28 C
Phnom Penh

ជប៉ុន​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​បន្ត​កើត​មាន​នៅ​ភូមា ទោះ​មេ​រដ្ឋប្រហារ​សន្យា​ឱ្យ​មាន​បទ​ឈប់​បាញ់

បទវិភាគ

ជប៉ុន ចាប់ផ្ដើម​និយាយ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​ភូមា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ទី​៧ ខែ​មករា។

នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ហៅ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ភូមា ថា​ជា​ការ​ខិតខំ​មួយ​ដ៏​ធំ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ប៉ុន្តែ​លោក​សម្ដែង​ការ​សោកស្ដាយ​ដោយសារ​តែ​ហិង្សា​នៅ​ប្រទេស​ភូមា កាន់តែ​ធ្ងន់​ឡើង ទោះ​ជា​មេ​យោធា​ដាក់​សំណើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ជប៉ុន ដែល​ត្រូវ​បាន​សារព័ត៌មាន​ប្រទេស​សិង្ហបុរី The Strait Times ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១២ មករា នេះ។

តាម​សេចក្ដី​ថ្លែងការណ៍​នេះ លោក​រដ្ឋមន្ត្រី Hayashi បាន​ហៅ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ថា​បាន​នាំ​នូវ​ពាក្យ​ថា​បទ​ឈប់​បាញ់​គ្នា​ជាមួយ​នឹង​កងកម្លាំង​ជនជាតិ​ដើម​ភាគតិច។ លោក​រដ្ឋមន្ត្រី​ការបរទេស Hayashi បាន​អំពាវនាវ​ដល់​ពួក​យោធា​ភូមា បញ្ឈប់​អំពើ​ហិង្សា និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ជប៉ុន ជា​ប្រទេស​មួយ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ទី​១ ជាមួយ​ភូមា ប៉ុន្តែ​អំឡុង​ពេល​ភូមា ធ្លាក់​ក្នុង​អំពើ​ហិង្សា និង​សង្គ្រាម​ស៊ីវិល​ចាប់តាំង​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ អ្នក​វិនិយោគ​ជប៉ុន​ភាគច្រើន​បាន​សម្រេច​ព្យួរ​គម្រោង​វិនិយោគ​របស់​ខ្លួន​ជាច្រើន តែ​ជប៉ុន​គឺជា​ប្រទេស​ដ៏​ខ្លាំង​មួយ​ដែរ​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​ចិន នៅ​អាស៊ី​អាគ្នេយ៍។

មក​ដល់​ពេលនេះ ជប៉ុន​នៅតែ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​យោធា​ផង និង​ជាមួយ​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​របប​សឹក​ផង។ សម្រាប់​ពួក​យោធា​ភូមា រដ្ឋាភិបាល​ជប៉ុន មិន​បាន​ផ្ដល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​ទូត​នៃ​របប​សឹក​នេះ​ចូល​ប្រទេស​ជប៉ុន ដើម្បី​ប្រគល់​សាតាំង​ក្នុង​នាម​ទូត​របស់​ពួក​យោធា​នោះ​ទេ។ ជប៉ុន នៅតែ​ទទួលស្គាល់​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី។

ក្រោយ​ពី​លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ភូមា ដែល​ធ្វើ​ឱ្យ​របប​សឹក​បង្ហាញ​ឆន្ទៈ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា គេ​សង្កេត​ឃើញ​ប្រទេស​ធំ​ចំនួន​ពីរ​នៅ​តំបន់​អាស៊ី បាន​ប្រកាស​គាំទ្រ​កម្ពុជា​ក្នុង​បេសកកម្ម​ស្វែងរក​ដំណោះស្រាយ​លើ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា។ ចិន និង​ឥណ្ឌា បាន​គាំទ្រ​កម្ពុជា​ក្នុង​ការ​រក​ដំណោះស្រាយ​នៅ​ភូមា តាមរយៈ​ការ​អនុវត្ត​កុងសង់ស៊ីស ៥​ចំណុច​របស់​សមាគម​អាស៊ាន។

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា លោក Wang Wenbin អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន បាន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា។ អ្នក​នាំពាក្យ​រូប​នេះ​ចាត់ទុក​ជា​ដំណើរ​ទស្សនកិច្ច​ប្រកប​ដោយ​ជោគជ័យ។

អ្នក​នាំពាក្យ​ចិន​រូប​នេះ​បាន​ហៅ​ភូមា ជា​សមាជិក​នៃ​គ្រួសារ​អាស៊ាន ហើយ​សម្រាប់​ភាគី​ចិន សូម​គាំទ្រ​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​សមាជិក​មួយ​នេះ​តាមរយៈ​ការ​អនុវត្ត​កុងសង់ស៊ីស ៥​ចំណុច​ដោយ​ស្រប​នឹង​ក្របខ័ណ្ឌ​អាស៊ាន។ លើស​ពី​នេះ​ទៀត ភាគី​ចិន អះអាង​ថា​នឹង​គាំទ្រ​ពេញ​ទំហឹង​ដល់​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​អាស៊ាន ក្នុង​តួនាទី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅ​ភូមា តាមរយៈ​ការ​សន្ទនា​គ្នា។

នៅ​អាស៊ី ប្រទេស​មួយ​ទៀត​ដែល​ជា​ប្រទេស​ធំ​ដូច​ប្រទេស​ចិន​ដែរ គឺ​ប្រទេស​ឥណ្ឌា។ ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​ភូមា ដល់​ទៅ ១៦៤៣​គីឡូម៉ែត្រ។ ប្រទេស​ធំ​នេះ​បាន​អះអាង​ថា ក្រុង​ញូវដេលី កំពុង​យកចិត្ត​ទុកដាក់​អំពី​ស្ថានការណ៍​សឹក និង​នយោបាយ​នៅ​ភូមា ដែល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​កំពុង​សម្របសម្រួល​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​ភូមា។

សម្រាប់​ឥណ្ឌា សូម​គាំទ្រ​តួនាទី​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ដែល​កម្ពុជា​កំពុង​ស្វែងរក​ដំណោះស្រាយ​នៅ​ភូមា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា។

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា ឥណ្ឌា​ប្រកាន់​ជំហរ​ដូចនេះ​ក្នុង​ជំនួប​មួយ​តាម​ទូរស័ព្ទ​រវាង​លោក ប្រាក់ សុខុន និង​លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា កាល​ថ្ងៃ​ទី​១០ មករា។ ជា​ការ​កត់សម្គាល់ ប្រទេស​ដែល​មាន​សក្ដានុពល ទាំង​ជប៉ុន ចិន និង​ឥណ្ឌា គឺ​ប្រភព​ជំនួញ​ដ៏​ធំ​នៅ​ប្រទេស​ភូមា។

សម្រាប់​ឥណ្ឌា និង​ជប៉ុន ជា​ប្រទេស​ដែល​មិន​ចង់​ឃើញ​ភូមា បន្ត​ធ្លាក់​នៅ​ក្រោម​របប​សឹក​នោះ​ទេ។ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ ធ្លាប់​បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​ទៅ​មិញ​នេះ​ថា នឹង​ជួយ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​របប​សឹក ហើយ​សន្យា​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា ឡើង​វិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស