានចែងអំពីការការពារសិទ្ធិមនុស្សផងដែរ ដូចជាការអនុវត្តឱ្យបានពេញលេញនូវលិខិតុបករណ៍អាស៊ាន ពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស និងការលើកកម្ពស់អនុវត្តកាតព្វកិច្ចនៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព ជាដើម៕