38 C
Phnom Penh

អ្នកវិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​អរគុណ​វៀតណាម​ថ្ងៃ​៧​មករា ដើម្បី​ផ្គាប់​ចិត្ត​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្ងៃ​ទី​៧ មករា គឺជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​រំដោះ​របស់​កម្ពុជា និង​វៀតណាម បាន​វាយ​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ និង​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ពលរដ្ឋ​ខ្មែរ។

នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​អរគុណ​វៀតណាម ដែល​អ្នកវិភាគ​លើកឡើង​ថា គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម និង​បង្ហាញ​ឲ្យ​មហាយក្ស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន​មើល​ឃើញ​ថា កម្ពុជា​គឺ​ដើរ​តាម​គោលនយោបាយ​ចិន​តែ​មួយ។

ជា​រៀងរាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី​៧ ខែ​មករា យ៉ាង​ឱឡារិក​ដើម្បី​រំឭក​គុណ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​គ្រាន់តែ​រៀបចំ​ផ្សព្វផ្សាយ Logo ឬ​បដា​ពាក្យ​ស្លោក​នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លិខិត​របស់​លោក សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ញើ​ជូន​ប្រធាន​ក្រុម​ការងារ​គណបក្ស​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ​ថា សម្រាប់​ឆ្នាំ​២០២២ គណបក្ស​ប្រជាជន​នឹង​មិន​មាន​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​ថ្ងៃ​ជ័យជម្នះ ៧​មករា នោះ​ទេ ប៉ុន្តែ​លោក​នឹង​យក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ទៅ​ជួប​ជាមួយ​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា មីន អ៊ុងឡាំង។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​លោក​រូប​នេះ​អះអាង​ថា ការ​ប្រារព្ធ​ទិវា​នេះ បើ​ធ្វើ​តូច​ពេក​មិន​សម ហើយ​បើ​ធ្វើ​ធំ​ពេក ខ្លាច​មាន​បញ្ហា​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ដូច្នេះ​ហើយ​វិធី​ដែល​ល្អ គឺ​យក​ថ្ងៃ​ទី​០៧ ខែ​មករា នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា​តែម្តង។

ថ្លែង​ក្នុង​សារ​អបអរ​សាទរ​ខួប ៤២​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ «៧ មករា ឆ្នាំ​១៩៧៩» កាលពី​ឆ្នាំ​២០២១ ហាក់​ប្លែក​ជាង​ឆ្នាំ​កន្លងៗ​មក ដែល​បុរស​ខ្លាំង​កម្ពុជា​ធ្លាប់​រំឭក​ពី​គុណសម្បត្តិ​របស់​ប្រទេស​វៀតណាម ក្នុង​ការ​វាយ​រំលំ​ខ្មែរក្រហម ប៉ុន្តែ​ម្តង​នោះ លោក​ពុំ​បាន​មាន​សំណេរ​អ្វី​ដែល​រំឭក​ទាក់ទង​នឹង​វៀតណាម នោះ​ទេ។ បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​បាន​លើកឡើង​ថា ៧​មករា ជា​ថ្ងៃ​ដែល​នាំ​ឱ្យ​កម្ពុជា​មាន​ការ​រីកចម្រើន និង​មាន​មុខមាត់​ដល់​សព្វថ្ងៃ។

(រូប​ឯកសារ)៖ ពិធី​រំឭក​ខួប​លើក​ទី​៤១​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា។

យោង​តាម​សៀវភៅ ១៣​ទសវត្ស​នៃ​ដំណើរ​កម្ពុជា ដែល​សរសេរ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា កងទ័ព​វៀតណាម បាន​ចូល​មក​ជួយ​បដិវត្តន៍​កម្ពុជា ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ជោគជ័យ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​ដក​ចេញ​បណ្តើរៗ​នៅ​ឆ្នាំ​១៩៨២ និង​ឈាន​ទៅ​ដក​ទាំងស្រុង​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៩ ដែល​ជា​ដំណាក់កាល​ផ្ទេរ​ពី​ការ​ប្រើប្រាស់​កម្លាំង​ពីរ​គួបផ្សំ​គ្នា​មក​កាន់​ដំណាក់កាល​ប្រើប្រាស់​កម្លាំង​បដិវត្តន៍​កម្ពុជា​ផ្ទាល់ ដើម្បី​រ៉ាប់រង​ភារកិច្ច​ការពារ​ជាតិ។

នៅ​ក្នុង​សៀវភៅ​នោះ​បាន​សរសេរ​ថា៖ «កម្ពុជាវៀតណាម ជា​ធាតុ​ពីរ​ដែល​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ»

កាលពី​ឆ្នាំ​២០២១ នៃ​ខួប ៧​មករា ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​សារ​អំពី​ទំនាក់ទំនង និង​វឌ្ឍនភាព​រវាង​ប្រទេស​ទាំង​ពីរ​មកដល់​សព្វថ្ងៃ បន្ទាប់ពី​ការ​ដួល​រលំ​ទៅ​នៃ​របប​ខ្មែរក្រហម។ ស្ថានទូត​វៀតណាម ក៏​បាន​រំឭក​ពី​គុណសម្បត្តិ​របស់​ប្រទេស​វៀតណាម ចំពោះ​កម្ពុជា ថា៖ «ការ​ប្រយុទ្ធ​គ្នា​យ៉ាង​លំបាក និង​ដោយ​មាន​ការ​លះបង់​ខ្ពស់​របស់​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ជាច្រើន កងពល និង​កម្លាំង​ប្រដាប់​អាវុធ​បដិវត្តន៍​កម្ពុជា បាន​ជួយ​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ខ្លួនឯង​កាន់តែ​ខ្លាំង​ឡើង និង​អាច​ការពារ​ប្រទេស​បាន»

ភាព​ជាក់ស្តែង​នេះ យោង​តាម​កិច្ចព្រមព្រៀង​រវាង​បក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នា​ឆ្នាំ​១៩៨៩ វៀតណាម​បាន​សម្រេច​ដក​កងទ័ព​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ដ៏​រុងរឿង​របស់​ខ្លួន​ពី​កម្ពុជា។

កាលពី​ឆ្នាំ​មុន ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​មិន​បាន​បញ្ចេញ​សារ​អ្វី​ឡើយ​នៅ​ថ្ងៃ​នោះ។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​កាសែត The Cambodia Daily ឲ្យ​ដឹង​ថា លោក​គិតថា​នេះ​ជា​ការ​រួមបញ្ចូល​គ្នា​នៃ​ជំងឺ Covid-19 ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​មិន​ប្រារព្ធ​ពិធី​នេះ ក៏​សម្លឹង​មើល​ទៅ​ខាង​ភាគី​ចិន​ដែរ។ លោក​ប្រាកដ​ថា ចិន​មិន​ចង់​ឃើញ​កម្ពុជា​នៅតែ​បន្ត​ប្រារព្ធ​ពិធី​រំដោះ​ជាតិ​ដោយ​អរគុណ​វៀតណាម​នោះ​ទេ។ លោក​បន្ត​ថា ការ​ដែល​កម្ពុជា​មិន​ប្រារព្ធ​ធ្វើ​ពិធី​នេះ គឺជា​រឿង​ល្អ​សម្រាប់​ចិន និង​កម្ពុជា។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល។

ចំណែក​ឯ​លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សម្រេច​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា គណបក្ស​របស់​លោក​បាន​ចាត់ទុក​ថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម ឈ្លានពាន​ប្រទេស​កម្ពុជា។ លោក​ថា៖ «ក្នុង​នាម​គណបក្ស​ប្រឆាំង ថ្ងៃ​៧​មករា គឺ​នៅតែ​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​វៀតណាម ឈ្លានពាន​ដដែល ពីព្រោះ​បើ​គ្មាន​ពួក​វៀតណាម​បង្កើត​បក្ស​កុម្មុយនីស្ត​កម្ពុជា ក៏​គ្មាន​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដ៏​រង្គាល​នេះ​ដែរ។ ដូច្នេះ​ហើយ​អ្នក​សម្លាប់ និង​អ្នក​ជួយ​ខ្មែរ ក៏​ជា​ក្រុម​តែ​មួយ»

នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៧៩ មួយ​ថ្ងៃ​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ខ្មែរក្រហម​ត្រូវ​ដួល​រលំ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោម​អាណាព្យាបាល​របស់​វៀតណាម។ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ដោយ​មាន​លោក ហេង សំរិន ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ មាន​ឋានៈ​ស្មើ​នឹង​ប្រមុខ​រដ្ឋ និង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​នឹង​នាយករដ្ឋមន្ត្រី។

នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​សម្រាប់​រយៈពេល ២៥​ឆ្នាំ។

តាមរយៈ​សន្ធិសញ្ញា​នេះ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​សុខចិត្ត​ទទួល​យក​អាណាព្យាបាល​វៀតណាម​នៅ​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម​ប្រមាណ ១៥​ម៉ឺន​នាក់​ឈរ​ជើង​នៅ​លើ​ទឹកដី​កម្ពុជា។ នៅ​ក្នុង​ផ្នែក​ស៊ីវិល​វិញ វៀតណាម​បាន​ដាក់​អ្នក​ជំនាញការ​នៅ​តាម​គ្រប់​មន្ទីរ ក្រសួង​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស