38.8 C
Phnom Penh

ក្រុម​រិះគន់៖ បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី នោះ​នឹង​ជួយ​ឱ្យ​វៀតណាម​រស់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​លោក ហ៊ុន សែន ប្រកាស​តែងតាំង​កូនប្រុស​ច្បង​របស់​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ មេដឹកនាំ​ថ្មី​របស់​វៀតណាម បាន​នាំគ្នា​មក​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ មេដឹកនាំ​វៀតណាម បាន​ទៅ​ជួប​ជាមួយ​កូនៗ​របស់​លោក ហ៊ុន សែន ដល់​ភូមិគ្រឹះ​តែម្ដង។

ការ​ប្រកាស​តែងតាំង​កូនប្រុស​ច្បង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី នោះ​លោក​នឹង​បន្ត​បេសកកម្ម​ធំ​ពី​ឪពុក ដោយ​ជួយ​ឱ្យ​វៀតណាម​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​ទៅ​ជា​ស្រប​ច្បាប់។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ពិត​មែន នោះ​លោក​នឹង​បន្ត​បេសកកម្ម​ធំ​ពី​ឪពុក​ដោយ​ជួយ​សម្រួល​ឱ្យ​ជនជាតិ​វៀតណាម រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា ទៅ​ជា​ស្រប​ច្បាប់​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម ដោយ​មិន​គិត​ពី​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាតិ​ឡើយ។

ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រធានាធិបតី​ថ្មី​របស់​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​រយៈពេល ២​ថ្ងៃ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ មេដឹកនាំ​វៀតណាម ជួប​កូនៗ​លោក ហ៊ុន សែន នៅ​ក្នុង​គេហដ្ឋាន​ផ្ទាល់ ស្រប​ពេល​លោក ហ៊ុន សែន ប្រកាស​តែងតាំង​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក។

អំឡុង​ពេល​ទស្សនកិច្ច ប្រធានាធិបតី​របស់​វៀតណាម លោក ង្វៀន ស៊ួនហ្វុក ជួប​ជាមួយ​ពលរដ្ឋ​វៀតណាម និង​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​មិន​ស្រប​ច្បាប់ ហើយ​លោក​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ប្រញាប់​ផ្ដល់​សិទ្ធិ និង​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដែរ។

ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នា​រាជធានី​ភ្នំពេញ។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

មេដឹកនាំ​វៀតណាម តែងតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់ និង​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ ខណៈ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន វិញ​មិន​ដែល​ខ្វល់ខ្វាយ និង​លើក​ពី​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​កម្ពុជាក្រោម​ទៅ​មេដឹកនាំ​វៀតណាម​ឡើយ បើ​ទោះបី​ខ្មែរក្រោម​ត្អូញត្អែរ និង​ទទូច​ឱ្យ​លោក ហ៊ុន សែន ប្រាប់​ទៅ​វៀតណាម ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​បន្ត​ទៀត​ក៏ដោយ។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ដោយ​កត់សម្គាល់​ថា លោក ហ៊ុន សែន នៅតែ​ដឹកនាំ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​ឈ្លានពាន​របស់​វៀតណាម ទើប​បាន​ជា​នៅ​ពេល​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក លើកឡើង​ពី​ការ​លំបាក​របស់​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា លោក ហ៊ុន សែន បែរជា​មិន​ហ៊ាន​ឆ្លើយ​នឹង​ប្រធាន​រដ្ឋ​វៀតណាម និង​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ទាក់ទង​នឹង​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ទឹកដី​កំណើត​កម្ពុជាក្រោម ដែល​កំពុង​ជួប​ទុក្ខវេទនា​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម។

លោក​បន្ត​ថា កម្ពុជា​កាល​សម័យ​សម្ដេច​ព្រះ​នរោត្តម សីហនុ ដឹកនាំ​ប្រទេស ព្រះអង្គ​បាន​ទទួលស្គាល់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់ ម្ចាស់​ទឹកដី​កម្ពុជា​ដែល​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​យកចិត្ត​ទុកដាក់​ជួយ ប៉ុន្តែ​លោក ហ៊ុន សែន ពេលនេះ​បែរជា​មិន​ហ៊ាន​និយាយ​ទៅ​កាន់​ប្រធានាធិបតី​វៀតណាម ឱ្យ​គោរព​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ដែល​ជា​ម្ចាស់​ទឹកដី​កម្ពុជាក្រោម​ឡើយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ

លោក គឹម សុខ បាន​លើកឡើង​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម​មក​កម្ពុជា​នៅ​ពេល​ថ្មីៗ​នេះ មាន​គោលដៅ​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឱ្យ​ជនជាតិ​វៀតណាម​ដែល​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ ឆាប់​ទទួល​បាន​ភាព​ស្រប​ច្បាប់ បើ​ទោះបីជា​លោក ហ៊ុន សែន មិន​អាច​ជួយ​បំពេញ​បំណង​វៀតណាម ក្នុង​ការ​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ COC រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក៏ដោយ ប៉ុន្តែ​វៀតណាម​ឆ្លៀត​ឱកាស​ទាញ​យក​ផលប្រយោជន៍​ពី​កម្ពុជា​តាមរយៈ​នយោបាយ​ក្ដៅ​ក្នុង​នាម​ជា​ចៅហ្វាយ​ផង និង​ទន់ភ្លន់​ក្នុង​ឈ្មោះ​ជា​មិត្ត​ផង​ជាមួយ​លោក ហ៊ុន សែន បន្ត​ទៅ​លោក ហ៊ុន ម៉ាណែត។

លោក គឹម សុខ បញ្ជាក់​ថា នៅ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ លោក ហ៊ុន ម៉ាណែត នឹង​បន្ត​បេសកកម្ម​ធំ​ពី​លោក ហ៊ុន សែន ជា​ឪពុក​ទៀត គឺ​ជួយ​ឱ្យ​ជនជាតិ​វៀតណាម​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា ទៅជា​ស្រប​ច្បាប់។ ដូច្នេះ ប្រសិនបើ​វៀតណាម​រស់នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ ហើយ​មាន​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​កម្ពុជា​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ​នោះ ប្រទេស​កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​កាន់តែ​ខ្លាំង។

បើ​យើង​តាមដាន និង​កត់សម្គាល់​ចាប់តាំង​ពី​លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥ រហូត​ដល់​បច្ចុប្បន្ន លោក​មិន​បាន​លើក និង​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម​ឱ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​ហើយ តែ​លោក ហ៊ុន សែន បែរជា​ជួយ​សម្រួល​ដល់​ពលរដ្ឋ​វៀតណាម ដែល​ចូល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​ទទួល​បាន​ភាព​ស្រប​ច្បាប់ និង​អ្នក​ខ្លះ​មាន​សញ្ជាតិ​ខ្មែរ មាន​កន្លែង​ស្នាក់នៅ​សមរម្យ​ជាង​ពលរដ្ឋ​ខ្មែរ​ថែម​ទៀត​ផង។

ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៨ ប្រមុខ​ដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​កាត់​ដី​ចំនួន ៤០​ហិកតារ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ប្រជាជន​វៀតណាម​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លើ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង មក​រស់នៅ​លើ​គោក​ថែម​ទៀត​ផង។ លើស​ពី​នេះ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដងទន្លេ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ ប៉ុន្តែ​អំឡុង​ពេល​ជម្លៀស​នោះ​ក៏​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​បាន​នាំគ្នា​ឡើង​មក​លើ​គោក ហើយ​ទិញ​ដី ទិញ​ផ្ទះ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល ខណៈ​អ្នក​ខ្លះ​បន្ត​រស់នៅ​ក្នុង​ទឹក​ដោយ​ប្រកប​របរ​ចិញ្ចឹម​ត្រី។

សារព័ត៌មាន The Cambodia Daily បាន​ជួប​សម្ភាសន៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ខណ្ឌ​ព្រែកព្នៅ និង​ពលរដ្ឋ​វៀតណាម ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជម្លៀស​ទៅ។ ពលរដ្ឋ​វៀតណាម បាន​លើកឡើង​ថា ពួកគេ​មិន​ចង់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ឡើយ ខណៈ​អ្នក​ខ្លះ​ប្រកែក​មិន​ទៅ​តែម្ដង ដោយ​ថា​ពួកគេ​ចង់​នៅ​ប្រទេស​កម្ពុជា ទោះបី​រស់នៅ​ដោយ​ខុស​ច្បាប់​ក្ដី។

ផ្ទះ​បណ្ដែតទឹក​របស់​ជនជាតិ​វៀតណាម​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ដោយសារតែ​ជនជាតិ​វៀតណាម រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មេដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​វៀតណាម តែងតែ​ស្នើសុំ​ប្រមុខ​ដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ឱ្យ​ជួយ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម នៅ​ពេល​ដែល​ពួកគេ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្ដី ឬ​ជួប​នៅ​ប្រទេស​ផ្សេង​ក្ដី។

ទោះបីជា​ពលរដ្ឋ និង​បញ្ញវន្ត​មួយ​ចំនួន​បង្ហាញ​ក្ដី​កង្វល់ និង​ហានិភ័យ​ចំពោះ​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​ផ្ដល់​សញ្ជាតិ​ដល់​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​បាន​អើពើ​យក​ច្បាប់​មក​អនុវត្ត​លើ​ជនជាតិ​វៀតណាម​ទាំងនោះ​ឡើយ។

កាលពី​ពេល​កន្លងទៅ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​លើកឡើង​ថា ការ​ផ្ដល់​សញ្ជាតិ​ដល់​ជន​អន្តោប្រវេសន៍​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ជាមួយ​កម្ពុជា នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជួប​ហានិភ័យ​ខ្លាំង។ ក្នុង​នោះ លោក​បញ្ជាក់​ថា មិន​មាន​ប្រទេស​ណា​មួយ​ដែល​ឱ្យ​សញ្ជាតិ​ដល់​ជនបរទេស​មាន​ព្រំដែន​ជាប់​គ្នា​ឡើយ។

បណ្ឌិត សុខ ទូច បន្ត​ថា ការ​ឱ្យ​សញ្ជាតិ​ជនជាតិ​បរទេស​ទាំងនោះ គឺជា​ការ​ឱ្យ​មាន​សិទ្ធិ​អ្វីៗ​ទាំងអស់ មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជោគវាសនា មាន​សិទ្ធិ​ទិញ​ដី មាន​សិទ្ធិ​បោះឆ្នោត តើ​ក្រុម​ហ្នឹង​នឹង​ក្លាយ​ទៅ​ជា​អ្វី​នៅ​ថ្ងៃ​អនាគត​សម្រាប់​ជោគវាសនា​ប្រទេស​កម្ពុជា? ករណី​នេះ លោក​ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ពួកគេ​រស់នៅ​ប្រទេស​កម្ពុជា​ទាំង​ខុស​ច្បាប់​នោះ​ទេ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច

ចំណែក​អ្នកជំនាញ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា ការ​លើក​និង​សំណើ​របស់​មេដឹកនាំ​វៀតណាម​មក​កាន់​នាយករដ្ឋមន្ត្រី​ខ្មែរ វា​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​ខ្លួន ប៉ុន្តែ​ការ​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ និង​ភាព​ស្រប​ច្បាប់​នោះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​ដែល​មាន​ស្រាប់។ មួយ​វិញ​ទៀត កម្ពុជា​បាន​ជួប​បទពិសោធន៍​ពី​អតីតកាល​ទាក់ទិន​នឹង​រឿង​ទឹកដី​កូសាំងស៊ីន ដោយ​មាន​ការ​បែកចែក​ព្រំដែន​កម្ពុជា​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨២, ១៩៨៣, ១៩៨៥ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ពិចារណា​លើ​ជន​អន្តោប្រវេសន៍ ដែល​នេះ​វា​ជា​ចំណុច​រសើប​មួយ​នៅ​ក្នុង​នយោបាយ ជាពិសេស​ការ​បោះឆ្នោត​នា​ថ្ងៃ​ខាងមុខ និង​អនាគត។

លោក ឯម សុវណ្ណារ៉ា បន្ត​ថា ការ​បញ្ជូន​ជនជាតិ​វៀតណាម​រស់នៅ​ខុស​ច្បាប់​ដោយ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍ មិន​មាន​អ្វី​ខុស​ឡើយ ខណៈ​ករណី​នេះ​វា​ជា​បន្ទុក​របស់​មេដឹកនាំ​វៀតណាម ក្នុង​ការ​ដោះស្រាយ និង​ទទួល​យក​ជនជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ ដោយ​រក​ការងារ និង​កន្លែង​ស្នាក់​នៅ​ឱ្យ​ដែរ។ លោក​បន្ត​ថា កន្លងមក កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​ក៏​បាន​ជំរុញ​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​ដែរ ប៉ុន្តែ​ដល់​មក​ពេលនេះ មិន​ទាន់​ទៅ​អស់​ទេ ដោយសារ​វៀតណាម បាន​បិទ​ព្រំដែន​ក្រោម​ហេតុផល​ទប់ស្កាត់​កូវីដ។

កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ដោយ​តម្រូវ​ឱ្យ​អ្នក​រស់នៅ​លើ​ទឹក​ជាង ១​ពាន់​គ្រួសារ ភាគច្រើន​ជា​ជនជាតិ​វៀតណាម រើ​ចេញ​ក្នុង​ពេល ១​សប្តាហ៍។ ក្រោយ​ពី​មាន​វិធានការ​នេះ ពលរដ្ឋ​វៀតណាម​ខ្លះ​ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជម្លៀស​ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ ហើយ​ខ្លះ​ទៀត​បាន​ឡើង​គោក​រក​ទី​ជម្រក​ថ្មី និង​ខ្លះ​ទៀត​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​តាម​ច្រក​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល។ ប៉ុន្តែ​ចាប់តាំង​ពី​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ដល់​ពេល​នេះ អាជ្ញាធរ​វៀតណាម មិន​ទាន់​បើក​ច្រក​ក្អម​សំណ​ជាប់​ស្រុក​លើកដែក ខេត្ត​កណ្ដាល ទទួល​យក​ពលរដ្ឋ​ខ្លួន​ទៅវិញ​ឡើយ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២០ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បាន​លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២០ មាន​ជនបរទេស​ជាង ១៦​ម៉ឺន​នាក់​បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​សុំ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​សេចក្តី​បំភ្លឺ​ក្រសួង​មហាផ្ទៃ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រសួង​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​រស់នៅ​កម្ពុជា​ជិត ៧​ម៉ឺន​នាក់ (៦៩៩៥៧​នាក់) ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម ខណៈ​ជិត ៩​ម៉ឺន​នាក់ (៨៩៧៨៦​នាក់) កំពុង​រស់នៅ​កម្ពុជា​ដោយ​មាន​ប័ណ្ណ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍ ដែល​ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម។

លោក គឹម សុខ បាន​ផ្ដល់​អនុសាសន៍​ថា ដំណោះស្រាយ​ដែល​អាច​ការពារ​ប្រទេស​កម្ពុជា​បាន គឺ​មាន​តែ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន និង​លើក​ទឹកចិត្ត​ជាពិសេស​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទៅ​រស់នៅ​តំបន់​ជិត​ព្រំដែន ពីព្រោះ​របង​ការពារ​ព្រំដែន​ដែល​ស័ក្ដិសិទ្ធិ​ជាងគេ គឺ​ពលរដ្ឋ។ លើស​ពី​នេះ ដើម្បី​លើក​កម្ពស់​បេសកកម្ម​ការពារ​ព្រំដែន កម្ពុជា​ត្រូវ​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​ជាតិ ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​តំបន់​ក្បែរ​ព្រំដែន​ដោយ​តម្លាភាព​ផង និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​ផង និង​ជាពិសេស ហ៊ាន​ចាត់​វិធានការ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​ស្រប​តាម​ច្បាប់​ជាតិ និង​គោលការណ៍​អន្តរជាតិ ចំពោះ​និគម​ជនបរទេស​ខុស​ច្បាប់​ដែល​ចូល​មក​រស់នៅ​កម្ពុជា​បែប​ឈ្លានពាន ព្រោះ​ពួកគេ​នឹង​បង្ក​គ្រោះថ្នាក់​ធំ​ណាស់​ដល់​កម្ពុជា​នៅ​ថ្ងៃ​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស