28 C
Phnom Penh

បទវិភាគ៖ តើ​ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​ផ្ដាច់ការ​រំលោភ​សិទ្ធិមនុស្ស?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាម​ពិត​ទៅ អំពើ​ផ្ដាច់ការ​របស់​មេដឹកនាំ បាន​ផ្តល់​នូវ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​យ៉ាង​អាក្រក់​បំផុត​ដល់​ជីវិត​ពលរដ្ឋ​ក្នុង​សង្គម ឬ​អ្នក​នៅ​ក្រោម​បង្គាប់។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​បាន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ ឬ​ចាប់​អារម្មណ៍​តិចតួច ហើយ​ពួកគេ​សុខចិត្ត​ទ្រាំ​រស់នៅ​ក្នុង​ភាព​ក្រីក្រ ភិតភ័យ ធុញថប់ និង​គ្មាន​សេរីភាព។ ទុក្ខ​លំបាក​ទាំងនេះ បាន​កើតឡើង​ដោយសារតែ​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​បាន​រំលោភ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។

ជាទូទៅ មេដឹកនាំ​ផ្ដាច់ការ​នានា​តែងតែ​ទទួល​រង​ការ​រិះគន់ ឬ​ការ​ចោទប្រកាន់​ពី​សហគមន៍​អន្តរជាតិ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​របស់​ខ្លួន។ ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ អ្នក​ខ្លះ​ត្រូវ​បាន​ចោទប្រកាន់ ឬ​ត្រូវ​ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ទៀត​ផង។ ឧទាហរណ៍ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​ស៊ូដង់ គឺ​លោក Omar al Bashir ក្នុង​ខែ​មីនា ឆ្នាំ​២០០៩ និង​បាន​ធ្វើ​ការ​ចោទប្រកាន់​មេដឹកនាំ​យោធា​ភូមា គឺ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នា​ដើម​ខែ​ធ្នូ នេះ អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

អ្នក​ប្រាជ្ញ​ក្នុង​អតីតកាល​ក៏​បន្ទោស​ប្រជាពលរដ្ឋ​ទូទៅ​ដែរ ដូចជា​វិចិត្រករ ស្ថាបត្យករ វិស្វករ ឡេអូណាដូ ដា វិនឈី (Leonardo Da Vinci) ក្នុង​សតវត្ស​ទី​១៥ ដល់​ទី​១៦ ដែល​ពោល​វាចា ហើយ​ត្រូវ​គេ​កត់ត្រា​ទុក​រហូត​ដល់​បច្ចុប្បន្ន​ថា មនុស្ស​លោក​​​មាន​បី​ប្រភេទ គឺ​អ្នក​ដែល​មើល​ឃើញ​អ្វីៗ (មិន​បាច់​បង្ហាញ) អ្នក​ដែល​មើល​ឃើញ​តែ​ពេល​ណា​គេ​បង្ហាញ និង​អ្នក​ដែល​មើល​មិន​ឃើញ​សោះ។ លោក​ពោល​វាចា​ក្រៅ​ពី​នោះ​ទៀត​ថា គ្មាន​អ្វី​ពង្រឹង​អំណាច​បាន​ខ្លាំងក្លា​ដូច​ការ​ស្ងៀមស្ងាត់​នោះ​ឡើយ។

ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ លោក ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​រង​ការ​ចោទប្រកាន់​ដោយ​សហគមន៍​ជាតិ និង​អន្តរជាតិ​អំពី​បទ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផង​ដែរ។

បុព្វកថា​ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្តី​អំពី​សិទ្ធិមនុស្ស​ផ្ដោត​ន័យ​ជា​រួម​អំពី​ការ​ទទួលស្គាល់​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ពី​កំណើត ភាព​ស្មើ​គ្នា និង​សិទ្ធិ​ជា​មូលដ្ឋាន​នានា​ដែល​មិន​អាច​ដកហូត​បាន​ពី​មនុស្ស គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព យុត្តិធម៌ និង​សន្តិភាព។ ផ្ទុយទៅវិញ ការ​មិន​ទទួលស្គាល់ ឬ​ការ​ប្រមាថ​ចំពោះ​សិទ្ធិមនុស្ស គឺជា​ប្រភព​បង្កើត​នូវ​ទង្វើ​ឃោរឃៅ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាតិ​មាន​សេចក្តី​គុំកួន​ក្តៅក្រហាយ​ខឹង​ក្រេវក្រោធ។

សេចក្តី​ប្រកាស​ជា​សកល​ស្តី​អំពី​សិទ្ធិមនុស្ស​នេះ បាន​ចែង​ថា មនុស្ស​គ្រប់រូប​សុទ្ធតែ​កើតមក​មាន​សិទ្ធិ​មូលដ្ឋាន​ចាំបាច់​មួយ​ចំនួន​ដែល​គេ​ត្រូវតែ​គោរព និង​មិន​អាច​បំពាន​បាន ដូចជា​សិទ្ធិ​ទទួល​បាន​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស សិទ្ធិ​ទទួល​បាន​ការ​រស់នៅ​សមរម្យ ការ​អប់រំ ការ​ថែទាំ​សុខភាព​ត្រឹមត្រូវ សេរីភាព និង​យុត្តិធម៌​ចំពោះ​មុខ​តុលាការ​ឯករាជ្យ ជាដើម។ ទាំងអស់​នេះ គឺជា​សិទ្ធិ​ដែល​ពលរដ្ឋ​ត្រូវតែ​ទទួល​បាន ហើយ​រដ្ឋាភិបាល​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​មាន​សិទ្ធិ​ទាំងអស់​នេះ។

ប៉ុន្តែ​ធម្មជាតិ​របស់​ជន​ផ្ដាច់ការ ពួកគេ​តែងតែ​គិត និង​ចាត់ទុក​ថា សង្គម ឬ​អង្គភាព​ដែល​ពួកគេ​កំពុង​គ្រប់គ្រង​នោះ​ជា​វត្ថុ ឬ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ខ្លួន​ជា​ម្ចាស់ ឬ​ជា​ថៅកែ​នៃ​សង្គម​នោះ។ ដូច្នេះ ជន​ផ្ដាច់ការ​តែងតែ​ធ្វើ​អ្វីៗ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ដើម្បី​តែ​មហិច្ឆតា​របស់​ខ្លួន។ គេ​អាច​បញ្ជាក់​បាន​នូវ​ការ​អះអាង​ខាងលើ​នេះ​បាន ដោយ​សំអាង​លើ​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការ​អនុវត្ត​អំណាច​របស់​ជន​ផ្ដាច់ការ​នានា​ក្នុង​ពិភពលោក ដោយ​រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ។

មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។ (រូប​ឯកសារ)

សារព័ត៌មាន The New York Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ កន្លងទៅ​នេះ​ថា មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កូរ៉េ​ខាងជើង គឺ​លោក គីម ជុងអ៊ុន បាន​ប្រកាស​ហាមប្រាម​ពលរដ្ឋ​កូរ៉េ​ខាងជើង​មិន​ឱ្យ​សើច និង​មាន​សកម្មភាព​សប្បាយៗ​ខ្លះ​ទៀត​ចំនួន ១១​ថ្ងៃ ដើម្បី​ចូលរួម​កាន់​ទុក្ខ​ខួប ១០​ឆ្នាំ​នៃ​មរណភាព​ឪពុក​របស់​ខ្លួន។

ដូច្នេះ បើ​គេ​ពិនិត្យ​មើល​អំពី​គោលការណ៍​ស្តី​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មនុស្ស​មាន​ពី​កំណើត និង​ចរិត​ធម្មជាតិ​របស់​ជន​ផ្ដាច់ការ គឺ​មាន​ភាព​ផ្ទុយគ្នា។ ឧទាហរណ៍ សិទ្ធិ​ទទួល​បាន​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស សិទ្ធិ​ទទួល​បាន​ការ​អប់រំ និង​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ត្រឹមត្រូវ សិទ្ធិ​ទទួល​បាន​សេរីភាព​ខាង​គំនិត និង​បញ្ចេញមតិ សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចំពោះ​មុខ​តុលាការ​ឯករាជ្យ គឺ​ប្រហែល​សុទ្ធតែ​ជា​អ្វី​ដែល​គ្មាន​នៅ​ក្នុង​វចនានុក្រម ឬ​បេះដូង​របស់​មេដឹកនាំ​ផ្ដាច់ការ​នោះ​ឡើយ។

