ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបញ្ជាក់មកភាគីកម្ពុជាថា ខ្លួនមិនបានផ្តល់របាយការណ៍អំពីការបើកអាជីវកម្មរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅកម្ពុជា ទៅកាន់សារព័ត៌មាននោះទេ ពីព្រោះរបាយការណ៍នេះកំពុងស្ថិតក្នុងការត្រួតពិនិត្យ ហើយត្រូវតែរក្សាជាការណ៍សម្ងាត់។
ការឆ្លើយបំភ្លឺរបស់ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញផ្សាយសេចក្តីប្រកាសព័ត៌មាននៅលើបណ្ដាញសង្គម Facebook របស់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ថារបាយការណ៍ទាក់ទងនឹងកម្ពុជា គឺកំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មការ ១៧១៨។
ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តថា នៅពេលស្ថិតក្នុងសេចក្ដីព្រាង និងកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មការបែបនេះ របាយការណ៍ទាក់ទិននឹងកម្ពុជា គឺត្រូវរក្សាជាការណ៍សម្ងាត់។ ក្រោយពិនិត្យរួច របាយការណ៍ទាក់ទិននឹងកម្ពុជានឹងត្រូវគណៈកម្មការដាក់ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។
សេចក្ដីបដិសេធរបស់ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជាក់ថា ពួកគេមិនអាចផ្សព្វផ្សាយជាសាធារណៈនូវផ្នែកណាមួយនៃសេចក្ដីព្រាងរបាយការណ៍របស់ខ្លួនបានទេ រហូតដល់របាយការណ៍នោះត្រូវបានអនុវត្តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្ហាញការសោកស្តាយ និងការខកចិត្តចំពោះការបែកធ្លាយរបាយការណ៍ទាក់ទិននឹងកម្ពុជា ចេញពីគណៈកម្មការទៅដល់សារព័ត៌មានដោយគ្មានការអនុញ្ញាតបែបនេះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានមួយបំភ្លឺជុំវិញការផ្សាយរបស់សារព័ត៌មាន NK News ថា កម្ពុជាបានអនុវត្តស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើងនៅកម្ពុជា និងបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើងផងដែរ។
សេចក្ដីបំភ្លឺរបស់ក្រសួងការបរទេសឲ្យដឹងថា ក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ កម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង NK News បានស្រង់របាយការណ៍បឋមមួយរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ មកចុះផ្សាយថា ចារកម្មកូរ៉េខាងជើងបានបើកដំណើរការអាជីវកម្មមួយចំនួននៅកម្ពុជា រួមមានសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រង្គសាល និងភ្នាក់ងារទេសចរណ៍ ជាដើម ចាប់ពីពាក់កណ្ដាលឆ្នាំ២០២០។
ប្រភពដដែលបន្តថា ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ រកឃើញថា ភ្នាក់ងារចារកម្មម្នាក់ឈ្មោះ គឹម ចុលសុខ (Kim Chol Sok) បានបើកដំណើរការអាជីវកម្មដោយប្រើឈ្មោះហៅក្រៅថា សុខា (Sok Kha) តាមការបញ្ជារបស់ការិយាល័យស៊ើបអង្កេតទូទៅ (RGB) ដែលជាភ្នាក់ងារចារកម្មកំពូលរបស់កូរ៉េខាងជើង។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា យោងតាមសេចក្ដីព្រាងនៃរបាយការណ៍ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ អាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលលោក គីម (Kim) បានបើកដំណើរការនោះ ក្រុមហ៊ុនទេសចរណ៍ C.H. World Travel Co., Ltd មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ដែលសម្របសម្រួលការដើរលេងកម្សាន្តនៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ លោក គីម គឺជាសហការីជំនួញរបស់លោក ទ្រី ភាព ជាឧកញ៉ាកាប់ឈើដ៏ល្បីល្បាញនៅកម្ពុជា ដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩ ពីបទពុករលួយ។
លោក ទ្រី ភាព ខ្លួនឯង គឺជាសហការីជិតស្និទ្ធរបស់លោក ហ៊ុន សែន ហើយក្នុងទំនាក់ទំនងកម្រិតខ្ពស់ស្អិតល្មួតបែបនេះ លោកត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងយោធាកម្ពុជា ដើម្បីការពារការដឹកជញ្ជូនផលិតផលខុសច្បាប់របស់លោក។ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក៕