សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ បានផ្ដន្ទាទោសសកម្មជនការពារព្រៃឈើ និងជាអ្នកនិយមរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ លោក វឿន វាសនា ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និងតម្រូវឲ្យបង់ប្រាក់ ២លានរៀលពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ការសម្រេចកាត់ទោសនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដាវី បានបន្តសវនាការលើសំណុំរឿងលោក វឿន វាសនា ហៅ «គ្រញូងព្រៃឡង់» ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម។
ក្រោយពីចៅក្រមប្រកាសសាលក្រមរួច លោក វឿន វាសនា ស្រែកប្រាប់អ្នកសារព័ត៌មានថា ការសម្រេចនេះ គឺ «អយុត្តិធម៌» ដោយលោកសំអាងថា ខ្លួនមិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់ឡើយ។ លោកថា តុលាការកម្ពុជាជាតុលាការតេឡេត្រាប់តាមបញ្ជា។
មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា បទញុះញង់គឺកំណត់ទោសជាប់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ ប៉ុន្តែតុលាការបានសម្រេចផ្ដន្ទាទោសលោក វឿន វាសនា ឲ្យជាប់ពន្ធនាគារ ២ឆ្នាំតែម្តង ដោយគ្មានការបន្ធូរបន្ថយ។ លោកថា រដ្ឋាភិបាលកម្ពុជាក៏ដូចជាតុលាការរងការរិះគន់ច្រើនពីការប្រើបទញុះញង់ ដើម្បីធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនសង្គម និងសកម្មជនបរិស្ថាន ជាដើម។
ទោះយ៉ាងណា លោកបន្ថែមថា ប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ក្នុងការរិះគន់។ ការរិះគន់ត្រូវស្ថិតក្នុងន័យស្ថាបនា និងការកែលំអឲ្យស្របតាមសិទ្ធិបញ្ចេញមតិ និងសិទ្ធិផ្សេងៗទៀតរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញាអន្តរជាតិនានាដែលកម្ពុជាទទួលស្គាល់។
លោក វឿន វាសនា ត្រូវបានចោទប្រកាន់ពីបទញុះញង់ តាមរយៈខ្លឹមសាររបស់លោកដែលបង្ហោះលើបណ្តេញសង្គម Facebook របស់លោកឈ្មោះ ព្រៃឡង់គ្រញូង។
កាលពីខែតុលា ឆ្នាំ២០២១ លោក វឿន វាសនា បានចូលទៅសរសេរកំណាព្យក្នុងប្រអប់ឆ្លើយឆ្លងលើទំព័រ Facebook របស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដោយបានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើត្រកូល ហ៊ុន ថាជាអ្នកបំផ្លាញជាតិ សាសនា ធ្វើឲ្យទឹកដីព្រៃឈើ រលាយហិនហោច និងចាប់ចងប្រជាជនតាមទំនើងចិត្ត ជាដើម។
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ក៏បានចូលសរសេរតបវិញថា កំណាព្យនោះពោរពេញដោយហិង្សា ហើយលោកសង្ឃឹមថាកម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកម្ចាស់កំណាព្យ។ អតីតព្រះសង្ឃ និងជាសកម្មជនព្រៃឡង់ លោក វឿន វាសនា បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា លោកនៅតែក្រាញននៀលតស៊ូមតិរិះគន់រដ្ឋាភិបាលដើម្បីស្ថាបនាចំណុចខ្វះចន្លោះរបស់អាជ្ញាធរ ក្នុងន័យលើកស្ទួយសង្គមជាតិ ដោយមិនចុះញ៉មនោះឡើយ។ លោកថា អាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែង និងនគរបាល បានមកចរចាជាមួយលោកម្ដងហើយម្ដងទៀត ដើម្បីឱ្យលោកចុះចូលជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធរហូតមានការគំរាមចាប់ខ្លួនជាញឹកញាប់ ទើបលោកបង្ខំចិត្តរត់ភៀសខ្លួនទៅប្រទេសថៃ។
លោក វឿន វាសនា ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយមន្ត្រីអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀតឈ្មោះ វឿង សំណាង អតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខ រាជធានីភ្នំពេញ។
លោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះការផ្សាយថា អាជ្ញាធរកម្ពុជាស្នើឲ្យអាជ្ញាធរថៃ ចាប់សកម្មជនប្រឆាំង ២នាក់ គឺលោក វឿន វាសនា និងលោក វឿង សំណាង បញ្ជូនមកកម្ពុជា។ លោកថា អ្នកទាំងពីរទៅរស់នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ហើយក៏ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ លោកបន្តថា នៅពេលពួកគេទាំងពីរនាក់មកដល់កម្ពុជា ហើយសមត្ថកិច្ចកម្ពុជាក៏ចាប់ពួកគេទៅតុលាការតាមដីកាបង្គាប់ឲ្យចាប់ខ្លួន។
កន្លងមក អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានថ្កោលទោសនូវទង្វើរបស់អាជ្ញាធរថៃ ដែលបានចាប់បញ្ជូនជនភៀសខ្លួននយោបាយខ្មែរពីរនាក់ប្រគល់ទៅឲ្យរបបលោក ហ៊ុន សែន វិញ។ អង្គការទាំងពីរនេះស្នើសុំឲ្យសមត្ថកិច្ចថៃ ស៊ើបអង្កេតករណីនេះជាបន្ទាន់ និងអំពាវនាវសុំឲ្យរដ្ឋាភិបាលថៃ អនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងបញ្ឈប់ជាបន្ទាន់នូវទង្វើបែបនេះទៅថ្ងៃអនាគត៕