38 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​និង​ភូមា​នៅ​អាមេរិក​គ្រោង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ពេល​ប្រជុំ​អាស៊ាន​នៅ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​កម្ពុជា អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ភូមា​អាមេរិកាំង ព្រមទាំង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត គ្រោង​នាំគ្នា​បាតុកម្ម​ក្នុង​រដ្ឋធានី Washington ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ។

ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ (CAHRAD) លោក យ៉ាប់ គឹមទឹង បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ពុធ ទី​៥ មករា ថា ចំណុច​សំខាន់​បំផុត​ដែល​ពលរដ្ឋ​ភូមា និង​មេដឹកនាំ​ប្រទេស​សេរី​ជាច្រើន​ទៀត​គ្មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​របស់​មេដឹកនាំ​ខ្មែរ គឺ​ដោយសារ​លោក ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង ជា​ប្រភេទ​មេដឹកនាំ​ផ្ដាច់ការ​ដូច​គ្នា។

លោក យ៉ាប់ គឹមទឹង លើកឡើង​ថា ប្រវត្តិ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ក្នុង​ការ​កាន់កាប់​អំណាច​ជិត ៤០​ឆ្នាំ​មកនេះ បាន​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លោក​គ្រាន់តែ​ជា​មេដឹកនាំ​ដែល​ល្មោភ​អំណាច បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស និង​ប្លន់​អំណាច​ពី​គូប្រជែង​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ ហើយ​ក៏​ជា​មេដឹកនាំ​ដែល​មាន​ទំនោរ​ទៅ​រក​របប​កុម្មុយនីស្ត​ថែម​ទៀត ដូចជា​ការ​ប្រកាស​ផ្ញើ​វាសនា​របស់​កម្ពុជា​លើ​មហាអំណាច​កុម្មុយនីស្ត​ចិន កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

លោក​បន្ត​ថា តាម​បទពិសោធន៍​ខាងលើ​នេះ គេ​មិន​ជឿ​ថា​លោក ហ៊ុន សែន នឹង​ជំរុញ​ឱ្យ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដែល​ពលរដ្ឋ​ភូមា​ចាត់ទុក​ថា​ជា​មេ​ភេរវករ​ដ៏​ឃោរឃៅ​នេះ ងាក​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​បាន​ទេ ព្រោះ​សូម្បី​លោក ហ៊ុន សែន ខ្លួន​លោក​ក៏​មិន​មែន​ជា​មេដឹកនាំ​ដែល​គោរព​សិទ្ធិមនុស្ស​អ្វី​នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ប្រារព្ធ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​ឋានៈ​កម្ពុជា គឺជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ផង​ដែរ​នោះ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នេះ​ដែរ​ថា បញ្ហា​ដែល​ធ្វើ​ឱ្យ​គេ​សង្ស័យ​លើ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង កាន់តែ​ខ្លាំង​នោះ គឺ​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​រដ្ឋមន្ត្រី​ការបរទេស​យោធា​ភូមា លោក វុនណា ម៉ោងលី្វន (Wunna Maung Lwin) កាលពី​ដើម​ខែ​ធ្នូ ថា​ជា​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​ភូមា ដែល​ជា​កំហុស​ឆ្គង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​ក្រុម​អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក វុនណា ម៉ោងលី្វន (Wunna Maung Lwin) គ្រាន់តែ​ជា​រដ្ឋមន្ត្រី​តំណាង​រដ្ឋាភិបាល​ផ្ដាច់ការ​ភូមា ដែល​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ ដូច្នេះ​រដ្ឋមន្ត្រី​ការបរទេស​រូប​នោះ​មិន​មែន​ជា​រដ្ឋមន្ត្រី​តំណាង​ឱ្យ​សាធារណរដ្ឋ​ភូមា​ដោយ​ស្រប​ច្បាប់​ដែល​ពិភពលោក និង​ពលរដ្ឋ​ភូមា​ទទួលស្គាល់​នោះ​ឡើយ។

កញ្ញា លី ស្រីស្រស់ គូស​បញ្ជាក់​ថា ដើម្បី​បំបាត់​ការ​សង្ស័យ​ខាងលើ និង​មាន​ការ​អបអរ​សាទរ​ក្នុង​ជំនួប​របស់​លោក ហ៊ុន សែន ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង នៅ​ថ្ងៃ​ទី​៨ មករា ខាងមុខ​នេះ លោក ហ៊ុន សែន មិន​ត្រូវ​បំភ្លេច​តួអង្គ​ដ៏​សំខាន់​តំណាង​ឆន្ទៈ​ពលរដ្ឋ​ភូមា គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ។ កញ្ញា លី ស្រីស្រស់ សង្កត់​ធ្ងន់​ថា ជំនួប​លោក ហ៊ុន សែន ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី គឺ​គន្លឹះ​សំខាន់​បំផុត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ហើយ​ក៏​ជា​ការ​ចង់​ឃើញ​របស់​សមាគម​អាស៊ាន​ផង និង​ប្រទេស​មហាអំណាច​លោកសេរី​ផង និង​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​ភូមា​ផង​ដែរ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លើកឡើង​ថា ជំនួប​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាមួយ​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​នោះ​ទេ ត្បិត​មេដឹកនាំ​ទាំង​ពីរ​នេះ​សុទ្ធតែ​បាន​កើត​ចេញ​មកពី​របប​សឹក​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ប្លន់​អំណាច​ដូច​គ្នា។

ជុំវិញ​បញ្ហា​នេះ គេ​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ​នូវ​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ មក។ ដើម្បី​កាន់​អំណាច​ពេញ​ដៃ​ដូច​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ពី​មេដឹកនាំ​នយោបាយ​ដទៃ​ទៀត​គ្រប់​ល្បិច​កល ដូចជា​ការ​ប្លន់​អំណាច​ពី​លោក ចាន់ ស៊ី និង​លោក ប៉ែន សុវណ្ណ ដែល​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ជាដើម។

ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​នេះ កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ផ្តួល​រំលំ​កម្លាំង​រាជា​និយម​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​ដណ្តើម​កាន់កាប់​អំណាច​ពី​ព្រះអង្គ​ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​១​របស់​កម្ពុជា​នៅ​ពេល​នោះ។

ស្រដៀង​គ្នា​នេះ របប​សឹក​ភូមា​របស់​លោក មីន អ៊ុងឡាំង បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី យ៉ាង​ព្រៃផ្សៃ ក្នុង​នោះ​របប​យោធា​នេះ​បាន​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ភូមា​ដែល​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​របប​សឹក​របស់​ខ្លួន​យ៉ាង​ឃោរឃៅ ចាប់ពី​ថ្ងៃ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក។ ជាង​នេះ​ទៀត របប​សឹក​ភូមា បាន​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ចោទប្រកាន់​ចំនួន ១១​ករណី ទាំង​ដែល​របប​សឹក​នេះ​បាន​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ជាង ១៣០០​នាក់ រួម​ទាំង​កុមារ​ផង ហើយ​មនុស្ស​ជាង ១​ម៉ឺន ១​ពាន់​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃុំឃាំង និង​បាន​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​យ៉ាង​ព្រៃផ្សៃ​ផង​ដែរ ដូចជា​បង្អត់​អាហារ បង្អត់​ទឹក សម្លាប់ និង​ចាប់​រំលោភ​ស្ត្រី ទាំង​ក្នុង និង​ក្រៅ​ពន្ធនាគារ ជាដើម។

ក្រោម​ទង្វើ​អមនុស្សធម៌​របស់​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ពលរដ្ឋ​ភូមា​បាន​ចាត់ទុក​ថា​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា​រូប​នេះ គឺជា​មេ​ភេរវករ​ដ៏​សាហាវ​ព្រៃផ្សៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ជួយ​ជ្រោមជ្រែង​មេ​ភេរវករ​ខុស​ច្បាប់​ឱ្យ​ទៅ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ គឺ​មានន័យ​ថា លោក ហ៊ុន សែន បាន​ចូលរួម​ចំណែក​ធ្វើ​បាប​ពលរដ្ឋ​ភូមា និង​ជា​ការ​លើក​តម្កើង​រដ្ឋប្រហារ​ខុស​ច្បាប់​របស់​របប​សឹក​នេះ​ឱ្យ​កាន់តែ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​កាន់តែ​ខ្លាំង​ថែម​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទង្វើ​រំលោភ​ច្បាប់​ដ៏​ព្រៃផ្សៃ​នេះ ក៏​មិន​ខុស​ពី​ទង្វើ​យង់ឃ្នង​របស់​បុរស​ខ្លាំង​កម្ពុជា​ដែរ ព្រោះ​ថា​ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ​របស់​ខ្លួន លោក ហ៊ុន សែន បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ ព្រមទាំង​បាន​វាយ​ធ្វើ​បាប​សកម្មជន​បក្ស​នេះ​រហូត​បាត់បង់​ជីវិត​ក៏​មាន បន្ទាប់​មក​នាំគ្នា​ប្លន់​យក​អាសនៈ​រដ្ឋសភា​ទាំង ៥៥ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង ៥​ពាន់​កន្លែង​របស់​បក្ស​នេះ គួរ​ឱ្យ​អាម៉ាស់​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ មាន​ការ​លើកឡើង​ជាច្រើន​ថា ពលរដ្ឋ​ភូមា​កំពុង​ធ្លាក់​ក្នុង​ការ​គំរាម​កំហែង​ដល់​ជីវិត​ពី​របប​សឹក​ដែល​បាន​ប្លន់​អំណាច​ដោយ​ខុស​ច្បាប់​ពី​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត ហេតុ​អ្វី​បាន​ជា​ពួកគេ​មិនព្រម​ទទួល​យក​ជំនួយ​ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា នៅ​ពេលនេះ? ចម្លើយ​គឺ​ថា ដោយសារ​លោក ហ៊ុន សែន មាន​ប្រវត្តិ​មិន​ស្អាតស្អំ ធ្លាប់​រំលោភ​ច្បាប់​ដូច​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង នៅ​ពេលនេះ​ដែរ។

ប្រភព​ដដែល​រិះគន់​ថា ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែ​មករា ឆ្នាំ​២០២២ នេះ គ្រាន់តែ​ដើម្បី​ជួយ​ឱ្យ​របប​យោធា​ខុស​ច្បាប់​នេះ​អាច​កាន់​អំណាច​បន្ត​ទៀត​ប៉ុណ្ណោះ មិន​មែន​ជា​ការ​រក​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ភូមា​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ប្រទេស​ប្រ៊ុយណេ ព្រះចៅ ស៊ុលតង់ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២១ កន្លងទៅ និង​ប្រទេស​ស្ថាបនិក​អាស៊ាន​មួយ​ចំនួន​ទៀត មាន​ដូចជា ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូនេស៊ី ជាដើម បាន​ជំទាស់​មិន​ឱ្យ​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​ជំនួប​កំពូល​អាស៊ាន​កាលពី​ចុង​ឆ្នាំ​២០២១ នោះ​ឡើយ ជាពិសេស​បន្ទាប់ពី​របប​សឹក​ភូមា បរាជ័យ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ប្រាំ​ចំណុច​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ជំនួប​កំពូល​មេដឹកនាំ​អាស៊ាន នៅ​រដ្ឋធានី​ហ្សាកាតា ឥណ្ឌូនេស៊ី កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ។

កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ។

យ៉ាងណាក៏ដោយ លទ្ធផល​ទៅ​ជួប​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា នៅ​ចុង​សប្តាហ៍​នេះ មិន​ដឹង​ថា​តើ​លោក ហ៊ុន សែន អាច​អង្គុយ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រធាន​ដោយ​ពេញ​មុខ ឬ​ក៏​អត់​នោះ​ទេ ខណៈ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ភូមា នៅ​ក្រៅ​ប្រទេស កំពុង​ត្រៀម​ធ្វើ​បាតុកម្ម​នឹង​វត្តមាន​របស់​លោក​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស