32 C
Phnom Penh

លោក ហ៊ុន សែន ដើរ​ជាន់​កម្រាលព្រំ​ក្រហម​លើ​ទឹកដី​ភូមា ខណៈ​ប្រជាជន​ភូមា​បាតុកម្ម​ប្រឆាំង​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ដែល​យន្តហោះ​ដឹក​មេដឹកនាំ​កម្ពុជា ចុះ​ចត​ភ្លាម​នៅ​ព្រលាន​យន្តហោះ​ភូមា នៅ​ទីក្រុង​ណៃភិដរ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា គេ​ឃើញ​មន្ត្រី​របប​សឹក​ភូមា តិចតួច​ប៉ុណ្ណោះ​មក​ទទួល​លោក ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម​ដ៏​ខ្លី​មួយ ហើយ​ចូល​ក្នុង​រថយន្ត​ដែល​មាន​រថយន្ត​អម​ពី​ក្រោយ​ជាច្រើន​គ្រឿង ជាមួយ​នឹង​ការ​ការពារ​សន្តិសុខ​យ៉ាង​ប្រយ័ត្ន​បំផុត។

បន្តិច​ក្រោយ​មក គេ​ឃើញ​លោក ហ៊ុន សែន ប្រគល់​អំណោយ​ជា​ម៉ាស់​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន​ជាង ៣​លាន​ម៉ាស់​ទៅ​ដល់​មន្ត្រី​នៃ​របប​សឹក​ភូមា ប៉ុន្តែ​គេ​ពុំ​ឃើញ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​តែង​តាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​មក​ទទួល​លោក ហ៊ុន សែន និង​មក​ទទួល​អំណោយ​របស់​កម្ពុជា​ពី​លោក ហ៊ុន សែន នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​បំផុត​ជា​អ្នក​ដែល​មក​ទទួល​លោក ហ៊ុន សែន គឺ​រដ្ឋមន្ត្រី​ការបរទេស​របស់​ពួក​យោធា​ភូមា គឺ​លោក វ៉ាន់ណា មូនល្វីន ដែល​មក​ជួប​លោក ហ៊ុន សែន នៅ​ក្រុង​ភ្នំពេញ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងមក​នេះ។

លោក ហ៊ុន សែន កំណត់​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​រយៈពេល ២​ថ្ងៃ។ សារព័ត៌មាន​ភូមា មីស៊ីម៉ា បាន​ចុះផ្សាយ​នូវ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ថា ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​ទៅកាន់​ប្រទេស​ភូមា គឺជា​ការ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាជន​ភូមា ប្រឆាំង​នឹង​វត្តមាន​របស់​លោក។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន កើតមាន​ជាច្រើន​កន្លែង និង​ទីប្រជុំ​ក្នុង​ប្រទេស​ភូមា។ បាតុករ​បាន​លើក​បដា​ដោយ​សរសេរ​ថា ភូមា និង​ប្រជាជន​ភូមា មិន​ស្វាគមន៍​ជន​ផ្ដាច់ការ​កម្ពុជា​រូប​នេះ​ទេ។ បដា​ខ្លះ​សរសេរ​ថា លោក ហ៊ុន សែន មក​កាន់​ភូមា​នេះ គឺជា​ការ​ទទួលស្គាល់​នៃ​របប​សឹក​តែប៉ុណ្ណោះ។ បដា​ខ្លះ​រៀបរាប់​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជា​អ្នក​រំលាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

យ៉ាងណា មុន​នឹង​ចាកចេញ​ពី​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មាន​ការ​អត់ធ្មត់​ពី​គ្រប់​ភាគី​ក្នុង​ប្រទេស​ភូមា ដោយ​ស្នើ​ឱ្យ​អនុវត្ត​តាម​ផែនការ​សន្តិភាព​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន។ លោក​ថា តើ​អ្នក​ចង់​ឱ្យ​ប្រទេស​របស់​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ពិតប្រាកដ ឬ​ចង់​ឱ្យ​មាន​ការ​ដោះស្រាយ។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន អំពី​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន ត្រូវ​បាន​មើល​ឃើញ​ថា លោក​លើកឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo បាន​រំឭក​លោក​នៅ​ក្នុង​ជំនួប​តាម​ខ្សែ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ ទី​៥ មករា កន្លងមក​នេះ។

ជា​ថ្មី​ម្ដង​ទៀត លោក Joko Widodo បាន​សរសេរ​បញ្ជាក់​បន្ថែម​ទៀត​នៅ​លើ Twitter របស់​លោក​ដោយ​បាន​រៀបរាប់​ថា ប្រសិនបើ​មិន​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​លើ​ផែនការ​សន្តិភាព​ទេ គឺ​មាន​តែ​អ្នក​តំណាង​ដែល​មិនមែន​ជា​អ្នក​នយោបាយ​មកពី​ភូមា​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ខាងមុខ​នេះ។

កាលពី​ខែ​តុលា មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ព្រោះ​ពុំ​បាន​ធ្វើ​ឲ្យ​រីកចម្រើន​នូវ​ការ​អនុវត្ត​គោលការណ៍​ទាំង ៥​ចំណុច​នេះ ប៉ុន្តែ​ការ​ផាត់​ចោល​តំណាង​ភូមា នាំ​ឱ្យ​លោក ហ៊ុន សែន អះអាង​ថា​តំណាង​របប​យោធា​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន។ លោ​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ឱ្យ​មេដឹកនាំ​ភូមា អាច​ចូលរួម​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ឡើងវិញ​ឲ្យ​ទាល់​តែ​បាន។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ អម​ដំណើរ​ដោយ​មន្ត្រី​ជាន់ខ្ពស់ ដូចជា​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ចម ប្រសិទ្ធ និង​មន្ត្រី​កម្ពុជា​ផ្សេង​ទៀត។ លោក ហ៊ុន សែន ត្រូវ​ជួប​ជាមួយ​នាយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការ​វិវឌ្ឍ​ថ្មីៗ​នៅ​ក្នុង​បរិបទ​អាស៊ាន។

ទាំង​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ជា​ប្រេសិត​អាស៊ាន​តែងតាំង​ដោយ​លោក ហ៊ុន សែន សម្រាប់​ប្រទេស​ភូមា មិន​បាន​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​លើ​ទឹកដី​ភូមា ដែល​មាន​រយៈពេល ២​ថ្ងៃ​នេះ​អាច​នឹង​មាន​ជំនួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ដែល​របប​យោធា​បាន​ឃុំឃាំង ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​អ្នក​នាំពាក្យ​របប​សឹក​ភូមា បាន​ប្រាប់​ហើយ​ថា ពុំ​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​អ្នកស្រី អ៊ុងសាន ស៊ូជី ឡើយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ដំបូង​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ជា​លើកដំបូង​របស់​លោក ហ៊ុន សែន ជាន់​ទឹកដី​ភូមា លោក​អះអាង​ថា លោក​មាន​តួនាទី​ជាច្រើន​ក្នុង​ការ​សម្របសម្រួល​វិបត្តិ​នៅ​ភូមា ដែល​កំពុង​កើតមាន។ លោក ហ៊ុន សែន បញ្ជាក់​ថា វិបត្តិ​នយោបាយ​ដែល​កំពុង​ក្តៅ​គគុក​នៅ​ភូមា គឺជា​ការ​ចាំបាច់​ដែល​ប្រធាន​អាស៊ាន​ត្រូវតែ​សម្របសម្រួល។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា ត្រូវ​បាន​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា អាច​មាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ ហើយ​លទ្ធផល​ខ្លះ​ទំនង​ក្រុម​ប្រឆាំង​របប​សឹក​អាច​មិន​ទទួល​យក​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស