32.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​បណ្តាល​ឱ្យ​ពលករ​ខ្មែរ​នៅ​ជប៉ុន​រស់​ស្មើ​នឹង​ទាសករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ ត្អូញត្អែរ​ថា ការ​ព្រងើយ​កន្តើយ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បណ្តាល​ឱ្យ​ជីវិត​ពលករ​ខ្មែរ​ចំណាកស្រុក​ក្នុង​ប្រទេស​ជប៉ុន រស់​ស្មើ​នឹង​ទាសករ​របស់​រោងចក្រ ដែល​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ អំពើ​ហិង្សា រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត។

សមាជិក​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ថា ពលករ​ខ្មែរ​ភាគច្រើន​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន​សព្វថ្ងៃ​នេះ រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ខាង​ក្រុមហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​ណា​ទាំងអស់ ក្នុង​នោះ​សូម្បី​ពួកគេ​សុំ​ផ្លាស់ប្ដូរ​ការងារ​ទៅ​រោងចក្រ​ផ្សេង​ក៏​មាន​ការ​រារាំង និង​គំរាមកំហែង​ពី​ខាង​ក្រុមហ៊ុន​ថែម​ទៀត។

អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា រៀបរាប់​ថា ពលករ​ខ្មែរ​ទាំងនោះ​គ្មាន​សិទ្ធិ​ទាមទារ​លក្ខខណ្ឌ​ការងារ​សមស្រប​ពី​ខាង​រោងចក្រ​នោះ​ឡើយ ដូច្នេះ​ពួកគេ​តែង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​ហួស​កម្រិត ប៉ុន្តែ​ប្រាក់​ការងារ​ទទួល​បាន​តិចតួច។ អ្នកស្រី​បន្ត​ថា នៅ​ពេល​ដែល​កម្មករ​ខ្មែរ​សុំ​ឱ្យ​ខាង​រោងចក្រ​គោរព​សិទ្ធិ​ការងារ ថៅកែ​ក្រុមហ៊ុន​តែង​គំរាម​ដេញ​ពួកគេ​ឱ្យ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ។ លើស​ពី​នេះ ថៅកែ​រោងចក្រ​តែង​ប្រើ​អំពើ​ហិង្សា​ទៅលើ​ពួកគេ​ផង​ដែរ ដូចជា​វាយ​ពលករ​ខ្មែរ​ទាំងនោះ​នឹង​ដែក​ឧបករណ៍​សំណង់ ជាដើម។

សមាជិក​សហជីព​រូប​នេះ​បញ្ជាក់​ថា ស្ថិត​ក្រោម​ការ​ធ្វើ​បាប​របស់​ថៅកែ​ក្រុមហ៊ុន ពលករ​ខ្មែរ​មាន​តែ​ទ្រាំ​ធ្វើការ​ទាំង​ការ​គំរាមកំហែង ទាំង​គ្មាន​ច្បាប់​ការពារ ហាក់បីដូចជា​ទាសករ​ដែល​ត្រូវ​គេ​ទិញ​យក​មក​ធ្វើការ​ដាច់ថ្លៃ​ដូច្នោះ​ដែរ ព្រោះ​ថា​ទាំង​ថៅកែ​រោងចក្រ និង​សមាគម​ដែល​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន ខ្លះ​សុទ្ធតែ​ព្យាយាម​កេងប្រវ័ញ្ច​ទៅ​លើ​កម្លាំង​ពលករ​ខ្មែរ​ដូច​គ្នា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន សព្វថ្ងៃ​នេះ ត្រូវ​រង​ការ​ជិះជាន់​ពី​ខាង​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​យ៉ាង​ធ្ងន់ធ្ងរ រហូត​មាន​អ្នក​ខ្លះ​សម្លាប់​ខ្លួន​ដោយសារ​ទ្រាំ​មិន​បាន​ពី​ការ​ធ្វើ​បាប​របស់​ថៅកែ​រោងចក្រ​ថែម​ទៀត។

មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១១ មករា នេះ​ដែរ​ថា បញ្ហា​ដែល​នាំ​ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន រង​ការ​ធ្វើ​បាប​ពី​ថៅកែ​ក្រុមហ៊ុន ដោយសារ​លក្ខខណ្ឌ​ការងារ​របស់​ប្រទេស​ជប៉ុន ដែល​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ទៅ​បម្រើ​ការ​នៅ​ទីនោះ គឺ​ធ្វើឡើង​ក្នុង​នាម​ជា​សិក្ខាកាម​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការពិត ពលករ​ខ្មែរ​ទាំងនោះ​មិន​មែន​ជា​អ្នក​ហាត់ការ​ដូច​ក្នុង​លក្ខខណ្ឌ​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​ការ​ជា​ពលករ​សុទ្ធសាធ ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ជាបន្ទាន់។

មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់​រូប​នេះ អះអាង​ថា ក្រុមហ៊ុន​ងាយ​នឹង​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​បាន​យ៉ាង​ងាយស្រួល ត្បិត​ពួកគេ​សំអាង​ថា ពលករ​ទាំងនោះ​មិន​មែន​ជា​កម្មករ​នោះ​ទេ គ្រាន់តែ​ជា​សិក្ខាកាម​ហាត់ការ​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត សិក្ខាកាម​ទាំងនោះ​ក៏​មិន​ស្ថិត​ក្នុង​ច្បាប់​ការងារ​ណា​មួយ​របស់​ពលករ​នោះ​ដែរ។

លោក​បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចុះ​អនុសារណៈ​យោគយល់ ឬ MOU ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ជា​ផ្លូវការ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ធានា​ឱ្យ​ពលករ​ខ្មែរ​ទទួល​បាន​ការ​ការពារ​សិទ្ធិ​ការងារ​ពេញលេញ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ដើម្បី​ចៀសវាង​ការ​ធ្វើ​បាប​ពី​ក្រុមហ៊ុន​ដែល​ពួកគេ​បម្រើ​ការ​ផង​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០២១ ពលករ​ខ្មែរ​ដែល​បម្រើ​ការ​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន​ក្រុមហ៊ុន​ខាង​វេច​ខ្ចប់​ម្ហូបអាហារ​បាន​បញ្ឈប់​ទាំង​បង្ខំ និង​បាន​ចាប់​បញ្ជូន​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​មិន​បង់​ប្រាក់​សំណង ទោះបីជា​កិច្ចសន្យា​ការងារ​របស់​ពលករ​ទាំងនោះ​ជាមួយ​ក្រុមហ៊ុន​នៅ​មាន​សុពលភាព​នៅឡើយ​ក្ដី។ ក្រៅពី​នេះ ក្រុមហ៊ុន​ក៏​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលករ​ទាំងនោះ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា គឺជា​រដ្ឋាភិបាល​អសមត្ថភាព​មួយ​ប៉ុណ្ណោះ មិន​ត្រឹមតែ​មិន​អាច​បង្កើត​ការងារ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ ហើយ​ក៏​គ្មាន​សមត្ថភាព​ជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត ដែល​ពលករ​ខ្មែរ​តែង​រង​ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​វិធី​ផ្សេងៗ រហូត​ពួកគេ​មិន​អាច​ទ្រាំទ្រ​បាន​ឈាន​ទៅ​ដល់​ធ្វើ​អត្តឃាត​ខ្លួនឯង​ក៏​មាន

ក្រុម​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ទាក់ទង​ទៅ​ពួកគេ ប្រសិនបើ​ពលករ​ណា​ម្នាក់​ត្រូវការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ខាង​ក្រុមហ៊ុន ហើយ​ក៏​ជា​វិធី​តែ​មួយ​គត់​ផង​ដែរ​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក្នុង​ការ​ការពារ​ពី​ការ​ជិះជាន់​របស់​ថៅកែ​រោងចក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស