31 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ភូមា ថា​ជា​ការ​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ចាត់​ទុក​ទស្សនកិច្ច​ជា​ឯកតោ​ភាគី​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​នាម​ប្រធាន​អាស៊ាន ថា​ជា​បេសកកម្ម​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​កម្ពុជា និង​កំពុង​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន​ទាំងមូល។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៣ មករា ថា ការ​ទទួលស្គាល់​របប​សឹក​ខុសច្បាប់​ភូមា ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន គឺ​បញ្ច្រាស​ទៅ​នឹង​ការ​សម្រេច​របស់​អាស៊ាន​ទាំងស្រុង ខណៈ​អាស៊ាន​លែង​កោះហៅ​តំណាង​របប​សឹក​ឱ្យ​ចូល​កិច្ចប្រជុំ ហើយ​អង្គការ​សហប្រជាជាតិ​ក៏​មិន​ផ្តល់​កៅអី​របស់​ខ្លួន​ឱ្យ​របប​សឹក​ដែរ​នោះ។

លោក ម៉ែន ណាត អះអាង​ថា៖ «ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា បន្ទាប់ពី​របប​សឹក​ភូមា​មិន​គោរព​សន្យា​រក្សា​បទ​ឈប់​បាញ់»

លោក​បន្ត​ទៀត​ថា លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បរាជ័យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​មួយ​កម្រិត​ទៀត គឺ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​នៅ​កម្ពុជា ដែល​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​លើក​ពេល​ដោយ​គ្មាន​កាលកំណត់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ លោក​ថា៖ «មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ជា​មេដឹកនាំ​ទំនើង​ប៉ុណ្ណោះ ព្រោះ​គាត់​មិន​ត្រឹមតែ​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នេះ គាត់​បាន​រំលោភ​ធម្មនុញ្ញ​អាស៊ាន​ថែម​ទៀត។ ត្បិត​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ដែល​តម្រូវ​ឱ្យ​គោរព​តាម​ធម្មនុញ្ញ​អាស៊ាន គឺ​ការ​សម្រេច​ជា​លក្ខណៈ​កុងសង់ស៊ីស ប៉ុន្តែ​លោក ហ៊ុន សែន បែរជា​សម្រេច​ដោយ​ឯកតោ​ភាគី​ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​រួម​លើ​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន​ទៅវិញ»

លោក​បន្ត​ថា ការ​បរាជ័យ​របស់​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ គឺ​បរាជ័យ​ធ្ងន់ធ្ងរ​ជាង​ពេល​ដែល​គាត់​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ទៀត។ ដូច្នេះ ដើម្បី​កែប្រែ​ស្ថានការណ៍​នេះ​ឡើងវិញ លោក ហ៊ុន សែន ត្រូវតែ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត មុន​នឹង​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា ហើយ​ជាង​នេះ​ទៀត គាត់​អាច​ស្នើ​ឱ្យ​អគ្គលេខាធិការ​អាស៊ាន​ចូលរួម​ដោះស្រាយ​វិបត្តិ​ដ៏​តានតឹង​នេះ​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​មិន​គោរព​តាម​កិច្ចសន្យា​ពី​បទ​ឈប់​បាញ់​របស់​របប​សឹក​នៅ​ប្រទេស​ភូមា នេះ គឺជា​ភាព​អាម៉ាស់​របស់​មេដឹកនាំ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ បន្ទាប់ពី​លោក​ចាកចេញ​ពី​ប្រទេស​ភូមា មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ។

បណ្ឌិត សេង សារី បញ្ជាក់​ថា៖ «បន្ថែម​ពី​លើ​ការ​បរាជ័យ​មិន​គោរព​បទ​ឈប់​បាញ់​របស់​របប​សឹក​ភូមា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក៏​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​នៅ​កម្ពុជា​ថែម​ទៀត ក្នុង​នោះ​ពួកគេ​បាន​ផ្តល់​ហេតុផល​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​ហេតុផល​ពិត​នោះ គឺ​ថា​ពួកគេ​មិន​ចង់​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​មាន​រដ្ឋមន្ត្រី​ការបរទេស​តំណាង​ឱ្យ​របប​សឹក​ខុសច្បាប់​ភូមា ចូលរួម​កិច្ចប្រជុំ​នេះ​តែប៉ុណ្ណោះ»

ជុំវិញ​បញ្ហា​នេះ នៅ​ពេល​ភ្នាក់ងារ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​សួរនាំ​ដំណើរ​ទៅ​រក​ការ​បែកបាក់​ក្នុង​ចំណោម​សមាជិក​អាស៊ាន លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ត្រឹម​និយាយ​ថា ការ​ពន្យារ​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន គឺ​ដោយសារ​រដ្ឋមន្ត្រី​ខ្លះ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​ប្រជុំ​នេះ​ប៉ុណ្ណោះ។

ដោយឡែក​សារព័ត៌មាន​អន្តរជាតិ Nikkei Asia កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ បាន​ចុះផ្សាយ​ពី​មេដឹកនាំ​កម្ពុជា​ដោយ​ដាក់​ចំណងជើង​ថា លោក ហ៊ុន សែន មាន​ចរិត​នយោបាយ​ការទូត​របៀប​ជើង​កាង ឬ Cowboy diplomacy ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កុងសង់ស៊ីស​របស់​អាស៊ាន ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​អាស៊ាន​បែកបាក់​សម្ពន្ធភាព​ផង​ដែរ ខណៈ​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​តំបន់​កាន់តែ​រឹងមាំ​ព្រោះ​តែ​បញ្ហា​នេះ។

ប្រភព​ដដែល​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹងសម្បា​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​ប្រជាធិបតេយ្យ​នាំគ្នា​ស្រែក​ទ្រហោយំ​ចំពោះ​ការ​ទទួលស្គាល់​នូវ​ទង្វើ​ដ៏​ឃោរឃៅ​របស់​មេ​ភេរវករ​ភូមា ដែល​នឹង​ធ្វើ​ឱ្យ​របប​សឹក​ខុសច្បាប់​យោធា​នេះ​កាន់តែ​មាន​ភាព​រឹងមាំ​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស