32.5 C
Phnom Penh

អត្តសញ្ញាណ​ជាតិ​ខ្មែរ​កំពុង​ជួប​គ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ពី​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជាច្រើន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដែល​ពួកគេ​អះអាង​ថា​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​វិនាស​ហិនហោច ដោយសារ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន។

អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដ៏​ធំ​បំផុត​នោះ គឺ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ជាច្រើន​ទៀត​ដែល​កំពុង​ឈរ​ត្រដែត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ តើ​អ្វី​ទៅ​ដែល​ជា​ហានិភ័យ​សម្រាប់​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ដែល​កំពុង​ប្រឈម​នេះ?

ពី​មុន​គេ​ឃើញ​សំណង់​ប្រាសាទ​មាន​ទម្រង់​ស្រដៀង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដាក់​សម្គាល់​លើ​ទង់ជាតិ​ខ្មែរ ត្រូវ​បាន​អ្នក​ទេសចរ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ឃើញ​មាន​សង់​នៅ​ប្រទេស​ចិន និង​នៅ​ប្រទេស​ថៃ ដែរ។

នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ទៀត ក៏​ឃើញ​លេច​ត្រដែត​សំណង់​បែប​នេះ​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម ដែរ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​កម្រើក​អ្វី​បន្តិច​ដើម្បី​ការពារ​អត្តសញ្ញាណ​ព្រលឹង​ជាតិ​ខ្មែរ​ឡើយ។

ប្រមាណ​តែ​ជាង ២​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​មាន​ការ​ដក​សិទ្ធិ​គ្រប់គ្រង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន សុខា របស់​ឧកញ៉ា សុខ គង់ នៅ​ដើម​ឆ្នាំ​២០១៦ ក៏​ស្រាប់​តែ​នៅ​ឆ្នាំ​២០១៨ វៀតណាម​បាន​សាងសង់​រួចរាល់​នូវ​សំណង់​អង្គរវត្ត​នៅ​ក្រុង​ទេសចរណ៍​ដាណាង លើ​ទឹកដី​វៀតណាម ដែល​មាន​ទម្រង់​ស្រដៀង​គ្នា​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ដែរ។

កាលពី​ឆ្នាំ​២០០០ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សុខា របស់​ឧកញ៉ា សុខ គង់ គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​រយៈពេល ៩០​ឆ្នាំ។ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​សម្រេច​ដក​សិទ្ធិ​គ្រប់គ្រង​អង្គរវត្ត​ពី​ក្រុមហ៊ុន សុខា វិញ ហើយ​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៦។

កត្តា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាំង ថា​តើ​មូលហេតុ​អ្វី​បាន​ជា​ក្រោយ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​អង្គរវត្ត​ពី​ក្រុមហ៊ុន សុខា តែ​ប្រមាណ ២​ឆ្នាំ​សោះ វៀតណាម​បែរជា​សង់​ប្រាសាទ​ស្រដៀង​អង្គរវត្ត​របស់​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប រួចរាល់​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​វៀតណាម​ទៅវិញ?

រចនាបថ និង​ប្លង់​ប្រាសាទ​ស្រដៀង​នឹង​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​សាងសង់​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម នា​ពេល​កន្លង​មក។

តើ​នេះ​ជា​រឿង​គាប់ជួន ឬ​វៀតណាម​បាន​ត្រៀម​ខ្លួន​យ៉ាង​ច្បាស់​ក្នុង​ការ​ចម្លង​ប្រាសាទ​របស់​ខ្មែរ​ធ្វើជា​ប្រាសាទ​របស់​ខ្លួន ដើម្បី​សម្លាប់​វិស័យ​ទេសចរណ៍​របស់​ខ្មែរ? តើ​បញ្ហា​នេះ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ​ឬ​ទេ?

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សម្ដែង​ក្តី​បារម្ភ​ថា កាលណា​វៀតណាម​សង់​ប្រាសាទ​ស្រដៀង​អង្គរវត្ត​នៅ​លើ​ទឹកដី​វៀតណាម នោះ​ប្រាសាទ​អង្គរវត្ត​ដើម​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ព្រលឹង​ជាតិ​ខ្មែរ​នៅ​ខេត្ត​សៀមរាប អាច​នឹង​ត្រូវ​គេ​រៀប​ផែនការ​បំផ្លាញ​កាន់តែ​ឆាប់។

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​របស់​កម្ពុជា លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ធ្លាប់​អះអាង​ថា ការ​សាងសង់​ប្រាសាទ​នោះ ភាគី​វៀតណាម​ពិតជា​មិន​បាន​សុំ​សិទ្ធិ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​លោក គឹម សុខ អះអាង​ថា ចម្លើយ​របស់​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ខ្មែរ​រូប​នេះ​នៅតែ​មិន​អាច​បំភ្លឺ​ធ្វើ​ឲ្យ​ជ្រះ​ចម្ងល់ ឬ​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​បាន​នោះ​ទេ ថា​តើ​ពួក​អ្នក​មាន​អំណាច​នៅ​កម្ពុជា ពិតជា​មិន​គប់គិត​ជាមួយ​វៀតណាម​មែន​ឬ​យ៉ាង​ណា​នោះ?

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​កម្ពុជា លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ។

មូលហេតុ​សំខាន់ គឺ​សំណង់​បែប​នេះ​មិនមែន​សង់​មួយ​រយៈពេល​ខ្លី​ដែល​ងាយ​លាក់បាំង​ឡើយ។ ហេតុ​អ្វី​វៀតណាម​ធ្វើ​បាន​សម្រេច​ងាយៗ​ម្ល៉េះ?

លោក គឹម សុខ ពន្យល់​ថា គួរតែ​បើ​ការ​ស៊ើបអង្កេត​ឡើងវិញ​អំពី​របៀប​គ្រប់គ្រង​របស់​ក្រុមហ៊ុន សុខា លើ​ប្រាសាទ​អង្គរវត្ត​ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​កន្លងមក​នេះ មិន​អាច​ទុកចិត្ត​បាន​ទេ ថា​មិន​ធ្វើ​ឲ្យ​បាត់​ថ្ម​អង្គរ​របស់​ខ្មែរ ព្រោះតែ​ជាង ២​ឆ្នាំ​ក្រោយ​បញ្ចប់​កុងត្រា វៀតណាម​អាច​សង់​ប្រាសាទ​ស្រដៀង​អង្គរវត្ត​ខ្មែរ​បាន​សម្រេច​នៅ​លើ​ទឹកដី​វៀតណាម​ទៅ​ហើយ។

អ្នកវិភាគ​នយោបាយ​និង​សង្គម​រូប​នេះ និយាយ​ថា «ប្រយ័ត្ន វៀតណាម​លួច​យក​ផ្ទាំង​សិលា​ប្រាសាទ​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ម្ដង​មួយៗ​ទៅ​ប្រទេស​វៀតណាម ដើម្បី​រៀប​ធ្វើ​អង្គរវត្ត​នៅ​វៀតណាម រីឯ​ផ្ទាំង​សិលា​ប្រាសាទ​ខ្មែរ​នៅ​ខេត្ត​សៀមរាប ត្រូវ​គេ​ដាក់​ជំនួស​ដោយ​ដុំ​ថ្ម​ថ្មីៗ​ក្លែងក្លាយ​បន្លំ​ភ្នែក»

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ថត​ថ្ម​ប្រាសាទ​ដែល​វៀតណាម​សង់​នោះ​មក​ពិនិត្យ​វិភាគ​ដោយ​អ្នកជំនាញ​ឲ្យ​បាន​ហ្មត់ចត់ តើ​វៀតណាម​បាន​ផ្ទាំង​ថ្ម​មកពី​ណា​យក​ទៅ​សង់?

ចំណែក​ឯ​អ្នក​តាមដាន​កិច្ចការ​សង្គម និង​នយោបាយ បណ្ឌិត សេក សុជាតិ បាន​ចោទ​ជា​សំណួរ​ជាច្រើន​ថា តើ​កម្ពុជា​គួរ​បណ្ដោយ​ឲ្យ​បរទេស​រំលោភបំពាន​លើ​បេតិកភណ្ឌ​របស់​ខ្លួន​បន្ត​រហូត​ដល់​ពេល​ណា? តើ​អ្វី​ជា​ចំណាត់ការ​យូរអង្វែង​របស់​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ការ​រំលោភបំពាន​លើ​បេតិកភណ្ឌ​ជាតិ​ជាបន្តបន្ទាប់​រហូត​មក​ពី​សំណាក់​បរទេស?

តើ​នៅ​ក្នុង​ដំណាក់កាល​នេះ កម្ពុជា​ហ៊ាន​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​មិត្ត​វៀតណាម ដែរ​ឬ​ទេ? រឿង​នេះ ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ទូទៅ។

រឿងរ៉ាវ​គួរ​ឲ្យ​កត់សម្គាល់​មួយ គឺ​កន្លងមក ពួក​ទេសចរ​វៀតណាម​ដែល​ទៅ​មើល​ប្រាសាទ​អង្គរ​នៅ​ខេត្ត​សៀមរាប ពួកគេ​ហ៊ាន​និយាយ​ពេញ​មាត់​ប្រាប់​គ្នា​គេ​នៅ​មុខ​ភ្ញៀវ​ទេសចរ​ជាតិ​ដទៃ​ទៀត​ថា «វៀតណាម​ជា​អ្នក​កសាង​ប្រាសាទ​អង្គរវត្ត» ហើយ​ភ្ញៀវ​ទេសចរ​វៀតណាម​ទាំងនោះ​ថែមទាំង​បាន​ធ្វើ​ពិធី​សាសនា​តាម​បែប​ប្រពៃណី​ជនជាតិ​វៀតណាម នៅ​ប្រាសាទ​អង្គរវត្ត​ថែមទៀត​ផង។

រូបភាព និង​វីដេអូ​ទាំងនោះ​ត្រូវ​បាន​បង្ហោះ និង​ចែករំលែក​ពេញ​បណ្ដាញ​សង្គម។ ទោះ​មាន​ការ​បំពាន​លើ​ព្រលឹង​វប្បធម៌​ជាតិ​ធ្ងន់ធ្ងរ​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​មិន​មាន​វិធានការ​សមស្រប​ណា​មួយ​ទៅលើ​ភាគី​ប្រទេស​វៀតណាម នោះ​នៅឡើយ​ទេ។

រចនាបថ និង​ប្លង់​ប្រាសាទ​ស្រដៀង​នឹង​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​សាងសង់​នៅ​ខេត្ត​បុរីរុំា ប្រទេស​ថៃ នា​ពេល​កន្លង​មក។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​និយាយ​ថា «វៀតណាម​មិន​ខ្លាច​នឹង​ព្យាយាម​បន្ត​បំភ្លៃ​ដើម្បី​បំផ្លាញ​វប្បធម៌​ព្រលឹង​ជាតិ​ខ្មែរ​នោះ​ទេ»

លោក គឹម សុខ បាន​បង្ហាញ​ការស្រាវជ្រាវ​របស់​លោក​ថា «វៀតណាម​បាន​ផ្សាយ​បណ្ដើរៗ​លើ Wikipedia បោក​ពិភពលោក​ថា ដូនតា​វៀតណាម​ធ្លាប់​កាន់កាប់​ក្រុង​អង្គរ​កាល​សតវត្សរ៍​ទី​១២»

ជាង​នេះ​ទៅទៀត វៀតណាម​ថែមទាំង​កុហក​ទេសចរ​បរទេស​ជាច្រើន​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ថា​ដូនតា​វៀតណាម​របស់​ពួកគេ​ជា​អ្នក​សាងសង់​ប្រាសាទ​អង្គរវត្ត។ វៀតណាម​បាន​ផ្សាយ​បំភ័ន្ត​ថា ភាសា​ខ្មែរ​មាន​អំបូរ​ដើម​ជាមួយ​ភាសា​វៀតណាម ហើយ​ថា​រាជាណាចក្រ​ហ្វូណន ជា​រាជាណាចក្រ​របស់​វៀតណាម។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត ធ្លាប់​បាន​ប្រាប់ The Cambodia Daily ថា វៀតណាម​ហ៊ាន​បំពាន​លើ​កម្ពុជា ពីព្រោះ​វៀតណាម​ដឹង​ថា មេដឹកនាំ​ខ្មែរ​សព្វថ្ងៃ​គឺ​ក្រុម​លោក ហ៊ុន សែន មិន​ហ៊ាន​មាត់ធំ​ដាក់​វៀតណាម​នោះ​ឡើយ​លើ​បញ្ហា​ដែល​វៀតណាម​បំពារបំពាន​ជាទូទៅ ដូចជា​បញ្ហា​ទឹកដី ព្រំដែន និគមជន​អន្តោប្រវេសន៍​ខុសច្បាប់ និង​សកម្មភាព​ល្មើស​ច្បាប់​នានា។

លោក គឹម សុខ ធ្លាប់​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា អំណាច​របស់​លោក ហ៊ុន សែន ចាប់ផ្ដើម​ពី​ការ​អនុវត្ត​ផែនការ «ក៥» របស់​វៀតណាម បំផ្លាញ​កម្លាំង​ការពារ​ជាតិ​ខ្មែរ ចុះ​កិច្ចព្រមព្រៀង និង​សន្យា​ឲ្យ​វៀតណាម​ឈ្លានពាន​ព្រំដែន​ខ្មែរ បង្ហូរ​និគមជន​វៀតណាម​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា ឲ្យ​វៀតណាម​ប្រមូល​យក​ធនធាន​ជាតិ​សព្វសារពើ​ពី​កម្ពុជា​លើ​ដី ក្រោម​ដី និង​ក្នុង​ទឹក ជាដើម។

អ្នកវិភាគ​នយោបាយ​និង​សង្គម​រូប​នេះ សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​មែន ពេល​នោះ​នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​នឹង​អាច​បំផ្លាញ​ព្រលឹង​ជាតិ​ខ្មែរ​បង្ហើយ​តែម្តង។ លោក​អះអាង​ថា «ពេល​កម្លាំង​ការពារ​ជាតិ​ខ្មែរ​ខ្សោយ ហើយ​ព្រលឹង​ជាតិ​ខ្មែរ​ខ្ទេចខ្ទាំ​ទៀត ពេល​នោះ​ជាតិ​ខ្មែរ​ទាំងមូល​អាច​នឹង​ជួប​គ្រោះ​ធំ​ទាំង​ទឹកដី និង​ពូជសាសន៍ ហើយ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​លើ​បញ្ហា​នេះ»

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស