34 C
Phnom Penh

បទវិភាគ៖ តើ​អ្វី​ជា​លទ្ធផល​នៃ​បេសកកម្ម​ដោះស្រាយ​បញ្ហា​ភូមា​របស់​លោក ហ៊ុន សែន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ហា​ក្នុង​ប្រទេស​ភូមា​បច្ចុប្បន្ន​នេះ បាន​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​កាលពី​ចុង​ឆ្នាំ​២០២០។ ពួក​យោធា​ដែល​គ្រប់គ្រង​អំណាច​ផ្ដាច់ការ និង​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​បាន​បាត់បង់​អំណាច​ដោយ​សន្លឹកឆ្នោត ក៏​ព្រោះ​តែ​ពលរដ្ឋ​ភូមា​ស្អប់​ខ្ពើម។

ការ​ធ្វើ​រដ្ឋប្រហារ​ដើម្បី​កាន់​អំណាច​របស់​ពួក​យោធា​នោះ ទទួល​បាន​ការ​ប្រឆាំង​ដ៏​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​ភូមា និង​សហគមន៍​អន្តរជាតិ។ សមាគម​អាស៊ាន​ដែល​តែងតែ​មិន​អើពើ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​នោះ ក៏​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ចំពោះ​មេដឹកនាំ​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង (Ming Aung Lhaing) ដែល​កំពុង​គ្រប់គ្រង​អំណាច និង​ថែមទាំង​ផាត់​របប​សឹក​មួយ​នេះ​ចេញពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទៀត​ផង។

ការ​សម្រេច​របស់​អាស៊ាន​បែប​នេះ គឺជា​ការ​ឆ្លើយតប​នឹង​របប​យោធា​ដែល​មិន​គោរព​តាម​កិច្ចព្រមព្រៀង ៥​ចំណុច​ដែល​ខ្លួន​បាន​ទទួល​យក ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ប៉ុន្តែ​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ផ្ទុយពី​ជំហរ​របស់​មេដឹកនាំ​អាស៊ាន។

ក្រុម​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​យក​អំណាច​ពី​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១។ រដ្ឋប្រហារ​នោះ​បាន​កើតឡើង​បន្ទាប់ពី​គណបក្ស​របស់​អ្នកស្រី​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ភ្លូក​ទឹក​ភ្លូក​ដី​កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ។ ការ​ប្លន់​អំណាច​របស់​ពួក​យោធា បាន​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​ភូមា​ទូទាំង​ប្រទេស និង​សហគមន៍​អន្តរជាតិ ជាពិសេស​សមាគម​អាស៊ាន។

ដើម្បី​ការពារ​អំណាច​ខុស​ច្បាប់​របស់​ខ្លួន ពួក​យោធា​ភូមា​បាន​បង្ក្រាប​ក្រុម​បាតុករ​អហិង្សា​យ៉ាង​ឃោរឃៅ។ បើ​គិត​ត្រឹម​ដំណាច់​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា នេះ ក្រុម​យោធា​បាន​សម្លាប់​ពលរដ្ឋ​ភូមា ប្រមាណ ១៤០០​នាក់ ដោយ​រួម​ទាំង​កុមារ ស្ត្រី និស្សិត និង​យុវជន។

មេដឹកនាំ​យោធា លោក មីន អ៊ុងឡាំង (Ming Aung Hlaing) ត្រូវ​បាន​គេ​ថ្កោលទោស​ជុំវិញ​ពិភពលោក​ចំពោះ​អំពើ​យង់ឃ្នង​របស់​លោក ក្នុង​ការ​សម្លាប់​ពលរដ្ឋ​ខ្លួនឯង។ កាលពី​ដើម​ខែ​ធ្នូ កន្លងទៅ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ធ្វើការ​ចោទប្រកាន់​លោក មីន អ៊ុងឡាំង អំពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។

មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កាលពី​ដើម​ខែ​មករា កន្លងមក​នេះ សមាជិក​សភា​ជាប់​ឆ្នោត​នៃ​រដ្ឋ​មន​របស់​ប្រទេស​ភូមា គឺ​លោក Min Tun Min Aung បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​កាន់​លោក ហ៊ុន សែន។ ក្នុង​លិខិត​នោះ លោក Min Tun Min Aung បាន​ហៅ​មេ​រដ្ឋប្រហារ​ភូមា លោក មីន អ៊ុងឡាំង ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​ដ៏​អាក្រក់​ហួស​ប្រមាណ និង​មិន​មែន​ជា​មនុស្ស ហើយ​ប្រាប់​លោក ហ៊ុន សែន កុំ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​ជន​ផ្ដាច់ការ​រូប​នេះ។

ស្រដៀង​នឹង​សមាជិក​សភា​ភូមា​រូប​នេះ បណ្តា​មេដឹកនាំ អ្នក​នយោបាយ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ផែនការ​របស់​លោក ហ៊ុន សែន អំពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​ជួប​មេដឹកនាំ​ផ្ដាច់ការ លោក មីន អ៊ុងឡាំង។

ទោះជាយ៉ាងណា​ក្តី មេដឹកនាំ​ផ្ដាច់ការ​ខ្មែរ​មិន​ខ្វល់​អំពី​សេចក្តី​កង្វល់ និង​ហេតុផល​ដែល​លើកឡើង​ដោយ​សហគមន៍​អន្តរជាតិ​ឡើយ។ លោក ហ៊ុន សែន មិន​ខ្វល់​នឹង​មតិ​ទាំងនោះ និង​គោលការណ៍​អ្វី​ឡើយ គឺ​លោក​មានះ និង​បំពាន​ទៅ​លើ​ការ​សម្រេច​ចិត្ត​រួម​របស់​អាស៊ាន។ ត្រង់​ចំណុច​នេះ អ្នក​សង្កេតការណ៍​អះអាង​ថា វា​ជា​ចរិត​ធម្មជាតិ​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​បំពាន​ច្បាប់ និង​ធ្វើអ្វីៗ​ស្រេច​តែ​ទំនើង​ចិត្ត​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ក្នុង​ឆាក​អន្តរជាតិ ជាពិសេស​ក្នុង​សហគមន៍​អាស៊ាន លោក ហ៊ុន សែន អាច​នឹង​ទទួល​រង​ប្រតិកម្ម​តប និង​ភាព​ឯកោ​កាន់តែ​ខ្លាំង​ពី​សំណាក់​សមាជិក​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​ដទៃ​ទៀត។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​បញ្ជាក់​ជំហរ​របស់​ឥណ្ឌូនេស៊ី ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៤ ខែ​មករា។ លោក Widodo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​លោក ហ៊ុន សែន អំពី​ជំហរ​របស់​ឥណ្ឌូនេស៊ី ជុំវិញ​សារសំខាន់​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​កុងសង់ស៊ីស ៥​ចំណុច​របស់​អាស៊ាន ក្នុង​ការ​នាំមក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រទេស​ភូមា តាមរយៈ​កិច្ចសន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោក​ព្រមាន​លោក ហ៊ុន សែន ថា ប្រសិនបើ​គ្មាន​ការ​វិវឌ្ឍ​ជា​ដុំ​កំភួន​ស្ដីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥​ចំណុច​របស់​អាស៊ាន​នេះ​ទេ នោះ​បុគ្គល​ដែល​អាច​ធ្វើជា​អ្នក​តំណាង​របស់​ប្រទេស​ភូមា មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺ​មិន​មែន​ជា​អ្នក​នយោបាយ​ឡើយ។

សារព័ត៌មាន​របស់​ថៃ Bangkok Post បាន​ចុះផ្សាយ​ថា មេដឹកនាំ​អាស៊ាន និង​លោក មីន អ៊ុងឡាំង បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង ៥​ចំណុច​កាលពី​ខែ​មេសា ឆ្នាំ​មុន។ ចំណុច​ទាំង​ប្រាំ​នោះ​រួម​មាន៖

  • ទី​១៖ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់។
  • ទី​២៖ ចាប់ផ្ដើម​ការ​សន្ទនា​ប្រកប​ដោយ​ស្ថាបនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។
  • ទី​៣៖ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​ការ​សម្រុះសម្រួល​នៃ​ដំណើរការ​រៀបចំ​កិច្ចសន្ទនា ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។
  • ទី​៤៖ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌។
  • និង​ទី​៥ គឺ​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ប៉ុន្តែ​មេដឹកនាំ​យោធា លោក មីន អ៊ុងឡាំង មិន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង និង​មិន​ខ្វល់​ពី​អ្វី​ដែល​ខ្លួន​បាន​សន្យា​នោះ​ឡើយ។ ការ​បំពាន​របស់​ជន​ផ្ដាច់ការ​រូប​នេះ បាន​បង្កើន​សម្ពាធ​ពី​អាស៊ាន និង​សហគមន៍​អន្តរជាតិ​កាន់តែ​ខ្លាំង។

កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​មុន រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ដោយ​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​របប​យោធា​ភូមា ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន ដោយសារ​តែ​មេដឹកនាំ​យោធា​រូប​នេះ​មិន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង ៥​ចំណុច​ដែល​ខ្លួន​បាន​យល់ព្រម​ហើយ​នោះ។ ស្រដៀង​គ្នា​នេះ​ដែរ មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ ក៏​បាន​ពន្យារពេល​ក្នុង​ការ​សម្រេច​ទទួលស្គាល់​ភាគី​ណា​មួយ​ជា​តំណាង​ស្រប​ច្បាប់​របស់​ភូមា។

ដូច្នេះ បើ​គេ​មើល​ជំហរ​របស់​មេដឹកនាំ​ផ្ដាច់ការ​ខ្មែរ លោក ហ៊ុន សែន និង​ជំហរ​របស់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​ចំពោះ​បញ្ហា​ភូមា គឺ​មាន​ភាព​ខុស​គ្នា។ លោក ហ៊ុន សែន មិន​ខ្វល់​នឹង​អ្វី​ដែល​ខុស ឬ​ត្រូវ និង​អ្វី​ជា​ច្បាប់ ឬ​កិច្ចព្រមព្រៀង​អ្វី​ឡើយ ព្រោះ​នេះ​ជា​ទម្លាប់ និង​របៀប​ដែល​គាត់​បាន​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​ជិត ៤០​ឆ្នាំ​កន្លងមក។

ចំពោះ​សហគមន៍​អន្តរជាតិ អ្នកស្រី អ៊ុងសាន ស៊ូជី ជា​មេដឹកនាំ​ស្រប​ច្បាប់​នៃ​ប្រទេស​ភូមា ព្រោះ​គណបក្ស​របស់​អ្នកស្រី​បាន​ឈ្នះ​ឆ្នោត​ដោយ​ពលរដ្ឋ​ភូមា តាម​គោលការណ៍​ប្រជាធិបតេយ្យ រីឯ​ពួក​យោធា គឺជា​អ្នក​គ្រប់គ្រង​អំណាច​ខុស​ច្បាប់​តាមរយៈ​រដ្ឋប្រហារ។

នេះ​ជា​មូលហេតុ​ដែល​មេដឹកនាំ​អាស៊ាន និង​សហគមន៍​អន្តជាតិ​ដទៃ​ទៀត​មិន​អាច​ទទួលស្គាល់​ការ​គ្រប់គ្រង​អំណាច​របស់​មេ​យោធា​ភូមា លោក មីន អ៊ុងឡាំង និង​កាន់តែ​បន្ត​ដាក់​សម្ពាធ​លើ​ជន​ផ្ដាច់ការ​រូប​នេះ ដោយសារ​តែ​គាត់​មិន​បាន​គោរព​នូវ​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​យល់ព្រម​នោះ​ឡើយ។

ប៉ុន្តែ​ចំណុច​មួយ​ដែល​គេ​គួរ​ចាប់អារម្មណ៍​នោះ គឺ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន ដែល​ជា​អ្នក​កាង​ពួក​យោធា​ភូមា បែរជា​នៅ​ស្ងៀម​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន សុខចិត្ត​ប្រឈម​ជាមួយ​មេដឹកនាំ​អាស៊ាន និង​សហគមន៍​អន្តរជាតិ ដើម្បី​តែ​ជន​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង?

បើ​គេ​ពិនិត្យ​មើល​ជំហរ​របស់​លោក ហ៊ុន សែន ចំពោះ​បញ្ហា​ប្រទេស​ភូមា គឺ​មាន​ភាព​ត្រឡប់​ត្រឡិន។ មុន​ពេល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា កាលពី​ដើម​ខែ​មករា លោក ហ៊ុន សែន អះអាង​ថា លោក​ចង់​ឃើញ​អាស៊ាន​មាន ១០​ប្រទេស គឺ​ក្នុង​ចេតនា​ចង់​ឲ្យ​របប​រដ្ឋប្រហារ​ភូមា ចូល​ប្រជុំ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​យល់ព្រម​ជាមួយ​អាស៊ាន​កាលពី​ខែ​តុលា ឆ្នាំ​២០២១ អំពី​ការ​មិន​អនុញ្ញាត​ឱ្យ​របប​ផ្ដាច់ការ​យោធា​នៅ​ភូមា ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ឡើយ។

ភាព​ត្រឡប់ត្រឡិន​នេះ អាច​ជា​មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ទូរស័ព្ទ​មក​រំឭក​លោក ហ៊ុន សែន អំពី​ជំហរ និង​គោលការណ៍​អាស៊ាន មុន​ពេល​ដែល​ជន​ផ្ដាច់ការ​ខ្មែរ​រូប​នេះ​ចេញ​ដំណើរ​ទៅ​ជួប​ជន​ផ្ដាច់ការ​ភូមា។

ជា​ធម្មតា ប្រទេស​ចិន​មាន​ផលប្រយោជន៍​ច្រើន​ជាមួយ​របប​សឹក​ភូមា និង​តែងតែ​ចេញ​មុខ​ការពារ​របប​នេះ។ ប៉ុន្តែ​ពេលនេះ ប្រទេស​ចិន​បែរជា​នៅ​ស្ងៀម​ទៅ​វិញ ប្រហែលជា​របប​សឹក​មួយ​នេះ​ទទួល​បាន​នូវ​ការ​ប្រឆាំង​ខ្លាំងក្លា​ពី​ពលរដ្ឋ​ភូមា ពី​សហគមន៍​អន្តរជាតិ និង​ប្រហែល​ពិបាក​រក​លេស​ការពារ​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​ពួក​មេ​រដ្ឋប្រហារ។

ជាមួយ​គ្នា​នេះ ការ​ដែល​ចិន​ស្ថិត​ឆ្ងាយ​ពី​ពួក​យោធា ក៏​អាច​ជា​ការ​រក្សា​មុខមាត់​របស់​ចិន និង​កាត់បន្ថយ​ការ​ស្អប់​ចិន​កាន់តែ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ភូមា។ ប្រសិនបើ​ការ​វិភាគ​បែប​នេះ​ពិត ដូច្នេះ​លោក ហ៊ុន សែន កំពុង​យក​ឈ្មោះ​កម្ពុជា​ធ្វើជា​ឈ្នាន់ និង​កូនជឹង​របស់​ចិន ដើម្បី​តែ​ផលប្រយោជន៍​ចិន​ប៉ុណ្ណោះ។

បើ​គេ​ពិនិត្យ​មើល​សេចក្តី​ប្រកាស​រួម​រវាង​មេដឹកនាំ​ផ្ដាច់ការ​ខ្មែរ​លោក ហ៊ុន សែន និង​មេដឹកនាំ​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង គេ​អាច​យល់​អំពី​បំណង​ដោះស្រាយ​បញ្ហា​ភូមា​របស់​លោក ហ៊ុន សែន។

ក្នុង​សេចក្តី​ប្រកាស​រួម​រវាង​មេដឹកនាំ​ផ្ដាច់ការ​ទាំង​ពីរ គេ​សង្កេត​ឃើញ​ចំណុច​តែ​ពីរ​ប៉ុណ្ណោះ​ដែល​ហាក់ដូចជា​សាច់ការ ហើយ​ក្រៅពី​នោះ​សុទ្ធតែ​ជា​អ្វី​ដែល​ជន​ផ្ដាច់ការ​ទាំង​ពីរ​រៀបរាប់​អំពី​អំនួត​រៀងៗ​ខ្លួន។ ចំណុច​ពីរ​នោះ គឺ​ទាក់ទិន​នឹង​ការ​ប្រកាស​បទ​ឈប់​បាញ់ និង​ការ​រៀបចំ​ឲ្យ​មាន​ការ​ចែក​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ភូមា​ដែល​កំពុង​រងគ្រោះ។

ចំណុច​ទី​មួយ​ស្ដីពី​ការ​ប្រកាស​បទ​ឈប់​បាញ់ គឺជា​ការ​ប្រកាស​ជា​ឯកតោភាគី​របស់​មេដឹកនាំ​ផ្ដាច់ការ លោក មីន អ៊ុងឡាំង ដែល​កំពុង​គ្រប់គ្រង​អំណាច។ ជា​ការពិត សង្គ្រាម​ដែល​ផ្ទុះឡើង​រវាង​ពួក​យោធា​ភូមា និង​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​រដ្ឋ ឬ​តំបន់​នៃ​ជនជាតិ​ផ្សេងៗ​នោះ គឺជា​ការ​ប្រឆាំង​នឹង​អំពើ​រដ្ឋប្រហារ​ប្លន់​អំណាច​របស់​លោក មីន អ៊ុងឡាំង។ ជា​ធម្មតា មេដឹកនាំ​រដ្ឋប្រហារ​តែងតែ​ចង់​បាន​អំណាច​ផង និង​គ្មាន​ការ​តវ៉ា​ផង។ ម្យ៉ាង​ទៀត លោក មីន អ៊ុងឡាំង កំពុង​គ្រប់គ្រង​ទឹកដី​ភាគច្រើន​លើសលប់ និង​ទ្រព្យសម្បត្តិ​ជាតិ​របស់​ភូមា។ ដូច្នេះ ការ​ប្រកាស​នូវ​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​របស់​លោក មីន អ៊ុងឡាំង គឺជា​ការ​ចង់​បាន​របស់​គាត់​ក្នុង​ការ​រក្សា​អ្វី​ដែល​គាត់​កំពុងតែ​មាន ដោយ​គ្មាន​ការ​ប្រឆាំង។

នេះ​ជា​ចំណុច​មួយ​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​អ៊ីចឹង​ដែរ។ ដូច្នេះ បទ​ឈប់​បាញ់​ដែល​លោក មីន អ៊ុងឡាំង ប្រកាស​នោះ មិន​មែន​ដំណោះស្រាយ​ដើម្បី​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ភូមា​ទេ។

ជាមួយ​គ្នា​នេះ​ដែរ លោក មីន អ៊ុងឡាំង បាន​ប្រកាស​យល់ព្រម​ឱ្យ​មាន​ការ​ទទួល និង​ផ្តល់​ជំនួយ​មនុស្សធម៌​អន្តរជាតិ​ដល់​ប្រជាពលរដ្ឋ​ភូមា។ ស្រដៀង​គ្នា​នឹង​ចំណុច​ទី​មួយ​ដែរ អ្វី​ដែល​លោក មីន អ៊ុងឡាំង បាន​ប្រកាស​នោះ ហាក់ដូចជា​គាត់​កំពុង​ចាត់ទុក​ខ្លួនឯង​ជា​អ្នក​គ្រប់គ្រង​អំណាច​ស្រប​ច្បាប់ ហើយ​អ្វីៗ​ត្រូវតែ​គាត់​ជា​អ្នក​ចាត់ចែង ដោយ​មិន​ខ្វល់​អំពី​តួនាទី ឬ​អំពើ​ខុស​ច្បាប់​របស់​ខ្លួន ឬ​យន្តការ​ដ៏​គួរ​ទុកចិត្ត និង​តម្លាភាព​ណា​មួយ ដើម្បី​គ្រប់គ្រង​ដំណើរការ​នៃ​បទ​ឈប់​បាញ់ និង​ជំនួយ​មនុស្សធម៌​ទាំងនោះ​ឡើយ។

ចំណុច​នេះ​ក៏​ជា​អ្វី​ដែល​មេដឹកនាំ​ផ្ដាច់ការ​ខ្មែរ​កំពុង​ធ្វើ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ ដែល​លោក ហ៊ុន សែន ហៅថា​យុទ្ធសាស្ត្រ ឈ្នះ​ឈ្នះ។ តាមរយៈ​យុទ្ធសាស្ត្រ​នេះ លោក ហ៊ុន សែន ប្រមូល​ផ្តុំ​អំណាច​ដោយ​គ្រប់គ្រង​ព្រះមហាក្សត្រ រដ្ឋសភា តុលាការ និង​កម្ចាត់​អ្នក​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​បក្ស។ ដូច្នេះ យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន គឺជា​ការ​ប្រើ​អំណាច​ផ្ដាច់ការ​ឃោរឃៅ និង​អ្វីៗ​ជា​របស់​អញ ហើយ​ត្រូវតែ​តាម​អញ។

ប៉ុន្តែ​រឿង​របស់​ភូមា មិន​មែន​ជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ដែល​លោក ហ៊ុន សែន មាន​អំណាច​ដាច់មុខ ដោយ​ចង់​ធ្វើ​អ្វី​ស្រេចតែចិត្ត​នោះ​ទេ។ ជា​សក្ខីភាព ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី បាន​រំឭក និង​ព្រមាន​លោក ហ៊ុន សែន ជា​មុន​អំពី​គោលការណ៍ និង​ជំហរ​អាស៊ាន​សម្រាប់​ប្រទេស​ភូមា។ បើ​គេ​មើល​តាម​ចរិត​របស់​លោក ហ៊ុន សែន និង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​កម្ពុជា-ភូមា​នោះ គេ​អាច​យល់​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​ជួយ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​ឱ្យ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា។

ដូច្នេះ លទ្ធផល​ដែល​លោក ហ៊ុន សែន អះអាង​ថា​ជួយ​ដោះស្រាយ​បញ្ហា​ភូមា​នោះ គឺ​ការ​សម្របសម្រួល​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​មេដឹកនាំ​យោធា​ភូមា លោក មីន អ៊ុងឡាំង ការ​អូស​បន្លាយ​ពេលវេលា​ជាមួយ​សហគមន៍​អន្តរជាតិ ដោយ​វិធី​និយាយ​ត្រឡប់​ត្រឡិន​ម្តង​ទៅ​មុខ ម្តង​ទៅ​ក្រោយ និង​ការ​បង្កើន​ទុក្ខវេទនា​ដល់​ពលរដ្ឋ​ភូមា។ តែ​អ្វី​ដែល​លោក ហ៊ុន សែន ទទួល​បាន​សម្រាប់​ខ្លួនឯង​វិញ​នោះ គឺ​គាត់​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ចិន​កាន់តែ​ខ្លាំង ហើយ​គាត់​ក៏​ប្រឈម​នឹង​ការ​ខ្វែង​គំនិត​គ្នា​កាន់តែ​ធំ​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស