28 C
Phnom Penh

ភាគ​១៤៖ បក្ស​ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​បង្កើន​សមត្ថភាព​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រៀបចំ​អង្គការ​ចាត់តាំង​ក្រុម​ការងារ​យុវជន​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍​ទេ​ចាប់ពី​ឆ្នាំ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម​ភារកិច្ច​ពង្រឹង​បក្ស​ឯ​បរទេស​លើ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជា​សមាជិក​អាស៊ាន។

ក្នុង​ភាគ​ទី​១៤ លោក ហាស់ សាន ពិនិត្យ​មើល​កិច្ច​ចាប់ផ្តើម​រៀប​រចនាសម្ព័ន្ធ​ចាត់តាំង​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​គេ​ថា​ដើម្បី​កសាង និង​ពង្រឹង​បក្ស។

រយៈពេល​ប្រមាណ ១៦​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា ជា​អតីត​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បែក​ឫស​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដឹកនាំ​ដោយ​បក្ស​ពលករ​យៀកណាម បាន​រៀបចំ​បណ្ដាញ​ចាត់តាំង​សាខា​បក្ស​តាម​សហគមន៍​ខ្មែរ​ឯ​បរទេស​ពី​អាស៊ី ដល់​អឺរ៉ុប ដល់​អាមេរិក​ខាងជើង ប្រកប​ដោយ​ជោគជ័យ​ក្នុង​កម្រិត​មួយ។ តាមរយៈ​ស្ថានទូត​នៃ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយៗ មាន​ឯកអគ្គរាជទូត​តំណាង​ឲ្យ​បក្ស គេ​យក​មុខងារ មុខតំណែង​នេះ ដែល​មាន​អភ័យ​ឯកសិទ្ធិ​ការទូត (diplomatic immunity) ធ្វើ​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​ក្រៅពី​កិច្ចការ​ទូត ហើយ​ភាគច្រើន​រង់ចាំ​បក្ស​ដាក់​ទិស​តែប៉ុណ្ណោះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ពី​ឆ្នាំ​២០១៥ ដែល​ជា​ឆ្នាំ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម​ភារកិច្ច​លើ​អ្នក​ការទូត​ជាន់ខ្ពស់​នៅ​បរទេស ឯកអគ្គរាជទូត​ម្នាក់ៗ​ក្លាយ​ជា​ប្រធាន​សាខា​បក្ស​ប្រចាំ​ប្រទេស​នីមួយៗ​ចាប់ពី​កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហៅ​កាត់​ថា កូចាម៉ា (KoJaMa) នៅ​អាស៊ី​បូព៌ា អាស៊ី​អាគ្នេយ៍ បារាំង អាល្លឺម៉ង់ អង់គ្លេស ហុឡង់ដ៍ បែលហ្សិក នៅ​អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ នៅ​អូសេអានី ដល់​សហរដ្ឋ​អាមេរិក កាណាដា នៅ​អាមេរិក​ខាងជើង។ ភារកិច្ច​បន្ថែម​របស់​ឯកអគ្គរាជទូត គឺ​ខំ​ប្រឹងប្រែង​ផ្សារភ្ជាប់​ជាមួយ​សហគមន៍ មាន​ទាំង​ខ្មែរ​ជា​ជនភៀសសឹក​ពី​ទសវត្ស​១៩៧០ មាន​ទាំង​ខ្មែរ​ជា​ជន​អន្តោប្រវេសន៍​ក្រោយ​ទសវត្ស​១៩៧០ រួច​មក​បញ្ចុះបញ្ចូល​សមាជិក​សហគមន៍​ខ្មែរ​ឲ្យ​ចូល​ធ្វើជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ដោយ​សន្យា​ឲ្យ​កិត្តិយស​លាភសក្ការៈ​ផ្សេងៗ។

មក​ទល់​ពេលនេះ បក្ស​ប្រជាជន​កម្ពុជា​ប្រើ​ស្ថានទូត​ខ្មែរ​នៅ​បរទេស​បង្កើត​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា បង្កើត​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស (ឯនាយ​សមុទ្រ) មាន​មេកង​ធំ​ជា​មន្ត្រី​ក្រសួង​ក្នុង​រាជរដ្ឋាភិបាល​គ្រប់គ្រង ស្ថិតនៅ​ក្រោម​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​មាន​អ្នក​ដឹកនាំ​កំពូល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​ជ្រើសរើស​សមាជិក​ចូល​បក្ស គេ​មិន​បាន​ធ្វើ​គគ្រឹកគគ្រេង​ក្នុង​អាណត្តិ​ឯកអគ្គរាជទូត អ្នកស្រី យូ អយ, អៀត សោភា, ជ្រឹង បុទុមរង្សី, លោក ឡុង វិសាលោ នោះ​ទេ គឺ​ត្រៀម​អនុវត្ត​ក្នុង​អាណត្តិ​ឯកអគ្គរាជទូត លោក អ៊ុក សោភ័ណ បច្ចុប្បន្ន​នេះ។

សារព័ត៌មាន The Cambodia Daily បាន​ផ្សាយ​ក្នុង​កម្មវិធី​របស់​ខ្លួន​នូវ​រឿងរ៉ាវ​បង្កើត​សាខា​បក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចំនួន ១៣​ភាគ​រួច​ទៅ​ហើយ ដោយ​ផ្តល់​ព័ត៌មាន​អំពី​សកម្មភាព​រើស​សមាជិក​នៅ​អាស៊ី នៅ​អូសេអានី​មួយ​ផ្នែក អឺរ៉ុប អាមេរិក​ខាងជើង។ ក្នុង​ភាគ​ទី​១៤ នេះ យើង​សូម​ពិនិត្យ​មើល​គម្រោង​ផែនការ​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​រៀបចំ​សម្រាប់​រាជាណាចក្រ​ថៃឡង់ដ៍ ដើម្បី​ចាត់តាំង​តំណាង​ឲ្យ​រើស​សមាជិក​ចូល​បក្ស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូប​កណ្ដាល)

តើ​សេចក្តី​ព្រាង​ផែនការ​ថ្មី​ដែល​តាក់តែង​ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ នឹង​មាន​សណ្ឋាន​បែបបទ ប្រតិបត្តិការ​ដូចម្តេច​លើ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២​លាន​នាក់​ធ្វើ​ការងារ សិក្សា បួស​រៀន​នៅ​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍?

ក្រោម​កិច្ច​ណែនាំ​ពី​បក្ស​ប្រជាជន​កម្ពុជា ស្ថាបនិក​បាន​ឲ្យ​ឈ្មោះ​បណ្ដាញ​សាខា​បក្ស​នៅ​ប្រទេស​ថៃឡង់ដ៍ ថា «ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ»។ ក្នុង​សេចក្តី​សម្រេច​ពី​បក្ស គេ​សរសេរ​ថា «ការ​កែ​សម្រួល​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នៅ​ប្រទេស​ថៃ និង​លេខាធិការដ្ឋាន​របស់​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ»

សេចក្តី​សម្រេច​មាន ៤​ប្រការ ធ្វើ​ឡើង៖

  • យោង​តាម​សេចក្តី​សម្រេច​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្តី​អំពី​ការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស​ក្រៅ​ប្រទេស ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ​របស់​គណៈកម្មាធិការ​បក្ស​នៅ​ក្រៅ​ប្រទេស
  • យោង​តាម​សេចក្តី​សម្រេច​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្តី​អំពី ការ​បង្កើត និង​ចាត់តាំង​ក្រុម​ការងារ​កសាង​ពង្រីក​បក្ស​ប្រចាំ​ប្រទេស​ថៃ
  • យោង​តាម​សេចក្តី​សម្រេច​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩ ស្តី​អំពី​ការ​តែងតាំង​មន្ត្រី​បក្ស
  • យោង​តាម​សេចក្តី​សម្រេច​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្តី​អំពី ការ​បង្កើត និង​ការ​ចាត់តាំង​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នៅ​ប្រទេស​ថៃ និង​លេខាធិការដ្ឋាន​របស់​ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ
  • យោង​តាម​ការ​ចាំបាច់

ក្រុម​ការងារ​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ ស្ថិត​ក្រោម​ការ​ទទួល​បន្ទុក​រួម​ពី​សមាសភាព ៣២​រូប​ផ្តើម​ពី​បុរស​ឈ្មោះ៖

  1. អ៊ិត សំហេង ប្រធាន
  2. សោម សឿន អនុប្រធាន
  3. ហ៊ុន ម៉ាណែត អនុប្រធាន
  4. អ៊ូក សោភ័ណ អនុប្រធាន
  5. ម៉ឹង សុវណ្ណា អនុប្រធាន
  6. ហេង សួរ អនុប្រធាន​ប្រចាំការ ទទួល​បន្ទុក​លេខាធិការដ្ឋាន និង​ក្រុម​គាំទ្រ
  7. ហុង ជឿន អនុប្រធាន ទទួល​បន្ទុក​តំបន់​បាងកក និង​និស្សិត
  8. គៀត ច័ន្ទថារិទ្ធ អនុប្រធាន ទទួល​បន្ទុក​ក្រុម​ចល័ត
  9. សេង សក្តា អនុប្រធាន ទទួល​បន្ទុក​តំបន់​ឈុនបុរី និង​ចាក់ឈើងសាវ
  10. ម៉ុង គីមហេង អនុប្រធាន ទទួល​បន្ទុក​តំបន់​សាមុតប្រាកាន ស្រះកែវ និង​សុរិន្ទ
  11. ប្រាក់ ចាន់ធឿន អនុប្រធាន ទទួល​បន្ទុក​ព្រះសង្ឃ និង​សាមណសិស្ស​ខ្មែរ
  12. សាត សមុទ្រ អនុប្រធាន ទទួល​បន្ទុក​តំបន់​ចន្ទបុរី និង​ឈៀងម៉ៃ
  13. ហ៊ូ វុឌ្ឍី អនុប្រធាន ទទួល​បន្ទុក​តំបន់​សារៈបុរី និង​សុងក្លា
  14. ស្ត្រី ឆៃ ច័ន្ទរិទ្ធីសូលីដា អនុប្រធាន ទទួល​បន្ទុក​តំបន់​រ៉ាក់យ៉ង
  15. ងុយ រិទ្ធ អនុប្រធាន ទទួល​បន្ទុក​ក្រុម​បណ្ដាញ​ព័ត៌មាន​សង្គម
  16. ទៀវ ម៉ាក់តែល អនុប្រធាន ទទួល​បន្ទុក​ក្រុម​គាំទ្រ

ចំណែក​ឯ​សមាសភាព​សមាជិក​ទាំងអស់​វិញ គេ​មិន​ដឹង​ថា​ជា​ឈ្មោះ​មនុស្ស​ពិត ឬ​មិន​ពិត​នោះ​ទេ ប៉ុន្តែ​មាន​ឈ្មោះ​ដូចតទៅ​នេះ៖

  1. ម៉ម វណ្ណៈ
  2. ឡេង សែ
  3. សុវណ្ណ វណ្ណារតន៍
  4. សោម ចំណាន
  5. សួស រដ្ឋាវី
  6. ទុយ ស៊ីផាន់
  7. អ៊ីន ខេមរា
  8. កុយ ទេពដារាវុធ
  9. ទេព ណាវី
  10. លី សុធា
  11. ហ៊ីង ស៊ីដេត
  12. កែន សោភ័ណរិទ្ធ
  13. សុខ ចាន់ភក្តី
  14. សួង សង្វាវុទ្ធី
  15. ស្រ៊ុន ចន្ថុល
  16. ឈឹម វិបុល

សប្តាហ៍​ក្រោយ សូម​ជូន​ភាគ​បន្ត​អំពី​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នីមួយៗ​ផ្តើម​ពី​រាជធានី​បាងកក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស