28.5 C
Phnom Penh

ផែនការ​កម្ពុជា​យក​ពួក​យោធា​ភូមា​ចូលរួម​ប្រជុំ​និង​ចាត់ទុក​មេ​រដ្ឋប្រហារ​ជា​នាយករដ្ឋមន្ត្រី​ជា​ចំណុច​រុញ​ឱ្យ​អាស៊ាន​បែកបាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿង​ដ៏​អាម៉ាស់​មួយ​ធ្លាក់​មក​លើ​កម្ពុជា គឺ​ការ​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​គ្រោងទុក ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ។

តាម​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍ អាច​មក​ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក​អាស៊ាន​មួយ​ភាគធំ​ធ្វើ​ពហិការ​ប្រជុំ ដោយសារ​តែ​កម្ពុជា​ដែល​មាន​ឋានៈ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ព្យាយាម​អូស​តំណាង​របប​សឹក​ភូមា មក​ចូលរួម​ប្រជុំ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​យោធា Wunna Maung Lwin ហើយ​បើ​អាច​ធ្វើ​បាន គឺ​កម្ពុជា​នឹង​អូស​យក​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​ឃាតក​ដៃ​ប្រឡាក់​ឈាម​របស់​ជនជាតិ​ភូមា​រាប់​ពាន់​នាក់ មក​ចូលរួម​ប្រជុំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ អាច​មក​ពី​កម្ពុជា​ទទួលស្គាល់​លោក មីន អ៊ុងឡាំង ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ភូមា។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​គណៈប្រតិភូ​កម្ពុជា និង​របប​សឹក​ភូមា កាលពី​ថ្ងៃ​ទី​៧ ខែ​មករា កន្លងមក។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​សរសេរ​ថា លោក មីន អ៊ុងឡាំង ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មីយ៉ាន់ម៉ា។ បើ​តាម​គេហទំព័រ​របស់​ក្រុម​អ្នកវិភាគ The diplomat ក្រុម​រដ្ឋាភិបាល​ឯកភាព​ជាតិ​ប្រទេស​ភូមា ដែល​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​របប​សឹក ពួកគេ​បាន​បញ្ជូន​ញត្តិ​តវ៉ា​ចំពោះ​ការ​ហៅ​លោក មីន អ៊ុងឡាំង ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មីយ៉ាន់ម៉ា ទៅ​ជូន​ប្រទេស​មេដឹកនាំ​សមាជិក​អាស៊ាន ជាមួយ​នឹង​ការ​ប្រឆាំង​កម្ពុជា​ដែល​មាន​ផែនការ​ស្ទូង​របប​សឹក​ឱ្យ​ឡើង​មក​លើ​វេទិកា​អាស៊ាន​វិញ។

ទំនង​ដូចនេះ​ហើយ​បាន​ជា​ប្រទេស​សមាជិក​អាស៊ាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ការបរទេស​អាស៊ាន ដែល​គ្រោង​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប នៅ​សប្ដាហ៍​ក្រោយ ទោះបី​ពួកគេ​មាន​ហេតុផល​មិន​ឡូស៊ីក​មួយ​ដែល​ថា ជាប់​រវល់​កិច្ចការ​ក្នុង​ប្រទេស មិន​អាច​ធ្វើ​ដំណើរ​មក​ចូលរួម​ប្រជុំ​ក៏ដោយ។

សំណួរ​មួយ​ទៀត ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជុំ​តាម Online មិន​អាច​ធ្វើ​បាន​ដែរ?

បើ​តាម​កាសែត​បរទេស និង​ក្រុម​អ្នកវិភាគ ការ​លើក​ពេល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​មិន​ចុះ​សម្រុង​គ្នា ដោយ​ពួកគេ​ជំទាស់​ការ​ដែល​កម្ពុជា​អញ្ជើញ​តំណាង​របប​យោធា​ភូមា ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ។

សារព័ត៌មាន The diplomat បាន​សរសេរ​ថា ប្រទេស​ប្រ៊ុយណេ សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​ប្រឆាំង​ផែនការ​ណា​មួយ​បញ្ចូល​តំណាង​របប​យោធា​ភូមា មក​ចូល​អង្គុយ​ក្នុង​កិច្ចប្រជុំ​ណា​មួយ​របស់​អាស៊ាន​ឡើងវិញ។

ចំណែក​ប្រទេស​ថៃ និង​វៀតណាម ស្ថិតនៅ​ក្នុង​ចំណុច​កណ្ដាល។ មាន​ន័យ​ថា ប្រទេស​ពីរ​នេះ​ចង់​បង្ហាញ​ខ្លួន​គេ​ថា​ខ្លួន​គេ​ស្ថិត​ក្នុង​ជំហរ​អនុបវាទ។ ដោយឡែក​ប្រទេស​ឡាវ ដែល​មាន​និន្នាការ​ខ្លាំង​ទៅ​រក​ចិន ដូច​កម្ពុជា​ដែរ គឺ​បាន​គាំទ្រ​កម្ពុជា​ក្នុង​កម្រិត​មិន​ច្បាស់លាស់។

ប្រទេស​អាស៊ាន​ទាំង ៥ នេះ គឺជា​អ្នក​ចេញ​មុខ​ផាត់​ចោល​តំណាង​របប​សឹក​ចេញ​មិន​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ចុង​ខែ​តុលា ឆ្នាំ​ទៅ​មិញ​នេះ។ ប្រទេស​ទាំងនេះ​សម្ដែង​កំហឹង​ដោយសារ​តែ​លោក មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ​បាន​ចាប់​ឃុំ​ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ឈ្នះ​ការ​បោះឆ្នោត និង​ចាប់​អ្នក​នយោបាយ​របស់​គណបក្ស​អ្នកស្រី​រាប់​រយ​នាក់​ទៀត​ដាក់​ពន្ធនាគារ នៅ​គ្រា​ដែល​ប្រជាជន​ភូមា​រាប់​ពាន់​នាក់ ដែល​ងើប​តវ៉ា ត្រូវ​បាន​សម្លាប់​ក្រោម​ស្នាដៃ​របប​សឹក។

ពេល​នោះ ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​ប្រ៊ុយណេ អាស៊ាន​បាន​បោះ​ជំហាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​ធ្វើការ​ដក​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ចេញពី​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយសារ​តែ​មេដឹកនាំ​រដ្ឋប្រហារ​រូប​នេះ​មិន​បាន​អនុវត្ត​នូវ​អ្វី​ដែល​ជា​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ប្រទេស​ភូមា។

នៅ​ពេល​ភ្នាក់ងារ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​សួរនាំ​ដំណើរ​ទៅ​រក​ការ​បែកបាក់​ក្នុង​ចំណោម​សមាជិក​អាស៊ាន លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ត្រឹម​និយាយ​ថា ការ​ពន្យារ​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន គឺ​ដោយសារ​រដ្ឋមន្ត្រី​ខ្លះ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​ប្រជុំ។

ការ​បកស្រាយ​របស់​អ្នក​នាំពាក្យ​រូប​នេះ បាន​នាំ​ឱ្យ​មាន​ការ​វិភាគ និង​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​អំពី​យុទ្ធសាស្ត្រ​របស់​កម្ពុជា ដែល​បុរស​ខ្លាំង​ម្នាក់ គឺ​លោក ហ៊ុន សែន ដឹកនាំ​ប្រតិភូ​ទៅ​ជួប​មេ​រដ្ឋប្រហារ​ភូមា ដែល​ពិភពលោក​ថ្កោលទោស​យ៉ាង​ខ្លាំង ហើយ​ម្យ៉ាង​ទៀត មេដឹកនាំ​យោធា​ភូមា​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ដីកា​ចោទប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ទៅលើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា។

ក្រៅពី​នេះ របប​សឹក​កំពុង​រង​ការ​ចោទ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​បាតុករ​អហិង្សា ដោយ​សម្លាប់​មនុស្ស​ជាង ១៤០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់។

កាលពី​ឆ្នាំ​២០២១ ប្រទេស​ប្រ៊ុយណេ បាន​ស្នើ​ឲ្យ​ផាត់​ចោល​របប​សឹក​មិន​ឱ្យ​ចូល​ប្រជុំ​អាស៊ាន ដោយ​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ។ តែ​សម្រាប់​កម្ពុជា​ដែល​កាន់​តំណែង​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​ប្រកាស​ធ្វើការ​ជាមួយ​របប​សឹក​ភូមា ហើយ​សន្យា​យក​របប​សឹក​នេះ​ត្រឡប់​មក​វិញ​ទៀត​ផង។ នយោបាយ​ការបរទេស​របស់​លោក ហ៊ុន សែន ពុំ​អាច​រក​ប្រទេស​ណា​ចេញ​មុខ​មក​គាំទ្រ​ឡើយ ទោះ​ប្រទេស​ឡាវ ក៏ដោយ។

ដោយ​ចង់​ឈ្នះ​នឹង​រឿង​នេះ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​កាន់​ទីក្រុង​ណៃពិដោរ កាលពី​សប្តាហ៍​មុន ដែល​នាំ​ឲ្យ​ប្រជាជន​ភូមា ប្រតិកម្ម​ជា​ខ្លាំង ដោយ​ពួកគេ​ធ្វើ​បាតុកម្ម​ដុត​រូបថត​លោក ហ៊ុន សែន និង​ជាន់​ឈ្លី​ទៀត​ផង។ ប្រជាជន​ភូមា ហៅ​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង គឺជា​ការ​បំផ្លាញ​ឆន្ទៈ​របស់​ប្រជាជន​ភូមា ហើយ​ចោទ​ថា​លោក ហ៊ុន សែន មាន​ផែនការ​អាក្រក់​មក​ទទួលស្គាល់​របប​សឹក​ភូមា។

តាមរយៈ​នៃ​ការ​លើក​ពេល​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ដោយ​មិន​កំណត់​ពេលវេលា​ឡើងវិញ នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា នេះ​ជា​លើកដំបូង​ដែល​កម្ពុជា​ធ្វើ​ឱ្យ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ជួប​ឧបសគ្គ​ក្នុង​ដំណើរ​ទៅ​រក​ការ​បែកបាក់។

នេះ​គឺជា​បរាជ័យ​យ៉ាង​ពិតប្រាកដ​ដែល​លោក ហ៊ុន សែន អួតអាង​អំពី​ជោគជ័យ​របស់​លោក​ដែល​ពួក​យោធា​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា តែ​បែរជា​ពួក​យោធា មីន អ៊ុងឡាំង មិន​បាន​អនុវត្ត ហើយ​ផ្ទុយទៅវិញ ពួក​យោធា​កាន់តែ​បើក​ការ​វាយប្រហារ​លើ​កម្លាំង​ប្រឆាំង គឺ​សូម្បី​លំនៅឋាន​ជនស៊ីវិល និង​មន្ទីរពេទ្យ សាលារៀន​របស់​សិស្ស ក៏​ពួក​យោធា​បើក​ការ​វាយប្រហារ​តាម​អាកាស​កម្ទេច​ចោល​ដែរ។

ជាក់ស្ដែង មន្ទីរពេទ្យ​ពីរ​កន្លែង និង​សាលារៀន​មួយ​កន្លែង​នៅ​រដ្ឋ​ការ៉េន ត្រូវ​ពួក​យោធា​ទម្លាក់​គ្រាប់បែក​បាញ់​រះ​កម្ទេច កាលពី​ថ្ងៃ​ពុធ ទី​១២ មករា នាំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​របប​សឹក​យ៉ាង​ខ្លាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស