25 C
Phnom Penh

លោក សម រង្ស៊ី ចង់​ចូលរួម​សវនាការ​ជំនួស​លោក កឹម សុខា បើ​លោក ហ៊ុន សែន បើក​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេចវេស​ពី​ដីកា​របស់​តុលាការ បាន​លើកឡើង​ថា បើសិនជា​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន យល់ព្រម​បើក​ផ្លូវ​ដើម្បី​ឱ្យ​លោក​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ លោក​សុខចិត្ត​ចូលរួម​សវនាការ​នៅ​តុលាការ​ជំនួស​លោក កឹម សុខា ក្នុង​សប្ដាហ៍​ក្រោយ​នេះ។

ការ​លើកឡើង​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក សម រង្ស៊ី និយាយ​នៅ​ក្នុង​វីដេអូ​ជិត ៤​នាទី ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក កឹម សុខា ដោយ​ថា​លោក កឹម សុខា មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។ លោក សម រង្ស៊ី លើកឡើង​ថា៖ «បើ​សិន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យល់ព្រម​បើក​ផ្លូវ​ឱ្យ​លោក​បាន​ចូល​កម្ពុជា​វិញ ដោយ​ឈប់​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឱ្យ​ដឹក​លោក​ទៀត ដោយ​ថា​លោក​សុខចិត្ត​ចូលរួម​សវនាការ​នៅ​តុលាការ​ជំនួស​លោក កឹម សុខា»

លោក​ថា ការ​ចោទប្រកាន់​លោក កឹម សុខា ជា​រឿង​មិន​ត្រឹមត្រូវ ដោយសារ​នៅ​ពេល​លោក​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បញ្ហា​ទាំងអស់​លោក​ជា​អ្នក​ទទួល​ខុសត្រូវ មិន​មែន​លោក កឹម សុខា ដែល​ជា​អនុប្រធាន​នោះ​ទេ។ លោក សម រង្ស៊ី ថា៖ «ការ​ធ្វើ​នយោបាយ​ជាង ២៥​ឆ្នាំ​របស់​លោក​កន្លងមក​នេះ លោក​បាន​ជួប​ប្រទេស​លោកសេរី​ជាច្រើន ដើម្បី​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជា»

ចំណែក​ឯ​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា នេះ​ថា ទង្វើ​របស់​បុគ្គល​ណា បុគ្គល​នោះ​ត្រូវតែ​ទទួល​ខុសត្រូវ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏ដោយ មិន​អាច​ប្តូរ​មនុស្ស​ផ្សេង​ឱ្យ​មក​ទទួល​ខុសត្រូវ​ជំនួស​បាន​នោះ​ទេ។ លោក​ថា៖ «ការ​ប្រកាស​របស់​លោក សម រង្ស៉ី ចូល​ខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស​លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​ធ្វើ​ពុត​ចង់​បង្ហាញ​ភក្ដីភាព​ក្លែងក្លាយ​ចំពោះ​លោក កឹម សុខា ដើម្បី​បិទ​បាំង​ភាព​កំសាក​របស់​គាត់ ដែល​រត់​ចោល​ជាតិ និង​អ្នកគាំទ្រ និង​ដើម្បី​បោក​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ»

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក សម រង្ស៉ី ពិតជា​ក្លាហាន​ប្រាកដ​មែន គួរ​ដើរ​ចូល​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស​ជាង ៤០​ឆ្នាំ​ដែល​តុលាការ​បាន​កាត់​រួច​មក​ហើយ​នោះ ព្រមទាំង​សំណុំរឿង​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ ដោយ​មិន​ចាំបាច់​ធ្វើជា​អ្នក​ក្លាហាន​ក្លែងក្លាយ​ចូល​ខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស​លោក កឹម សុខា នោះ​ទេ។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី​១៤ មករា នេះ​ដែរ​ថា លោក កឹម សុខា ជា​មេដឹកនាំ​ដែល​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​ធ្វើ​ខុស​ចំពោះ​ប្រទេស​ជាតិ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​មិន​បោះបង់​ចោល​ឆន្ទៈ​រួម​រស់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ដែរ។

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បន្ត​បើក​សវនាការ​កាត់ទោស​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ជិត ២​ឆ្នាំ​ក្រោម​ហេតុ​ថា វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។

ជាមួយ​គ្នា​នេះ ការ​ដែល​លោក សម រង្ស៊ី ប្រកាស​ហៅ​មេដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាកចេញ​ពី​កម្ពុជា នៅ​ពេល​ដែល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នោះ ក៏​អាច​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ «ក្បត់​ជាតិ» ឃុបឃិត​ជាមួយ​បរទេស​ផ្តួល​រំលំ​រាជរដ្ឋាភិបាល។ លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង ១​ឆ្នាំ ទើប​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ។ លោក​ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងស្រុង​ជាង ៤​ឆ្នាំ​មក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស