29 C
Phnom Penh

លោក ហ៊ុន ម៉ានី គាំទ្រ​បងប្រុស​ជា​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​គឺ​មិន​ឲ្យ​មាន​វិបត្តិ​នៃ​ការ​ដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​ពៅ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្តង​ទៀត​គាំទ្រ​បងប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជ្រើសតាំង​ជា​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​ធានា​មិន​ឲ្យ​មាន​វិបត្តិ​នៃ​ការ​ដឹកនាំ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន មានី ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អះអាង​ថា បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី គឺជា​ការ​រៀបចំ​ផែនការ​បន្ត​វេន​ច្បាស់លាស់ និង​បន្ត​និរន្តរភាព​ជាតិ សុខ​សន្តិភាព​សង្គម ពិសេស​ធានា​ការ​ជឿជាក់​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថា ការ​សម្រេច​ជ្រើស​យក​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត ជា​ការ​បង្ហាញ​ផែនការ​ច្បាស់លាស់​របស់​បក្ស និង​ធានា​មិន​ឲ្យ​មាន​វិបត្តិ​នៃ​ការ​ដឹកនាំ។ លោក​អះអាង​ថា កត្តា​កំណត់​ភាព​ជោគជ័យ​របស់​បក្ស គឺជា​ការ​អនុវត្ត​ជាក់ស្តែង​នូវ​កម្មវិធី​នយោបាយ​នៅ​តាម​កម្រិត​មូលដ្ឋាន​ផ្ទាល់ ដើម្បី​បម្រើ និង​បំពេញ​តម្រូវការ​ជាក់ស្តែង​ជូន​ដល់​ពលរដ្ឋ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុង​ការ​ជ្រើសរើស​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ស្នង​តំណែង​ពី​ឪពុក​នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​សំឡេង​គាំទ្រ​មាន​ចំនួន ៧៧៥ ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​សរុប​ចំនួន ៨៦៥​នាក់។

លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ ៤៤​ឆ្នាំ មាន​ឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​មាស​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។ លោក​ក៏​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តាឡីស័ក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 របស់​រដ្ឋាភិបាល​ផង​ដែរ។

រីឯ​ក្នុង​ជួរ​បក្ស​វិញ លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​ចលនា​យុវជន និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នាក់​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច។

ទាក់ទង​ករណី​នេះ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុង​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ជូន​ចំពោះ​សមាជិក​សមាជិកា​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ថា លោក ហ៊ុន សែន កំពុងតែ​បបួល​សមាជិក​គណៈកម្មាធិការ​កណ្តាល​ឲ្យ​លេង​ល្បែង ដើម្បី​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​ឯកជន​របស់​ក្រុម​គ្រួសារ​គាត់​តែប៉ុណ្ណោះ។

លោក​សរសេរ​ថា លោក ហ៊ុន សែន មាន​វ័យ​កាន់តែ​ចាស់​ដែល​មិន​អាច​នៅ​កាន់​អំណាច​បាន​យូរ​តទៅទៀត ទើប​គាត់​ចង់​ឲ្យ​កូន​ឡើង​មក​កាន់​តំណែង​ជំនួស​គាត់ ដើម្បី​ឲ្យ​កូន​ជួយ​ថែរក្សា​លាភ​សក្ការៈ​សម្រាប់​ក្រុម​គ្រួសារ និង​ធានា​និទ្ទណ្ឌភាព​ឲ្យ​ខ្លួន​គាត់​ផ្ទាល់។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា លោក​សូម​អបអរ​សាទរ​លោក ហ៊ុន សែន ដែល​បាន​សម្រេច​បំណង​ក្នុង​ការ​តែងតាំង​កូន​របស់​គាត់​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន ដែល​គាត់​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ​នោះ។ លោក​ថា ការ​តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​នេះ មិន​មែន​ដើម្បី​រក​ផលប្រយោជន៍​ជូន​ជាតិ​នោះ​ទេ គឺ​ដើម្បី​តែ​រក​ផលប្រយោជន៍​ឱ្យ​គណបក្ស និង​បក្ខពួក​របស់​ពួកគេ​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវការ គឺ​គណបក្ស​នយោបាយ​មួយ​ដែល​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​រក្សា​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យ​ជាតិ​របស់​ខ្លួន ប៉ុន្តែ​អ្វី​ដែល​មេដឹកនាំ​កាន់​អំណាច​បច្ចុប្បន្ន និង​អ្នក​បន្ត​វេន​កាន់កាប់​អំណាច​នៅ​ថ្ងៃ​អនាគត​របស់​បក្ស​ដែល​មាន​សារជាតិ​មកពី​បក្ស​កុម្មុយនីស្ត​នោះ គឺ​ដើម្បី​តែ​ថែរក្សា​អំណាច និង​ពឹងផ្អែក​បរទេស​ឱ្យ​ជួយ​ជ្រោមជ្រែង​អំណាច​របស់​ខ្លួន​តាមរយៈ​ការ​សម្បទាន​ទឹកដី​កម្ពុជា​ក្នុង​រូបភាព​មិត្តភាព​ម៉ឺន​ឆ្នាំ ឬ​មិត្ត​ដែកថែប​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស