ក្រុមអ្នកសង្កេតការណ៍ព្រមានថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើល្បិចរៀបចំសេណារីយូដាក់លិខិតកោះហៅតំណាងរបបសឹកខុសច្បាប់ភូមា ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានមុនមួយថ្ងៃ ឬពីរថ្ងៃនៃកិច្ចប្រជុំ ដោយមិនជូនដំណឹងឱ្យតំណាងប្រទេសផ្សេងៗដឹងជាមុន ដើម្បីបញ្ចៀសការមិនចូលរួមរបស់តំណាងប្រទេសជាសមាជិកអាស៊ានទាំងនោះ វាប្រាកដណាស់សម្ពន្ធភាពអាស៊ាននឹងបែកបាក់ដោយចៀសមិនផុតនោះឡើយ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១០ ខែមករា ថា ការធ្វើដំណើរទស្សនកិច្ចទៅប្រទេសភូមារបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺគ្រាន់តែជាការគិតពីប្រយោជន៍មុខមាត់របស់ខ្លួន និងប្រយោជន៍របស់បងធំចិន ដែលនៅពីក្រោយខ្នងប៉ុណ្ណោះ មិនមែនជាទស្សនកិច្ចដើម្បីដោះស្រាយវិបត្តិដែលកំពុងតែកើតមាននៅប្រទេសភូមា ដើម្បីអាស៊ាននោះទេ។
លោក គឹម សុខ អះអាងថា បំណងពិតប្រាកដរបស់លោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសភូមានេះ គឺមិនមែនមានបំណងដោះស្រាយវិបត្តិនៃការរំលោភសិទ្ធិមនុស្សនៅភូមានោះឡើយ ប៉ុន្តែលោក ហ៊ុន សែន គ្រាន់តែចង់ឱ្យរបបសឹកដែលបានសម្លាប់ពលរដ្ឋភូមាដ៏ឃោរឃៅនោះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងមានការទទួលស្គាល់ពីសមាគមអាស៊ានប៉ុណ្ណោះ ព្រោះថាតាមប្រវត្តិនៃការដឹកនាំរបស់បុរសខ្លាំងនៅកម្ពុជារូបនេះ មិនមែនជាមេដឹកនាំដែលគោរពលើកស្ទួយសិទ្ធិមនុស្សនោះទេក្នុងការកាន់កាប់អំណាចជាង ៤០ឆ្នាំរបស់ខ្លួនកន្លងមក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់បុរសខ្លាំងនៅកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសភូមា ដើម្បីជួយសម្រួលស្ថានការណ៍នៃរបបសឹកឱ្យមានការទទួលស្គាល់ពីប្រទេសជាសមាជិកអាស៊ានកាលពីពេលថ្មីៗនេះ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា លទ្ធភាពនៃការបែកបាក់របស់សមាគមអាស៊ាន កំពុងតែរីកធំឡើងៗ ជាពិសេសក្រោយទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា កាលពីពេលថ្មីៗនេះ ក្នុងនោះមេដឹកនាំកម្ពុជាក៏ទទួលរងនូវភាពអាម៉ាស់មិនតិចដែរ បើទោះបីមន្ត្រីរដ្ឋាភិបាលកម្ពុជាខំនាំគ្នាប្រកាសថា ទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមានោះទទួលបានជោគជ័យក៏ដោយ។
លោក សុខ សុគន្ធ អះអាងថា ប្រសិនបើលោក ហ៊ុន សែន បន្តទស្សនកិច្ចក្នុងប្រទេសភូមា កាន់តែយូរ លោកនឹងទទួលរងនូវភាពអាម៉ាស់កាន់តែខ្លាំង ព្រោះថាគ្រាន់តែលោក ហ៊ុន សែន ត្រឡប់ទៅកម្ពុជាវិញភ្លាម របបសឹកខុសច្បាប់ភូមា បានចាប់ផ្តើមបាញ់ប្រហារលើពលរដ្ឋភូមាភ្លាមៗ។ បន្ថែមពីនេះ របបសឹកក៏បានបន្ថែមទោសលើអ្នកស្រី អ៊ុងសាន ស៊ូជី ថែមទៀតពីលើទោសដែលមានស្រាប់នាពេលកន្លងមក។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជារូបនេះ បញ្ជាក់ថា ទង្វើរបស់របបសឹកភូមាដែលមិនបានគោរពតាមការសន្យាជាមួយលោក ហ៊ុន សែន លើបទឈប់បាញ់ និងបន្ថែមទោសលើអ្នកស្រី អ៊ុងសាន ស៊ូជី បែបនេះ គឺមានន័យថា របបសឹករបស់លោក មីន អ៊ុងឡាំង មិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា ដើម្បីដោះស្រាយវិបត្តិនៅភូមានោះឡើយ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន សែន បានជួបជាមួយមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ក្នុងបេសកកម្មដោះស្រាយវិបត្តិជូនពលរដ្ឋភូមា ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា មានលទ្ធផលវិជ្ជមានតិចតួចប៉ុណ្ណោះ ប៉ុន្តែការរិះគន់ និងការប្រឆាំងចំពោះដំណើរទស្សនកិច្ចនេះមានទំហំយ៉ាងធំធេង។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន សែន អះអាងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសភូមា ទទួលបានជោគជ័យលើសពីការរំពឹងទុក ក្នុងនោះលោកក៏បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយ ឈ្នះឈ្នះ របស់លោកនៅកម្ពុជាផងដែរ។
ជុំវិញបញ្ហានេះ មានសំណួរជាច្រើនបានចោទសួរថា តើជំនួបរវាងលោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង អាចចាត់ទុកជាជោគជ័យដូចលោក ហ៊ុន សែន បានអះអាងដែរឬទេ? ព្រោះថាក្រោយទស្សនកិច្ចរបស់លោក ហ៊ុន សែន បានពីរថ្ងៃ កងទ័ពភូមា បានប្រើឧទ្ធម្ភាគចក្របាញ់មីស៊ីលទៅលើក្រុងឡយក រដ្ឋកាយ៉ា ដោយបញ្ជាក់ថា មានកងទ័ពក្រុមជនជាតិភាគតិចការ៉ែន (KNDF) កំពុងលាក់ខ្លួននៅទីនោះ។
ជាងនេះទៀត តុលាការរបបសឹកយោធាមីយ៉ាន់ម៉ា ក៏បានកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ឃុំ ៤ឆ្នាំបន្ថែមទៀតផងដែរកាលពីថ្ងៃចន្ទ ទី១០ មករា នេះ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការខិតខំរបស់លោក ហ៊ុន សែន ក្នុងការជួយមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ឲ្យជាតំណាងប្រទេសភូមាស្របច្បាប់ក្នុងសមាគមអាស៊ាន គឺក្នុងចេតនាប៉ុនប៉ងបំបែកបំបាក់អាស៊ានឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាយក្សចិនតែប៉ុណ្ណោះ ព្រោះថាអ្វីដែលមហាអំណាចកុម្មុយនីស្តចិន ចង់បាននោះ គឺរបបសឹកខុសច្បាប់ភូមា អាចកាន់កាប់អំណាចបន្តទៀតដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ចិន ទៅថ្ងៃអនាគត។
ជាក់ស្តែង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ បានអះអាងថា ភាគីចិនបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងបញ្ហានៅប្រទេសភូមា។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកប្រទេសភូមា ជាសមាជិកនៃគ្រួសារអាស៊ានដោយស្របច្បាប់ ហើយចិនសូមគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាភូមា តាមវិធីអាស៊ានដ៏សមស្រប ដោយអនុវត្តកុងសង់ស៊ីស ៥ចំណុចឱ្យកាន់តែល្អប្រសើរក្រោមក្របខ័ណ្ឌអាស៊ាន៕