ឧបមា​ថា មេដឹកនាំ​ផ្ដាច់ការ​យល់ស្រប​ថា មនុស្ស​ម្នាក់​កើត​មក​ត្រូវតែ​មាន​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​ពី​កំណើត ដែល​រដ្ឋាភិបាល​ត្រូវតែ​គោរព។ ប្រសិនបើ​គាត់​យល់ស្រប​ដោយ​សុទ្ធចិត្ត​ដូច្នោះ​មែន ដូច្នេះ​គាត់​ច្បាស់​ជា​ត្រូវ​យកចិត្ត និង​ខិតខំ​បម្រើ​ពលរដ្ឋ​ហើយ។ ប៉ុន្តែ​ការ​យកចិត្ត និង​ការ​ខំ​បម្រើ​ពលរដ្ឋ គឺជា​អ្វី​ដែល​ផ្ទុយពី​ចរិត​អញ​និយម​អាជ្ញាសិទ្ធិ​របស់​ជន​ផ្ដាច់ការ។ ជន​ផ្ដាច់ការ​តែង​គិត​ថា អ្វីៗ​ត្រូវតែ​នៅ​ក្រោម​អញ ហើយ​គ្រប់​គ្នា​ត្រូវតែ​ខ្លាច​អញ ទាំងអស់​គ្នា​ត្រូវតែ​យកចិត្ត និង​បម្រើ​អញ អញ​ខ្លាំង​ជាងគេ អញ​ខ្ពស់​ជាងគេ។ ដូច្នេះ ការ​ដែល​រំពឹង​ថា មេដឹកនាំ​ផ្ដាច់ការ​ខំ​យកចិត្ត និង​បម្រើ​ពលរដ្ឋ គឺជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ។ បើ​ជន​ផ្ដាច់ការ​មាន​ចរិត​ខំ​យកចិត្ត​ពលរដ្ឋ លុះណាតែ​ជន​ផ្ដាច់ការ​នោះ​គ្មាន​ភាព​អញ​និយម។ តែ​បើ​គាត់​គ្មាន​ភាព​អញ​និយម​មែន នោះ​វា​មាន​ន័យ​ថា គាត់​មិនមែន​ជា​ជន​ផ្ដាច់ការ​នោះ​ទេ ព្រោះ​គាត់​អាច​មាន​ចិត្ត​គិត​អំពី​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ហើយ​គាត់​ប្រាកដ​ជា​អ្នក​ការពារ​នូវ​សេចក្តី​ថ្លៃថ្នូរ​នោះ​ហើយ។ ប៉ុន្តែ​ដើម្បី​ធានា​នូវ​ការ​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស គេ​ត្រូវ​គិត​អំពី​យន្តការ​ការពារ​យុត្តិធម៌​ជូន​មនុស្ស ដូចជា​តុលាការ​ឯករាជ្យ ជាដើម។

យ៉ាងណាមិញ បើ​សង្គម​មួយ​មាន​តុលាការ​ឯករាជ្យ ពេល​នោះ​មនុស្ស​ក្នុង​សង្គម ទោះ​ធំ​តូច​ក្តី គឺ​អាច​នឹង​មាន​ឱកាស​ទទួល​បាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ក៏​អាច​ទទួល​បាន​ការ​ការពារ​ដោយ​ច្បាប់។ បើ​ដូច្នេះ​មែន អំណាច ឬ​ឥទ្ធិពល​របស់​មេដឹកនាំ​ត្រូវ​បាន​កាត់បន្ថយ ពោល​គឺ​មិន​អាច​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត ឬ​របៀប​អញ​និយម​បាន​ឡើយ។

នោះ​មិនមែន​ជា​អ្វី​ដែល​មេដឹកនាំ​ផ្ដាច់ការ​ចង់​បាន​ឡើយ ហើយ​វា​ក៏​ជា​អ្វី​ដែល​ផ្ទុយ​ទាំងស្រុង​ពី​ចរិត​ធម្មជាតិ​របស់​ជន​ផ្ដាច់ការ​នោះ​ដែរ។ ដូច្នេះ ក្នុង​របប​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​ប្រាកដ​ជា​មិន​អាច​អនុញ្ញាត​ឱ្យ​មាន​តុលាការ​ឯករាជ្យ ឬ​សិទ្ធិ​សេរីភាព​អ្វី​ទេ ព្រោះ​វា​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ប្រើប្រាស់​អំណាច​ស្រេច​តែ​ចិត្ត ឬ​ភាព​អញ​និយម ឬ​អាជ្ញាសិទ្ធិ​និយម​របស់​ខ្លួន។

នេះ​ហើយ​ជា​មូលហេតុ​ចម្បង​ដែល​មេដឹកនាំ​ផ្ដាច់ការ​ត្រូវតែ​រំលោភ​សិទ្ធិមនុស្ស ហើយ​ពលរដ្ឋ​ដែល​រស់​ក្នុង​សង្គម​ផ្ដាច់ការ តែងតែ​រង​ទុក្ខវេទនា​តាម​រូបភាព​ផ្សេងៗ​បណ្តាល​មក​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ឬ​ការ​បំពាន​ជាច្រើន។ អ្នកនិពន្ធ​រឿង​ប្រឌិត​ខ្លីៗ​ជនជាតិ​អាមេរិកាំង​ឈ្មោះ Philip Kindred Dick (១៩២៨-១៩៨២) ពោល​ថា «ក្នុង​សង្គម​មួយ​ដែល​សម្បូរ​ពោរពេញ​ដោយ​ឧក្រិដ្ឋជន (អ្នក​រំលោភ​បំពាន​គេ​ដោយ​ខុស​ច្បាប់) អ្នក​ស្លូតត្រង់​ច្បាស់​ចូល​ពន្ធនាគារ​រាល់​ថ្ងៃ​មិន​ខាន​ទេ»

សម្រាប់​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស គេ​ឲ្យ​និយមន័យ​ថា ការ​រំលោភ​សិទ្ធិមនុស្ស គឺជា​អំពើ​ដែល​កើតឡើង​តាមរយៈ​ការ​បំពាន ឬ​វាយប្រហារ​លើ​រាងកាយ និង​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្ដី។ ការ​វាយប្រហារ​លើ​រាងកាយ​មាន​ដូចជា ការ​ចាប់​ដាក់​គុក ឬ​ការ​ធ្វើ​ទារុណកម្ម​ផ្សេងៗ។ ការ​វាយប្រហារ​ដោយ​ពាក្យ​សម្ដី​មាន​ដូចជា ការ​គំរាមកំហែង សំឡុត​បំភ័យ ការ​លាប​ពណ៌​មួលបង្កាច់ ឬ​ការ​ប្រមាថ​មាក់ងាយ​នរណា​ម្នាក់។ ក្រុមប្រឹក្សា​សហគមន៍​បាន​បញ្ជាក់​ចំណុច​នេះ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា ការ​វាយប្រហារ​ដោយ​ពាក្យ​សម្ដី គឺជា​អំពើ​ហិង្សា។

ជាទូទៅ គេ​ក៏​វាយតម្លៃ​អ្នក​ណា​ម្នាក់​ថា​ជា​ជន ឬ​មេដឹកនាំ​ផ្ដាច់ការ តាមរយៈ​ការ​វាយតម្លៃ​ទៅលើ​ការ​ដឹកនាំ និង​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​រូប​នោះ ដូចជា​លោក ហ៊ុន សែន ជាដើម។

សម្រាប់​ការ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ លោក​គួរ​គ្រប់គ្រង​ប្រទេស​តាមរយៈ​ក្រសួង និង​ស្ថាប័ន​នានា​ដែល​ជា​សេនាធិការ​នៃ​ការ​អនុវត្ត​អំណាច​តាម​ច្បាប់​កំណត់។ ប៉ុន្តែ​លោក ហ៊ុន សែន សម្រេច​គ្រប់​រឿង និង​បញ្ជា​ស្រេច​តែ​នឹង​ទំនើង​ចិត្ត ដោយ​មិន​ខ្វល់​អំពី​ច្បាប់ ឬ​ការងារ​បច្ចេកទេស​ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង ឬ​ស្ថាប័ន​ទាំងនោះ​ឡើយ រួម​ទាំង​ស្ថាប័នរដ្ឋ​សភា និង​តុលាការ​ផង។

លោក ហ៊ុន សែន បាន​ប្រមូល​ផ្តុំ​អំណាច​ទាំងអស់ ហើយ​ប្រើ​អំណាច​ទាំង​បំពាន ដោយ​ចាត់ទុក​ស្ថាប័ន​រដ្ឋ​ទាំងអស់​ជា​យន្តការ​បម្រើ​ដាច់ថ្លៃ ឬ​សម្រាប់​តែ​ការពារ​អំណាច​ផ្ទាល់ខ្លួន​របស់​គាត់​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស