30.4 C
Phnom Penh

លោក ហ៊ុន សែន ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ខណៈ​មតិ​រិះគន់​ថា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា ដោយ​ចោទប្រកាន់​ថា អ្នក​ដែល​ប្រឆាំង​នឹង​បទ​ឈប់​បាញ់ និង​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​ប្រទេស​ភូមា គឺ​ចង់​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​សង្គ្រាម ខណៈ​មតិ​ជាច្រើន​រិះគន់​ថា គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ការ​ប៉ុនប៉ង​បោក​បញ្ឆោត​សាធារណមតិ​ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ។

នៅ​ក្នុង​ឱកាស​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវ​ជាតិ​លេខ​៥ ប្រវែង​ជិត ៨៥​គីឡូម៉ែត្រ​តភ្ជាប់​ពី​ខេត្ត​បាត់ដំបង ទៅកាន់​ស្រុក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា នេះ លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង​នៃ​ការ​ឈប់​បាញ់​បាន​ដើរ​តួនាទី​សំខាន់​ជាង​អ្វី​ទាំងអស់​សម្រាប់​ការ​ស្វែងរក​ដំណោះស្រាយ​លើ​វិបត្តិ​ភូមា។ លោក​ថា៖ «នៅ​ពេល​បទ​ឈប់​បាញ់​ត្រូវ​បាន​ដោះស្រាយ ជំនួយ​មនុស្សធម៌​នឹង​ចូល​ទៅ​ប្រទេស​នៅ​គ្រប់​ទីកន្លែង រីឯ​ការ​សន្ទនា​ស្វែងរក​ដំណោះស្រាយ​ផ្សេង​ទៀត​ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​៥ នៃ​កុងសង់ស៊ីស​អាស៊ាន នឹង​ត្រូវ​បើក​ផ្លូវ​ផង​ដែរ»

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា វា​ជា​ការ​ល្អ​ប្រសើរ​ដោយ​មិន​មាន​អំពើ​ហិង្សា មិន​មាន​សង្គ្រាម​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​ភូមា ដែល​វា​នឹង​បង្ក​បរិយាកាស​អំណោយ​ផល​សម្រាប់​ឈាន​ខ្ពស់​ទៅ​រក​ការ​សន្ទនា​មួយ​នេះ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​នៅ​ខែ​សីហា ឆ្នាំ​២០២៣។

លោក ហ៊ុន សែន អះអាង​ថា៖ «អ្នក​ដែល​ប្រឆាំង​បទ​ឈប់​បាញ់ អ្នក​នោះ​ចង់​ឱ្យ​សង្គ្រាម​ផ្ទុះ ហើយ​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ហើយ​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ផ្ដល់​ជំនួយ អ្នក​នោះ​ចង់​ឱ្យ​មាន​មនុស្ស​ស្លាប់​ដោយ​អត់បាយ ស្លាប់​ដោយ​អត់​ថ្នាំពេទ្យ ស្លាប់​ដោយ​អត់​វ៉ាក់សាំង​ចាក់ ដូច្នេះ​អ្វី​ដែល​លោក​និយាយ គឺ​ល្មម​យល់​គ្នា​បាន​ហើយ»

លោក​ប្រកាស​ថា លោក​មិន​ប្រកាន់​ទោស​អូស​ដំណើរ​ចំពោះ​អ្វី​ដែល​ប្រជាជន​ភូមា ដែល​ខឹងសម្បា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ធ្វើ​ឲ្យ​ពួកគេ​ជាន់​ឈ្លី និង​ដុត​រូបថត​របស់​លោក​នោះ​ទេ។ លោក​ថា ក្រុម​អ្នក​ប្រឆាំង​នឹង​រូបលោក នឹង​ដឹងគុណ​លោក​នៅ​ពេល​ក្រោយ បន្ទាប់ពី​ជីវិត​ពួកគេ​ត្រូវ​បាន​សង្គ្រោះ​ពី​ភ្នក់ភ្លើង​សង្គ្រាម។

លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ មករា ដោយ​បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ក្នុង​បំណង​ចូល​រួម​ចំណែក​បញ្ចៀស​ប្រទេស​នេះ​ពី​អំពើ​ហិង្សា និង​សង្គ្រាម​ស៊ីវិល​តាមរយៈ​បទ​ឈប់​បាញ់ ព្រមទាំង​វិបត្តិ​មនុស្សធម៌​តាមរយៈ​ការ​ផ្តល់​ជំនួយ​ដល់​អ្នក​ដែល​ត្រូវការ​ដោយ​គ្មាន​ការ​រើសអើង។

លោក មីន អ៊ុងឡាំង បាន​ប្រាប់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ជំនួប​នោះ​ថា លោក​បាន​សម្រេច​ពន្យារ​ពេល​បទ​ឈប់​បាញ់​រហូត​ដល់​ចុង​ឆ្នាំ​២០២២ និង​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​អំពើ​ហិង្សា។ មេ​រដ្ឋប្រហារ​យោធា​រូប​នេះ បាន​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​ដើម្បី​សម្របសម្រួល​ដល់​ការ​ផ្ដល់​ជំនួយ និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ នៅ​ប្រទេស​ភូមា ដើម្បី​បាន​ជួប​ភាគី​ពាក់ព័ន្ធ។

ចំណែក​ឯ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​ការ​វិលត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ថា ការ​ចរចា​ជាមួយ​មេដឹកនាំ​យោធា​ភូមា​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ប្រទេស​នេះ គឺ​កម្ពុជា​ដើរតួ​ជា​អ្នក​សម្របសម្រួល​ដែល​ជា​ជំហាន​ជឿនលឿន​មួយ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន។ លោក​ថ្លែង​ថា អ្វី​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​ចរចា​ក្នុង​ការ​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​ភូមា កន្លងទៅ បាន​ទទួល​លទ្ធផល​វិជ្ជមាន​ខ្លាំង​ណាស់ ហើយ​ជា​ជំហាន​ជឿនលឿន​មួយ​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​ធ្លាប់​បាន​ឯកភាព​គ្នា។

ផ្ទុយពី​ការ​លើកឡើង​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញពី​ការ​ចាប់​ខ្លួន​របស់​តុលាការ បាន​បង្ហោះ​សារ​នៅ​លើ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមា ថ្កោលទោស​ថា​បាន​លើក​ទឹកចិត្ត​ដល់​ជន​ផ្ដាច់ការ​ដែល​ជា​មេ​រដ្ឋប្រហារ​យោធា​មាន​បាតដៃ​ប្រឡាក់​ឈាម​នៃ​របប​សឹក​ភូមា។ លោក​បន្ត​ថា អ្វី​ដែល​ពលរដ្ឋ​ភូមា​ចង់​បាន គឺ​ការ​បញ្ឈប់​នូវ​រាល់​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់​មជ្ឈដ្ឋាន ដែល​ទាមទារ​ដោយ​សន្តិវិធី​ឱ្យ​គោរព​ឆន្ទៈ​ពលរដ្ឋ ដូច​បាន​ស្តែង​ចេញ​តាមរយៈ​ការ​បោះឆ្នោត​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០២០។ ក្នុង​ការ​បោះឆ្នោត​នោះ គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​ការ​គាំទ្រ​ជាង ៨០% ពី​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស។

ប្រកាស​ព័ត៌មាន​រួម​កម្ពុជា-មីយ៉ាន់ម៉ា ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា លោក មីន អ៊ុងឡាំង បាន​ប្រកាស​ស្វាគមន៍​ការ​ចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច។

មេដឹកនាំ​ទាំង​ពីរ​បាន​ប្រកាស​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួម​មាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដើម្បី​សម្របសម្រួល​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សង្គម កាកបាទក្រហម-មីយ៉ាន់ម៉ា និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ពាក់ព័ន្ធ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​១០ មករា នេះ​ថា លោក ហ៊ុន សែន ទៅ​ភូមា ដោះស្រាយ​បាន ៣​ចំណុច​ក្នុង​ចំណោម​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន៖

  • បទ​ឈប់​បាញ់​ឯកតោភាគី​នៃ​មេដឹកនាំ​រដ្ឋប្រហារ
  • ប្រេសិត​អាស៊ាន លោក ប្រាក់ សុខុន ជួប​ជាមួយ​មេដឹកនាំ​យោធា​រដ្ឋប្រហារ
  • និង​ការ​ទទួល​ជំនួយ​មនុស្សធម៌។

លោក ម៉ែន ណាត ថ្លែង​ថា៖ «លោក ហ៊ុន សែន ទៅ​ភូមា គ្មាន​បាន​លទ្ធផល​អ្វី​ទេ​ក្រៅពី​ទៅ​សំញ៉ែង​ដើម្បី​ភូតភរ​ពលរដ្ឋ​ខ្មែរ និង​បំពេញ​ចិត្ត​ចិន ហើយ​ក៏​គ្មាន​លទ្ធផល​ពី​បទ​ឈប់​បាញ់​នោះ​ដែរ ពីព្រោះ​ធ្វើឡើង​តែ​ខាង​ភាគី​មេដឹកនាំ​រដ្ឋប្រហារ​ប៉ុណ្ណោះ ប៉ុន្តែ​ភាគី​ពលរដ្ឋ​ភូមា ជា​ភាគី​រងគ្រោះ​វិញ គឺ​មិន​យល់ស្រប​ជាមួយ​មេដឹកនាំ​ប្លន់​អំណាច និង​សម្លាប់​មនុស្ស​រង្គាល​នោះ​ទេ។ ជាក់ស្តែង​កាល​ពី​យប់​មិញ​នេះ មាន​ការ​ប៉ះទង្គិច​ផ្នែក​ប្រដាប់​អាវុធ​មួយ​ប្រាវ​ទៀត។

លោក​អះអាង​ថា ប្រេសិត​របស់​អាស៊ាន​មិន​បង្ហាញ​ជំហរ​ជួប​សម្របសម្រួល​ជាមួយ​ភាគី​របស់​លោកស្រី អ៊ុងសាន ស៊ូជី ទេ ប៉ុន្តែ​បែរជា​ជួយ​លើក​មុខមាត់​ពួក​យោធា​រដ្ឋប្រហារ​ខុស​ច្បាប់​តាម​ការ​បង្គាប់​បញ្ជា​ពី​លោក ហ៊ុន សែន ទៅវិញ។

អំពី​ជំនួយ​មនុស្សធម៌​នោះ គឺ​គេ​បាន​ធ្វើ​តាំងពី​មុន​ពេល​លោក ហ៊ុន សែន ទៅ​ដល់​ប្រទេស​ភូមា​ម្ល៉េះ ចាប់តាំង​ពី​ក្រោយ​ពេល​អាស៊ាន​សម្រេច​គោលការណ៍ ៥​ចំណុច កាលពី​ខែ​មេសា ឆ្នាំ​២០២១។ លោក​ថា៖ «ជា​សរុប លោក ហ៊ុន សែន ពិតជា​ធ្វើ​ឲ្យ​នយោបាយ​ការទូត​របស់​កម្ពុជា​អាប់​មុខមាត់​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​កាន់តែ​ខ្វែង​គំនិត​គ្នា​បន្ថែម​ទៀត»

មេដឹកនាំ​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ចេញពី​តំណែង។ អ្នកស្រី​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំង​ពី​រដ្ឋប្រហារ​មក ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទប្រកាន់​ចំនួន ១១​ករណី បើ​ទោះបីជា​អ្នកស្រី​បាន​ច្រានចោល​បទ​ចោទប្រកាន់​ទាំងអស់​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស