37 C
Phnom Penh

អ្នក​នាំពាក្យ៖ កម្ពុជា​គ្មាន​ចារកម្ម​កូរ៉េ​ខាងជើង​បើក​ដំណើរការ​សណ្ឋាគារ​កាស៊ីណូ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​សារព័ត៌មាន NK News កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា «ចារកម្ម​កូរ៉េ​ខាងជើង​បាន​បើក​ដំណើរការ​សណ្ឋាគារ កាស៊ីណូ និង​ភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា»។

សេចក្ដី​បំភ្លឺ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា កម្ពុជា​បាន​អនុវត្ត​ស្របតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដោយ​បាន​បិទ​គ្រប់​អាជីវកម្ម និង​គណនី​ធនាគារ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង ក្នុង​ប្រទេស​កម្ពុជា និង​បញ្ឈប់​ការ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​កម្មករ​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​បាន​បំពេញ​ទាំងស្រុង​នូវ​កាតព្វកិច្ច​អន្តរជាតិ​ក្រោម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​បាន​អនុវត្ត​យ៉ាង​ស្មោះត្រង់​នូវ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ផ្តល់​ព័ត៌មាន​ថា គណនី​ធនាគារ​ចំនួន​៧ របស់​កូរ៉េ​ខាងជើង នៅ​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ ២​ផ្សេង​គ្នា ត្រូវ​បាន​បិទ​តាំងពី​ឆ្នាំ​២០១៧ មក។

ប្រភព​ដដែល​បន្ត​ថា កម្ពុជា​ថែមទាំង​បាន​បិទ​គ្រប់​អាជីវកម្ម ភោជនីយដ្ឋាន និង​សារមន្ទីរ​របស់​កូរ៉េ​ខាងជើង​នៅ​កម្ពុជា​ទៀត​ផង។

ចាប់តាំង​ពី​ឆ្នាំ​២០១៧ មក ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​កម្មករ​មកពី​កូរ៉េ​ខាងជើង ហើយ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​មិន​ពន្យារ​ទិដ្ឋាការ​ដល់​ប្រជាជន​កូរ៉េ​ខាងជើង​ដែល​បាន​ធ្វើការ​នៅ​កម្ពុជា​ទៀត​ទេ។

កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រសួង​ពាណិជ្ជកម្ម បាន​លុប​ឈ្មោះ​ក្រុមហ៊ុន Glory Worldwide Glow Co., Ltd របស់​កូរ៉េ​ខាងជើង ចេញពី​បញ្ជី​ពាណិជ្ជកម្ម។ ក្រសួង​ពាណិជ្ជកម្ម​បាន​ស្រាវជ្រាវ​ក្រុមហ៊ុន​នានា​ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន និង​បាន​រក​ឃើញ​ក្រុមហ៊ុន​ចំនួន​១២ រួម​ទាំង​ក្រុមហ៊ុន Mansudae New Tech Corporation Ltd. ផង​ដែរ ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​កូរ៉េ​ខាងជើង។ ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ខណៈ​ភោជនីយដ្ឋាន​ចំនួន​៨ ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​ទ្វារ​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាងជើង NK News បាន​ស្រង់​របាយការណ៍​បឋម​មួយ​របស់​ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ មក​ចុះផ្សាយ​ថា ចារកម្ម​កូរ៉េ​ខាងជើង​បាន​បើក​ដំណើរការ​អាជីវកម្ម​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រង្គសាល និង​ភ្នាក់ងារ​ទេសចរណ៍ ជាដើម ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០២០។

ប្រភព​ដដែល​បន្ត​ថា ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា ភ្នាក់ងារ​ចារកម្ម​ម្នាក់​ឈ្មោះ គឹម ចុលសុខ (Kim Chol Sok) បាន​បើក​ដំណើរការ​អាជីវកម្ម​ដោយ​ប្រើ​ឈ្មោះ​ហៅក្រៅ​ថា សុខា (Sok Kha) តាម​ការ​បញ្ជា​របស់​ការិយាល័យ​ស៊ើប​អង្កេត​ទូទៅ (RGB) ដែល​ជា​ភ្នាក់ងារ​ចារកម្ម​កំពូល​របស់​កូរ៉េ​ខាងជើង។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា យោង​តាម​សេចក្ដីព្រាង​នៃ​របាយការណ៍​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ អាជីវកម្ម​មួយ​ក្នុង​ចំណោម​អាជីវកម្ម​ដែល​លោក គីម (Kim) បាន​បើក​ដំណើរការ​នោះ ក្រុមហ៊ុន​ទេសចរណ៍ C.H. World Travel Co., Ltd មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​សម្របសម្រួល​ការ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ លោក គីម គឺជា​សហការី​ជំនួញ​របស់​លោក ទ្រី ភាព ដែល​ជា​ឧកញ៉ា​កាប់​ឈើ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០១៩ ពី​បទ​ពុករលួយ។

លោក ទ្រី ភាព ខ្លួនឯង​គឺជា​សហការី​ជិតស្និទ្ធ​របស់​លោក ហ៊ុន សែន ហើយ​ក្នុង​ទំនាក់ទំនង​កម្រិត​ខ្ពស់​ស្អិតល្មួត​បែប​នេះ លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កម្លាំង​យោធា​កម្ពុជា​ដើម្បី​ការពារ​ការ​ដឹកជញ្ជូន​ផលិតផល​ខុសច្បាប់​របស់​លោក។ នេះ​បើ​យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​ស៊ីជម្រៅ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស