36 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​ពិធី​បុណ្យ​គម្រប់​៧​ថ្ងៃ​ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក នឹង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​សព​គម្រប់ ៧​ថ្ងៃ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ជូន​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​អត្តឃាត​ដោយសារ​តែ​រង​សម្ពាធ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​ពី​ខាង​ក្រុមហ៊ុន​រោងចក្រ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ស្ថិត​ក្នុង​វត្ត​ខ្មែរសាមគ្គី ឃុំ​ហាំបារ៉ា ស្រុក​អៃកូគើន ខេត្ត​កាណាកាវ៉ា ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត​គ្រួសារ​ជនរងគ្រោះ និង​ក្នុង​នាម​ជា​គ្រួសារ​ខ្មែរ​ដូច​គ្នា។

អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី កែវ ម៉ាលីនដា ដែល​មាន​គណនី Facebook ឈ្មោះ​ថា Angkor Jasmine បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ ថា ដោយ​មាន​ការ​អាណិត​អាសូរ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​កំពុងតែ​រង​នូវ​ភាព​អយុត្តិធម៌ ក្រុម​ការងារ​របស់​អ្នកស្រី​បាន​ផ្ដួចផ្ដើម​រៀបចំ​ចាត់ចែង​ធ្វើ​ពិធី​បុណ្យ​សព​គម្រប់ ៧​ថ្ងៃ​របស់​ពលករ​ខ្មែរ​រូប​នោះ​ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា​ក្នុង​ប្រទេស​ជប៉ុន។

អ្នកស្រី​បន្ត​ថា៖ «អ្នកស្រី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន ចូលរួម​ពិធី​បុណ្យ ៧​ថ្ងៃ​នេះ​ឱ្យ​បាន​ច្រើន​កុះករ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ជួយ​លើក​ទឹកចិត្ត​គ្រួសារ​ជនរងគ្រោះ​ដែល​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​ដោយសារ​ការ​បាត់បង់​សមាជិក​គ្រួសារ​ក្នុង​ពេល​បម្រើ​ការងារ​ទាំង​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ក្នុង​ប្រទេស​ជប៉ុន នេះ»

កម្មវិធី​បុណ្យ​សព ៧​ថ្ងៃ​របស់​លោក តេង ឆវ័ន្ត នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ស្ថិត​ក្នុង​វត្ត​ខ្មែរសាមគ្គី ឃុំ​ហាំបារ៉ា ស្រុក​អៃកូគើន ខេត្ត​កាណាកាវ៉ា។

សមាជិក​សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ អ្នកស្រី ម៉ៃ តាកិម៉ូរ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ មករា នេះ​ថា អ្នកស្រី​សូម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ក្នុង​ប្រទេស​ជប៉ុន ចូលរួម​កម្មវិធី​បុណ្យ​នេះ​ឱ្យ​បាន​ច្រើន​កុះករ។ ជាង​នេះ​ទៀត អ្នកស្រី​បញ្ជាក់​ថា អ្នក​ដែល​អញ្ជើញ​មក​ចូលរួម​កម្មវិធី​បុណ្យ​តាម​រថភ្លើង សូម​ចុះ​នៅ​ចំណត ហ៊ុងអាត់សឹគិ ចំពោះ​អ្នក​ដែល​អញ្ជើញ​ចូលរួម​ដោយ​រថយន្ត សូម​ទាក់ទង​ទៅ​កាន់​អ្នកស្រី ដើម្បី​ដឹង​ពី​ពេលវេលា​កាន់តែ​លម្អិត​បន្ថែម​ទៀត។

កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ពលករ​ខ្មែរ លោក តេង ឆវ័ន្ត បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ក្នុង​ផ្ទះ​ជួល ស្ថិតនៅ​ខេត្ត​កាណាកាវ៉ា ប្រទេស​ជប៉ុន ក្រោយ​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​ក្រុមហ៊ុន បន្ទាប់ពី​ពលករ​ខ្មែរ​រូប​នេះ​បាន​បម្រើ​ការងារ​អស់​រយៈពេល​ប្រមាណ​ជាង ២​ឆ្នាំ​កន្លងមក។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់​អះអាង​ថា ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​គ្រាន់តែ​ជា​សិក្ខាកាម​ហាត់ការ​ដូច​សព្វថ្ងៃ​នេះ គឺជា​បញ្ហា​ចម្បង​សម្រាប់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​រក​ដំណោះស្រាយ​ជាបន្ទាន់។

លោក​បន្ត​ថា៖ «ក្រុមហ៊ុន​ងាយ​នឹង​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​បាន​យ៉ាង​ងាយស្រួល​លើ​ពលករ​ខ្មែរ​ទាំងនោះ ត្បិត​ពួកគេ​សំអាង​ថា ពលករ​ទាំងនោះ​មិន​មែន​ជា​កម្មករ​នោះ​ទេ គ្រាន់តែ​ជា​សិក្ខាកាម​ហាត់ការ​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត សិក្ខាកាម​ទាំងនោះ​ក៏​មិន​ស្ថិត​ក្នុង​ច្បាប់​ការងារ​ណា​មួយ​របស់​ពលករ​ដែរ»

លោក​បន្ថែម​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចុះ​អនុសារណៈ​យោគយល់​ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ជា​ផ្លូវការ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ធានា​ឱ្យ​ពលករ​ខ្មែរ​ទទួល​បាន​ការ​ការពារ​សិទ្ធិ​ការងារ​ពេញលេញ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ដើម្បី​ចៀសវាង​ការ​ធ្វើ​បាប​ពី​ក្រុមហ៊ុន​ដែល​ពួកគេ​បម្រើ​ការ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា គឺជា​រដ្ឋាភិបាល​អសមត្ថភាព​មួយ​ប៉ុណ្ណោះ មិន​ត្រឹមតែ​មិន​អាច​បង្កើត​ការងារ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​ក៏​គ្មាន​សមត្ថភាព​ជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ក្នុង​នោះ​ពលករ​ខ្មែរ​ជាច្រើន​ត្រូវ​រង​ការ​រំលោភ​សិទ្ធិ​ការងារ និង​ធ្វើ​ទុក្ខបុកម្នេញ​តាម​វិធី​ផ្សេង​ពី​ខាង​រោងចក្រ រហូត​ពលករ​ទាំងនោះ​មិន​អាច​ទ្រាំទ្រ​បាន​ឈាន​ទៅ​ធ្វើ​អត្តឃាត​ខ្លួនឯង​ក៏​មាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស