34.8 C
Phnom Penh

អតីត​ប្រធាន​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េ​ខាងត្បូង ប្រកាស​វិល​ចូល​ស្រុក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ បើ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​របស់​លោក​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ក្ដី។

អតីត​ប្រធាន​ចលនា​យុវជន​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មករា នេះ​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា លោក​ត្រូវ​មក​រួម​រស់​ជាមួយ​ក្រុម​គ្រួសារ​វិញ ហើយ​លោក​ក៏​មិន​ចង់​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ទៀត​ក្រៅពី​ប្រទេស​កំណើត​របស់​ខ្លួន​នោះ​ដែរ។

លោក​បាន​លើកឡើង​ថា ការ​វិល​ត្រឡប់​ទៅ​រស់នៅ​កម្ពុជា​វិញ​នេះ គឺ​មិន​មាន​មូលហេតុ​អី​ផ្សេង​ក្រៅពី​ការ​ចង់​រស់នៅ​ជុំ​ក្រុម​គ្រួសារ​លើ​ទឹកដី​កំណើត​របស់​លោក​វិញ​នោះ​ទេ ពីព្រោះ​លោក​មិន​ដែល​មាន​បំណង​ចង់​រស់នៅ​ប្រទេស​ទី​២ ឬ​ទី​៣ ឡើយ។ លោក​ថា សាលក្រម​ជម្រះ​រឿងក្ដី​លោក នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៧ ខាងមុខ​នេះ តែ​លោក​នៅតែ​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ទាំងឡាយ​លើ​រូបលោក ព្រោះ​ថា​លោក​មិន​មាន​ទោស​កំហុស​អ្វី​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

នេះ​ជា​សម្ដី​ផ្ទាល់​របស់​លោក យឹម ស៊ីណន ដែល​បាន​ផ្ញើ​មក​ឲ្យ The Cambodia Daily «ពិត​ណាស់ ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ ទី​១៤ ចុង​សប្តាហ៍​នេះ​ហើយ។ នយោបាយ​ប្រៀប​បាន​ជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស ដូច្នេះ​ការ​មិន​គិតគូរ ឬ​ប្រឡូក​ក្នុង​នយោបាយ​របស់​ពលរដ្ឋ ស្មើ​នឹង​ការ​មិន​គិត​ពី​ឆ្នាំងបាយ​ខ្លួនឯង​អ៊ីចឹង​ដែរ»

លោក​បន្ត​ថា «សម្រាប់​ជំហរ​រួមផ្សំ​នឹង​ការ​ស្រឡាញ់​វិស័យ​នយោបាយ​ផង​នោះ ខ្ញុំ​នៅតែ​បន្ត​ធ្វើ​នយោបាយ​សម្រាប់​បម្រើ​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន។ ប៉ុន្តែ​ក្នុង​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កំពុង​ស្ថិត​ក្នុង​ជម្លោះ​នៃ​ការ​ខ្វែង​ទស្សនៈ​គ្នា​បង្ក​ជា​កម្តៅ​ឆេះ​រោល​បែប​នេះ ខ្ញុំ​មិន​ទាន់​មាន​គោលដៅ​ក្នុង​ការ​ប្រឡូក​ក្នុង​នយោបាយ​នៅឡើយ​ទេ ខ្ញុំ​នឹង​រង់ចាំ​មើល​ស្ថានការណ៍​ធូរស្រាល​បន្តិច​សិន ចាំ​គិត​ទៀត។ ម្យ៉ាង​វិញ​ទៀត ដោយសារ​បែក​ពី​គ្រួសារ​យូរ ខ្ញុំ​ចង់​យក​ពេលវេលា​ឲ្យ​បាន​ច្រើន ដើម្បី​នៅ​ជាមួយ​គ្រួសារ​មួយ​រយៈ​ផង​ដែរ។ ការ​វិល​ត្រឡប់​ទៅ​រស់នៅ​កម្ពុជា​វិញ​នេះ អត់​មាន​មូលហេតុ​អី​ផ្សេង​ក្រៅពី​ការ​ចង់​រស់នៅ​ជុំ​ក្រុម​គ្រួសារ​លើ​ទឹកដី​កំណើត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​នោះ​ទេ។ ព្រោះ​ខ្ញុំ​មិន​ដែល​មាន​បំណង​ចង់​រស់នៅ​ប្រទេស​ទី​២ ឬ​ទី​៣ ក្រៅពី​កម្ពុជា​នោះ​ទេ។ តុលាការ​បាន​បើក​ជម្រះ​ក្តី​ខ្ញុំ និង​អតីត​សហការី​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា រួច​ហើយ សាលក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១៧ ខាងមុខ​នេះ ខ្ញុំ​នៅតែ​សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ទាំងឡាយ​មក​លើ​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​មាន​ទោស​កំហុស​អ្វី​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។ ក្នុង​ស្ថានភាព​នេះ ខ្ញុំ​ចង់​យក​ពេលវេលា​នៅ​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន​សិន រឿង​បក្ស​នយោបាយ​ខ្ញុំ​នៅ​មិន​ទាន់​បាន​គិត​នៅឡើយ​ទេ»

កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ លោក យឹម ស៊ីណន និង​ក្រុម​របស់​លោក​ចំនួន ៩​នាក់​ផ្សេង​ទៀត បាន​ផ្ញើ​លិខិត​មួយ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដក​ការ​ចោទប្រកាន់​ទាំងឡាយ​ទៅលើ​ពួកគេ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លិខិត​របស់​លោក យឹម ស៊ីណន ពេល​នោះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ជូន​ទៅ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ​មើល និង​ដោះស្រាយ ប៉ុន្តែ​មកទល់​ពេលនេះ តុលាការ​នៅ​មិនទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស