38.8 C
Phnom Penh

អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​កម្ពុជា​ពន្យល់​ពី​ចាប់​និង​ចោទ​មេ​សហជីព​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពន្យល់​អំពី​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ដោយ​ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ថា​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

អ្នកជំនាញ​សិទ្ធិមនុស្ស ៤​រូប​មាន​លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី អាយរីន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​គំនិត និង​មតិ​យោបល់ លោកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​លោក ក្លេម៉ង់ នីយ៉ាឡេតសូស៊ី វូល (Clément Nyaletsossi Voule) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​ខាង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ខាង​សមាគម បាន​ចាប់​អារម្មណ៍​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាម​តាមរយៈ​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ (GENEVA) ប្រទេស​ស្វីស (Switzerland) កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២។

ពួកគេ​រិះគន់​ថា ការ​ចាប់​ខ្លួន ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​កាស៊ីណូ​ណាហ្គា​វើលដ៍​ចំនួន ២៩​នាក់​កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើឡើង​យ៉ាង​ហិង្សា​ដោយ​បំពាន​លើ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញមតិ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងនោះ​បាន​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ចំពោះ​របៀប​នៃ​ការ​ចាប់​ខ្លួន​ករណី​ដំបូងៗ​ដែល​បាន​ធ្វើឡើង​យប់​មុន​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​សកល និង​នៅ​ពេល​មាន​ព្រឹត្តិការណ៍​ជាច្រើន​ផ្សេង​ទៀត បាន​បង្វែរ​ចំណាប់​អារម្មណ៍​សាធារណជន ហើយ​របៀប​នៃ​ការ​ចាប់​ខ្លួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មធ្យោបាយ​មិន​សមរម្យ​មួយ​ក្នុង​ការ​រឹតត្បិត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ផង​ដែរ។

ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យល់​នូវ​សកម្មភាព​ឆ្លើយតប​របស់​មន្ត្រី​នគរបាល​ដែល​បាន​ចាប់​ខ្លួន​មេដឹកនាំ និង​សហជីព​ក្រុមហ៊ុន ណាហ្គា​វើលដ៍ អំឡុង​ធ្វើ​កូដកម្ម​អហិង្សា ខណៈ​ក្រុម​អ្នក​ជំនាញ​ទាំងនោះ​បញ្ជាក់​ថា កំពុង​តាមដាន​ការ​វិវឌ្ឍ​នេះ​យ៉ាង​ដិតដល់។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ទាំងនេះ​អះអាង​ថា របៀប​នៃ​ការ​ចាប់​ខ្លួន​អ្នក​ទាំងនេះ កើតឡើង​បន្ទាប់ពី​សកម្មភាព​ធ្វើ​កូដកម្ម​ស្វែងរក​ដំណោះស្រាយ​ការងារ មិន​អាច​ដោះស្រាយ​បាន​តាម​ពេលវេលា​សមរម្យ។ ការ​មិន​អាច​ដោះស្រាយ​នេះ ទើប​បណ្តាល​ឱ្យ​មាន​ការ​ចាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ដោយ​មិន​សម​ហេតុផល ហើយ​វិធានការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ក៏​ធ្លាប់​បាន​ប្រើ​ក្នុង​ករណី​មុនៗ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រុម​អ្នក​ជំនាញ​ទាំងនេះ​និយាយ​ថា ការ​ចោទប្រកាន់ និង​ការ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

ម្យ៉ាង​វិញ​ទៀត ការ​ធ្វើ​បែប​នេះ​ជា​ការ​បញ្ជូន​សារ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ដល់​ប្រជាជន​ខ្មែរ អំពី​លំហ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ។ ករណី​នេះ ក្រុម​អ្នកជំនាញ​សិទ្ធិ​ជំរុញ​ឱ្យ​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ច្បាប់​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ និង​ផ្តល់​តម្លាភាព​ឱ្យ​បាន​ពេញលេញ​ក្នុង​ដំណើរការ​នីតិវិធី​នៃ​ករណី​ទាំងអស់​នេះ។

ក្រុម​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga world) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ រួម​ទាំង​សកម្មជន​សហជីព​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២។ (រូបភាព​ពី​ហ្វេសប៊ុក​សង់ត្រាល់)

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​៦ មករា នេះ បុគ្គលិក​ណាហ្គា​វើលដ៍​ជាង ១​ពាន់​នាក់ នៅតែ​បន្ត​ធ្វើ​កូដកម្ម ទោះបី​មេដឹកនាំ និង​សកម្មជន​សហជីព​ពួកគេ​ចំនួន ៨​នាក់ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ហើយ​ក្ដី។ ការ​បន្ត​ធ្វើ​កូដកម្ម​នេះ ដោយសារតែ​ពួកគាត់​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ មិនមែន​ជាមួយ​អាជ្ញាធរ​ឡើយ។ ករណី​នេះ ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ឈប់​រារាំង​ពួកគាត់​ទៀត ព្រោះ​ថា​ការ​តវ៉ា​នេះ​ដើម្បី​តែ​ក្រពះ និង​សិទ្ធិ​ការងារ​តែប៉ុណ្ណោះ។ ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​តំណាង​ពួកគាត់​ទាំង ៨​នាក់​ជាបន្ទាន់ ដោយ​ថា​ការ​ធ្វើ​កូដកម្ម​របស់​ពួកគាត់​ទាំងអស់​គ្នា ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត គ្មាន​អ្នក​ណា​ម្នាក់​មក​ញុះញង់​ពី​ក្រោយ​ឡើយ។

ចំណែក​ឯ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក Phil Robertson ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ដែរ​នៅ​ថ្ងៃ​ទី​៦ មករា នេះ ដោយ​លើកឡើង​ថា ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​តំណាង​សហជីព​មួយ​ចំនួន​បញ្ជូន​ទៅ​តុលាការ ជា​ការ​បំភិតបំភ័យ​ដល់​ក្រុម​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ក្នុង​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ ការ​ជួបជុំ និង​សមាគម​ស្រប​តាម​ច្បាប់ ជាដើម។ លោក Phil Robertson បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​តំណាង​សហជីព រួម​ទាំង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក Phil Robertson បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​កន្លងមក​នេះ បុគ្គលិក​ណាហ្គា​មិន​បាន​ធ្វើ​អ្វី​ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ឡើយ។ ករណី​នេះ តុលាការ​កម្ពុជា​គួរតែ​ដោះលែង​មេដឹកនាំ និង​សមាជិក​សហជីព​ទាំងអស់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ក្លែងក្លាយ​មក​លើ​ពួកគេ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល​ក៏​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​គាំទ្រ​សិទ្ធិ​កម្មករ និង​រក​វិធី​ចរចា​ជា​សមូហភាព​រវាង​កម្មករ​ជាមួយ​ភាគី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដោយ​ភាព​ស្មោះត្រង់ ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស