32.5 C
Phnom Penh

ភាគ​១៨៖ តើ​ការ​បង្កើត​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ដើម្បី​បម្រើ​ទិសដៅ​អ្វី​ខ្លះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឹង​ជ្រោមជ្រែង​កូនប្រុស​ឲ្យ​ស្នង​តំណែង ដោយ​ប្រឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ឥត​ក្រែងចិត្ត​បុគ្គល​ណា​ឡើយ។ តទៅ​នេះ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ភាគ​ទី​១៨ ថា​តើ​ទំហំ​នៃ​កិច្ចប្រឹងប្រែង​នោះ​មាន​រូបភាព​ដូចម្តេច​ខ្លះ?

ការ​តាមដាន សង្កេត សិក្សា វិភាគ​អំពី​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រីក​ពង្រឹង​បក្ស​ប្រជាជន​កម្ពុជា ដោយ​រើស​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​បង្កើត​បណ្ដាញ​សាខា​បក្ស​នៅ​ក្រៅ​ប្រទេស អាច​នឹង​បម្រើ​ឲ្យ​ទិសដៅ​មួយ​ចំនួន​ដែល​អ្នកគាំទ្រ​ទ្រឹស្ដី​បក្ស​ហៅថា “ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ” ឬ​ថា​លើស​ពី​ពីរ ឬ​ក៏​ថា​សត្វ​មួយ​ទ្រុង ឬ​មួយ​ហ្វូង។

ដោយ​មិន​និយាយ​អំពី​ភាព​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាម​ការណែនាំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ៖

  • ទី១ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ដល់​បេក្ខភាព​កូនប្រុស​ជា​អនាគត​នាយករដ្ឋមន្ត្រី ព្រោះ​ថា​ក្តី​សង្ឃឹម​លើ​សមាជិក​បក្ស​ឯ​ក្នុង​ប្រទេស​ដូចជា​មិនសូវ​ច្រើន​លើសលប់ មិនសូវ​មូល​មាត់​គ្នា​ជា​ឯកច្ឆន្ទ​ក្នុង​ជួរ​បក្ស។
  • ទី​២ ប្រមូល​លិខិត ញត្តិ​គាំទ្រ​ធ្វើ​ស្ថិតិ​របាយការណ៍​បង្ហាញ​សមាជិក​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស​អំពី​ចំនួន​អ្នកគាំទ្រ​ប្រជាប្រិយភាព​នៃ​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី បង្អួត ទប់ទល់​គូប្រជែង​ឯទៀត។
  • ទី​៣ ដើម្បី​វាស់វែង​ថ្លឹងថ្លែង​អំពី​ចំនួន​អ្នកគាំទ្រ ឬ​សមាជិក​បក្ស ថា​តើ​ល្មម​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​បាន​ហើយ​ឬ​នៅ។
  • ទី​៤ ប្រើ​កម្លាំង​ខ្មែរ​បរទេស​ត្រៀម​វាយបក​ការ​រិះគន់​គោល​នយោបាយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មកពី​គេ​ដឹង​ថា​ខ្មែរ​ក្រៅ​ស្រុក​ខ្លះ​មាន​ធនធាន តែ​ត្រូវការ​ការ​ទទួលស្គាល់​ឈ្មោះ មុខមាត់ ខ្លះ​ត្រូវការ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន មាន​យសស័ក្ដិ លុយ​កាក់ លាភ​សក្ការៈ ជាដើម។ ពលរដ្ឋ​ខ្មែរ​ឯ​បរទេស​អាច​ធ្វើ​កិច្ចការ​ឲ្យ​គេ​ដោយ​ប្រើ​ធនធាន​តិច ហើយ​រៃអង្គាស​លុយ​ជួយ​បក្ស ហើយ​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក អង់គ្លេស​ហៅថា symbiosis រួច​បង្កើត​ជា​ប្រព័ន្ធ​គ្រប់គ្រង​បែប mediocracy អូស​ទាញ​អប្បពុទ្ធិជន អប្បបញ្ញាជន ឬ​មនុស្ស​មិន​ដឹង​ច្បាស់​នូវ​សេចក្តី​ពិត និយម​លុតក្រាប ត្រៀម​ខ្លួន​ផ្គាប់ចិត្ត​ចៅហ្វាយ ហៅ​ជា​អង់គ្លេស​ថា sycophants។
  • ទី​៥ ដើម្បី​ប្រើ​សមាជិក អ្នកគាំទ្រ អ្នក​រក​ប្រយោជន៍​ទាំងពួង​នោះ​ជា​ភ្នែក​ជា​ច្រមុះ ជា​អ្នក​យក​ការណ៍ ស៊ើប​ការណ៍ ជា​គិញ​តាមដាន​ខ្មែរ​ដូច​គ្នា​ជា​ក្រុម​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។
  • ទី​៦ រៀបចំ​យុទ្ធសាស្ត្រ​យូរអង្វែង ត្រៀម​ដើម្បី​អនុវត្ត​ផែនការ​មហិច្ឆតា​នយោបាយ​ជា​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​ទៀត តាម​ចក្ខុវិស័យ ទស្សនវិស័យ​របស់​អ្នក​ដឹកនាំ​បក្ស global views។
សមាជិក​នៃ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ចប្រជុំ​បូក​សរុប​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២២ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​លាក់លៀម​អំពី​គោលបំណង និង​កិច្ចប្រឹងប្រែង​ដាក់​កូនប្រុស ហ៊ុន ម៉ាណែត ឲ្យ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​នា​អនាគត​ដ៏​ខ្លី​នោះ​ទេ ទោះ​ជា​មាន​ការរិះគន់​ធ្ងន់ធ្ងរ​ពី​មជ្ឈដ្ឋាន​ជាច្រើន រួម​ទាំង​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​ខ្លះ​ក៏ដោយ។ លោក​បាន​នាំ​កូនប្រុស​របស់​លោក​ចេញ​ធ្វើ​ទស្សនកិច្ច​ឯ​បរទេស​ជំនួស​អ្នក​ដទៃ​ដែល​មាន​បុណ្យស័ក្តិ​ខ្ពស់ មាន​បទពិសោធន៍ មាន​អាយុ​ច្រើន​ជាង។ លោក ហ៊ុន សែន ក៏​មិនមែន​ធ្វើ​ការងារ​នេះ​ដោយ​ឥត​ក្បួនខ្នាត​ឥត​ប្រុងប្រយ័ត្ន​ដែរ។

  • ដើម​ខែ​មិថុនា ឆ្នាំ​២០១៩ លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​នៅ​សិង្ហបុរី ក្នុង​នាម​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក។
  • ដើម​សប្តាហ៍​ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក ហ៊ុន សែន លេច​មុខ​ពី​ការ​បាត់​មុខ​ប្រមាណ​មួយ​សប្តាហ៍ ដឹក​ដៃ​កូនប្រុស​ទៅ​ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​ក្រុង​ប៉េកាំង។
  • ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន ជួប​ប្រធានាធិបតី​យៀកណាម ង្វៀង ស៊ួនហ្វុក ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ចំនួន​៧ ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ដឹក​ដៃ​កូនប្រុស​ទាំង​បី គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី ណែនាំ​ឲ្យ​ជួប​គួរសម រួច​បរិភោគ​អាហារ​ជាមួយ​មេដឹកនាំ​យៀកណាម នៅ​និវាសនដ្ឋាន​របស់​លោក។
  • ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន សែន ដឹក​ដៃ​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះរាជ​មាតា នរោត្តម មុនីនាថ សីហនុ ក្នុង​ព្រះបរមរាជវាំង ដើម្បី​ទូល​ណែនាំ​អំពី​ការ​ដាក់​កូនប្រុស​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ជំនួស​លោក​នា​អនាគត​ដ៏​ខ្លី​ខាងមុខ។
  • ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន សែន ឲ្យ​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រតិភូ​យោធា​ទៅ​ជួប និង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អគ្គ​មេបញ្ជាការ​កងទ័ព​ជើងគោក​រាជាណាចក្រ​ថៃឡង់ដ៍ ឧត្តមសេនីយ៍ ណារុងផាន់ ជិតកែវថែរ ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មួយ​រូប​សុំ​មិន​ចេញ​ឈ្មោះ ព្យាយាម​ឆ្លើយ​នឹង​សំណួរ​ពី​មជ្ឈដ្ឋាន​សួរ​ថា ហេតុ​អ្វី​លោក ហ៊ុន សែន ឲ្យ​កូនប្រុស​ដើរ​ឆ្វែល​ខាងក្រៅ​ប្រទេស​មុន​គាល់​ព្រះរាជា​ខ្មែរ ឬ​មុន​នឹង​ដើរ​ជួប​គួរសម​ពលរដ្ឋ​ខ្លួនឯង​ទូទាំង​ក្នុង​ផ្ទៃ​ប្រទេស? ចម្លើយ គឺ​មកពី​លោក ហ៊ុន សែន ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ទាំង​ក្សត្រ ទាំង​រាស្រ្ត ទាំង​បក្ស​របស់​លោក មិន​ហ៊ាន​ក្អក​នឹង​លោក​ទេ ក្រៅតែ​ពី​លួច​ក្តៅក្រហាយ​ក្នុង​ចិត្ត ឬ​អ្នក​រិះគន់​ព្រឹក​ល្ងាច​បន្តិចបន្តួច ហើយ​រលត់​បាត់​ស្ងាត់​អស់​នោះ។

លោក ហ៊ុន សែន ដឹង​ច្បាស់​ថា បំណង អំពើ និង​ទង្វើ​របស់​លោក​អាច​ធ្វើ​ឲ្យ​មនុស្សម្នា​មួយ​ចំនួន​ធំ​មិន​សប្បាយ​ចិត្ត។ លោក​ថែមទាំង​ធ្លាប់​និយាយ​ថា បើ​មិន​ឲ្យ​លោក​គិត លោក​គាំទ្រ​កូន​របស់​លោក​ខ្លួនឯង​នោះ តើ​ឲ្យ​លោក​ទៅ​គិត ទៅ​គាំទ្រ​កូន​អ្នក​ណា? លោក​ក៏​ដឹង​ទៀត​ថា លោក​និយាយ​បែប​ហ្នឹង ឆ្លុះ​ឲ្យ​ឃើញ​ថា​លោក​អត់​បាន​គិតដល់​កូន​ខ្មែរ​ឯទៀត​ឡើយ។ នេះ​ចាត់ទុក​ថា​លោក​មាន​បញ្ញា ឬ​ការ​ដឹង​ច្បាស់​នូវ​សេចក្តី​ពិត ប៉ុន្តែ​លោក​មិន​ខ្វល់​អ្វី​ទេ ព្រោះ​ថា​បញ្ញា​តាម​ការ​ពន្យល់​ក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត មាន​ន័យ​ថា សេចក្តី​ដឹង​កើត​អំពី​ការ​រៀន ស្តាប់ គិត សួរ (ឬ​ឆ្ងល់)។ បើ​មនុស្ស​យើង​គ្រប់រូប​មិន​រៀន មិន​ស្តាប់ មិន​គិត មិន​សួរ ឬ​មិន​ចេះ​ឆ្ងល់ តើ​ទទួល​បាន​បញ្ញា​ថា​ត្រូវ​ធ្វើ​ដូចម្តេច​នោះ​ពី​ណា​មក?

បរមគ្រូ គុង ជឺវ (Kong Qiu ឬ Kong Zi) កើត​ក្រោយ​ព្រះពុទ្ធ​សក្យមុនី​គោតម​ប្រមាណ ១៤​ឆ្នាំ អប់រំ​ជនជាតិ​ចិន សម័យ​បុរាណ​ថា៖ “រៀន ហើយ​អត់​គិត គឺជា​ការ​ខ្ជះខ្ជាយ (ពេលវេលា ធនធាន)។ គិត ហើយ​អត់​រៀន​នោះ គឺ​គ្រោះថ្នាក់​បំផុត។”

លោក ហ៊ុន សែន គិត ប៉ុន្តែ​មិន​បាន​រៀន ព្រោះ​លោក​ដើរ​ផ្ទុយពី​បទបញ្ជា​ផ្ទៃក្នុង​បក្ស និង​របៀប​ដឹកនាំ​នៃ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ លោក​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះ​គូបដិបក្ខ​របស់​ខ្លួន ដាក់​កូន​ឡើង​កាន់​អំណាច​រំលង​ឈ្មោះ​មន្ត្រី​បក្ស​តាម​លំដាប់​លេខ​រៀង អត់​ខ្វល់​នឹង​អ្នក​នៅ​ជុំវិញ​លោក​ក្នុង​ជួរ​បក្ស ដែល​មាន​ភក្ដីភាព សមានចិត្ត​ចំពោះ​បក្ស និង​ចំពោះ​រូបលោក​នា​គ្រា​មុន។

មេដឹកនាំ​យោធា​នៅ​ភូមា ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំ​ផ្ដាច់ការ​សម័យ​មុន​នៅ​ហ្វីលីពីន នៅ​ឥណ្ឌូនេស៊ី នៅ​ថៃឡង់ដ៍ ក៏​មិន​ដាក់​កូន​ខ្លួនឯង​ឲ្យ​កាន់​តំណែង​ជំនួស។ របប​កុម្មុយនីស្ត​នៅ​ប្រទេស​ចិន និង​យៀកណាម ក៏​មិន​ដាក់​កូន​ខ្លួនឯង​ឲ្យ​កាន់​អំណាច​ស្នង​ត​ត្រកូល​ដែរ។ ក្រុម​យោធា​គេ​យក​អ្នក​ដឹកនាំ​ល្អ​តាម​ជំនាន់ តាម​លំដាប់​លេខ​រៀង ក្រុម​កុម្មុយនីស្ត​ក៏​ដូច​គ្នា​ដែរ ហើយ​ក្រៅពី​នេះ ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​សេរី គេ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត។

កូនស្រី​ប្រធានាធិបតី សឺការណូ នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី អ្នកស្រី មេហ្គាវត្តី សឺការណូបុត្រី ឈ្នះ​ឆ្នោត​ជាប់​ជា​ប្រធានាធិបតី។ ឥឡូវ​នេះ កូនស្រី​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ អ្នកស្រី Sara Duterte Carpio អាយុ ៤៣​ឆ្នាំ កំពុង​ប្រកួត​ប្រជែង​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២២ នេះ។

បើ​ឲ្យ​កូនបង្កើត​ចូលរួម​ការ​បោះឆ្នោត ហើយ​ប្រើ​វិធី​ខ្មៅ​ងងឹត​លួច​បន្លំ​ក្លែងក្លាយ​ប្រព័ន្ធ និង​លទ្ធផល​ឆ្នោត​លើ​ដៃគូ​របស់​ខ្លួន​នោះ វា​ជា​របៀប​គ្រប់គ្រង​នគរ​អាក្រក់​បំផុត​គ្មាន​លេខ​ដាក់​ទេ។ បើ​ឲ្យ​កូន​ស្នង​អំណាច​ដូច​កូរ៉េ​ខាងជើង​នោះ​វិញ វា​ល្អ​ប្រសើរ​ជាង ហើយ​មិនបាច់​ចាយ​បង្ហិន​ថវិកា​ជាតិ​ផង។

លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២២ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រៀនសូត្រ​ចេះដឹង​ពី​បស្ចិម​ប្រទេស​មែន​ពិត ប៉ុន្តែ​បើ​លោក​គិត​ធ្វើ​តាម​ផែនការ​ឪពុក​របស់​លោក​នោះ លោក​ក៏​គ្មាន​តម្លៃ​សម្រាប់​អនាគត​លោក​ដែរ។

ទី​១ លោក​មា​នឈ្មោះ​ក្នុង​សេចក្តី​រាយការណ៍​លើ​ឆាក​អន្តរជាតិ​ក្នុង​ត្រកូល​គ្រួសារ​លួច​ជាតិ​រួច​ទៅ​ហើយ ជាមួយ​នឹង​ប្អូនៗ​របស់​លោក។ ៦​ឆ្នាំ​មុន ខែ​កក្កដា ឆ្នាំ​២០១៦ អង្គការ​អន្តរជាតិ​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​លួច​ធនធាន​ធម្មជាតិ​ក្នុង​ពិភពលោក​ឈ្មោះ Global Witness ផ្សាយ​សេចក្តី​រាយការណ៍​មាន​ចំណងជើង​ថា Hostile Takeover ឬ​ប្រែ​ថា ប្រើ​អំណាច​សម្រុក​ច្បាម​កាន់កាប់ ហៅ​របប​គ្រប់គ្រង​សព្វថ្ងៃ​ជា​របប kleptocracy។

វចនានុក្រម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង Marriam-Webster ឲ្យ​និយមន័យ kleptocracy ថា៖ «រដ្ឋាភិបាល​ដោយ​មនុស្ស​ស្វែងរក​ឋានៈ វណ្ណៈ និង​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គៃ​យក​ពី​អ្នក​ដទៃ» ពោល​គឺ​ដូចជា​ពាក្យ​សាមញ្ញ​ខ្មែរ​ថា ភ្ជួរ​ស្រែ​លើ​ខ្នង​រាស្រ្ត។ វចនានុក្រម​ភាសា​អង់គ្លេស​ផ្ទាល់ Cambridge ឲ្យ​និយមន័យ kleptocracy ថា «សង្គម​មួយ​ដែល​មេដឹកនាំ​សង្គម​នោះ​ស្វែងរក​ធ្វើ​មាន​ស្តុកស្តម្ភ ធ្វើ​ធំ​មាន​អំណាច​តែ​ពួកគេ ដោយ​លួច​ពី​អ្នក​ដទៃ (ក្រៅពី​ពួកគេ​នោះ គឺ​លួច​ពី​ពលរដ្ឋ​ជា​ជាតិ​របស់​ខ្លួន»។ និយមន័យ​ទាំង​ពីរ​នេះ យើង​អាច​ផ្គុំ​ពាក្យ​ខ្មែរ​ឲ្យ​និយមន័យ​ថា kleptocracy គឺ​ចោរ​កម្មាធិបតេយ្យ។

ទី​២ លោក ហ៊ុន ម៉ាណែត មិន​អាច​ព្យាករ​ថា​យក​ជ័យជម្នះ​លើ​គូប្រជែង​បាន​ទេ តាម​ការ​បោះឆ្នោត​ថ្ងៃ​មុខ ដោយ​សេរី យុត្តិធម៌ និង​សុចរិត។ ក្រុម​របស់​លោក ហ៊ុន សែន បាន​ជួយ​ផ្តើម​គំនិត​ពី ៧​ឆ្នាំ​មុន គឺ​ពី​ឆ្នាំ​២០១៤-២០១៥ រើស​សមាជិក​ក្រៅ​ប្រទេស រៀបចំ​អង្គការ​ចាត់តាំង ឲ្យ​មុខ​តំណែង ដើម្បី​ឲ្យ​ជួយ ហ៊ុន ម៉ាណែត សម្រេច​ទិសដៅ​សម្រេច​បំណង។

ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​កំពុង​ធ្វើ​ការងារ​ជា​ពលករ​ធ្វើ​ចំណាកស្រុក​ឯ​ប្រទេស​ថៃឡង់ដ៍ មាន​ចំនួន​ច្រើន​លើស​ប្រទេស​ដទៃ​ដល់​ទៅ​រាប់​លាន​នាក់ គំនិត​ថ្មី​បង្កើត​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ ក៏​ចាប់​បដិសន្ធិ​នៅ​ឆ្នាំ​២០១៨ ដោយ​យោង​តាម​គម្រោង​ដូច​គ្នា​នេះ​ពី​ឆ្នាំ​២០១៥។

នៅ​ចន្លោះ​ឆ្នាំ​នោះ ការ​ប៉ុនប៉ង​រៀបចំ​ចងក្រង​ជា​សហជីព​តាម​រោងចក្រ តាម​សហគ្រាស​ក្នុង​ប្រទេស​ថៃឡង់ដ៍ ពី​សំណាក់​ប្អូនប្រុស ហ៊ុន ម៉ាណែត គឺ ហ៊ុន ម៉ានី មិន​បាន​សម្រេច។ តទៅ​នេះ សូម​ជូន​គម្រោង​កសាង​ពង្រឹង​បក្ស​ប្រចាំ​ប្រទេស​ថៃ ជា​បន្ត​ទៅ​ទៀត។

ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​សាមុតប្រាកាន មាន​សមាសភាព ៥៣​នាក់។

ប្រធាន​បុរស​ឈ្មោះ៖

  • ទេព ណាវី

អនុប្រធាន​ស្ត្រី​ឈ្មោះ៖

  • សៅ ស្រីពៅ
  • ជា រដ្ឋា

អនុប្រធាន​បុរស​ឈ្មោះ

  • សុខ សុគន្ធា
  • ឌិន ស៊ីវុទ្ធី
  • ហង្ស តារា
  • សេង វាយោ

សមាជិក​បុរស​ឈ្មោះ៖

  • គិត ថាន់ថា
  • សៅ ខូសាតូ
  • ឃៀង សុណាឌីន
  • អ៊ិន ឆៃវ៉ាន
  • ផន សុធារ៉ា
  • ឆន រដ្ឋា
  • ណុប សុភ័ក្រ
  • ភួង លាងហេង
  • មឿង វ៉ាន់នី
  • ហូវ ពិសិដ្ឋ
  • ហ៊ឹម សុវណ្ណារ៉ា
  • សរ រដ្ឋា
  • ប៉ុក ផល្លា
  • កែ ឧត្តម
  • ស៊ឹង សុម៉ាឡា
  • ឡុង ភិរុណ
  • យ៉ុង តាំងលីហៀង
  • សេង ច័ន្ទតុលា
  • ភឿន ឈុង
  • តាំង គីមស្រ៊ុន
  • សឿន គីមសួរ
  • យ៉ែម សាម៉ុន
  • ហេង សារិទ្ធ
  • នាង សង្ហា
  • ញឹម ចាន់ទី
  • ភោគ ចំរើន
  • ជុំ ប៊ីត
  • សេង សារិន
  • អិត វាសនា
  • ជឿន រុទ្ធី
  • ម៉ៅ គូ
  • ម៉ោង វីរៈ
  • ជីម ប៊ុនលី
  • ពុំ មុន្នីរ័ត្ន
  • ព្រឿង រិទ្ធី
  • គឺ ច័ន្ទគតិយុត្តិ
  • រឿន ថារិទ្ធ
  • អ៊ឹម វាសនា
  • ឆាត សុឆេត

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ថៃ លក្ខិណា
  • ឃុន សុនីតា
  • ចាន់ គន្ធា
  • ទិត សុខុម
  • ស កន្និការ
  • ម៉ាលីស សុនិកា
  • ណេង ស្រីណុច។

ក្រុម​ទទួលបន្ទុក​តំបន់​ខេត្ត​ឆាក់ឈើងសាវ មាន​សមាសភាព ២៣នាក់។

ប្រធាន​បុរស​ឈ្មោះ៖

  • ម៉ម វណ្ណៈ

អនុប្រធាន​បុរស​ឈ្មោះ៖

  • ហែម វុទ្ធី
  • ឃឹម សុសំរេច
  • ហេង ហ៊ត។

សមាជិក​បុរស​ឈ្មោះ៖

  • ឈឹម ឆែម
  • លាវ ស្រេង
  • ប៉ា សំវឌ្ឍនៈ
  • វណ្ណ វណ្ណៈ
  • ប៊ុន សំផន
  • អ៊ុក វិចិត្រ
  • ហ៊ុំ សុផុន
  • គិន ប៊ូកាន
  • បុន បុរី
  • ទៀវ វិសុទ្ធ
  • នុត សីហា
  • ផន សុវណ្ណ
  • សាម គឹមហុង
  • ឡេង វណ្ណា
  • ជី គឹមហ៊ន
  • អាន វ៉ាន់ថា។

សមាជិក​ស្ត្រី​ឈ្មោះ៖

  • ឌី មុល្លិកា
  • ហួត ផល្លា
  • ឡៅ ស៊ាវអ៊ីញ។

ភាគ​បន្ត​ពី​តំបន់​ខេត្ត​សារៈបុរី ដល់​តំបន់​ខេត្ត​សងក្លា សូម​ជូន​សប្តាហ៍​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស