33 C
Phnom Penh

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​ថា​ខ្លួន​កំពុង​ទាញ​ភូមា​ឱ្យ​ចូលរួម​គ្រួសារ​អាស៊ាន​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា ខ្លួន​កំពុង​រៀបចំ​គម្រោង​មួយ​ចំនួន​ក្នុង​គោលដៅ​ជំរុញ​ឱ្យ​របប​សឹក​ភូមា អនុវត្ត​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ក្នុង​គោលបំណង​ទាញ​មីយ៉ាន់ម៉ា ឱ្យ​ចូលរួម​ក្នុង​គ្រួសារ​អាស៊ាន​ពេញលេញ​ឡើងវិញ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា លោក​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ដាក់​ចេញ​នូវ​យន្តការ​បង្កើត​ក្រុម​មិត្ត​មីយ៉ាន់ម៉ា និង​ការ​រៀបចំ​ច្រក​របៀង​ជំនួយ​មនុស្សធម៌ ជាដើម ដើម្បី​ទាញ​ឱ្យ​មីយ៉ាន់ម៉ា ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​បណ្តើរៗ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​រូប​នេះ អះអាង​ថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា នៅ​ពេល​នេះ មិនមែន​ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ឱ្យ​របប​សឹក​ភូមា​នោះ​ទេ ប៉ុន្តែ​ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​មីយ៉ាន់ម៉ា អនុវត្ត​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ក៏​ដើម្បី​ដោះស្រាយ​ពី​ភាព​ជាប់​គាំង​នយោបាយ​របស់​ភូមា​ផង​ដែរ។

លោក ប្រាក់ សុខុន បញ្ជាក់​ថា លោក​បាន​លើកឡើង​នូវ​គោលការណ៍​មួយ​ចំនួន រួម​មាន​ការ​បញ្ឈប់​នូវ​អំពើ​ហិង្សា ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ភូមា ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ក្នុង​នោះ ប្រេសិត​ពិសេស​អាស៊ាន​បញ្ជាក់​ថា នឹង​ដើរ​តួនាទី​ធ្វើជា​ស្ពាន​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​គ្រប់​ភាគី​ទាំងអស់ ទោះ​ភាគី​ខ្លះ​ត្រូវ​របប​សឹក​ភូមា​ចាត់ទុក​ថា​ជា​ក្រុម​ភេរវកម្ម​ក៏ដោយ។

លោក​សង្កត់​ធ្ងន់​ថា បញ្ហា​របស់​ភូមា គឺជា​បញ្ហា​ដែល​ស្មុគស្មាញ និង​ត្រូវការ​ដំណោះស្រាយ​ក្នុង​រយៈពេល​វែង ដូច្នេះ​វិបត្តិ​របស់​មីយ៉ាន់ម៉ា ពិតជា​មិន​អាច​បញ្ចប់​ក្នុង​អាណត្តិ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​បាន​ទេ។

ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ប្រេសិត​ប្រធាន​អាស៊ាន​នេះ លោក មីន អ៊ុងឡាំង បាន​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ ហើយ​សម្រេច​ផ្ដល់​ឱកាស​ឱ្យ​ប្រេសិត​ប្រធាន​អាស៊ាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អ្នកស្រី អ៊ុងសាន ស៊ូជី នា​ពេល​អនាគត។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បាន​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា រយៈពេល ២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ នេះ តប​តាម​ការ​អញ្ជើញ​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​របប​សឹក​ភូមា។

ដំណើរ​ទស្សនកិច្ច​នេះ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) លោក លី យ៉ាមមីង ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន​ផង​ដែរ។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​នូវ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ចំនួន ៥​ចំណុច​នៅ​ទីក្រុង​ចាកាតារ ប្រទេស​ឥណ្ឌូនេស៊ី ស្ដីពី​ជម្លោះ​នៅ​មីយ៉ាន់ម៉ា រួម​មាន​ការ​ផ្អាក​នូវ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជនស៊ីវិល​ដែល​ពុំ​មាន​ប្រដាប់​អាវុធ ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​គិត​ពី​ប្រយោជន៍​ប្រជាជន​ភូមា​ជា​ធំ។ បន្ថែម​ពី​នេះ គឺ​តម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រេសិត​របស់​អាស៊ាន​អាច​ទៅ​ធ្វើ​ទស្សនកិច្ច និង​ជួប​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ភូមា ពោល​គឺ​ជួយ​ដល់​ប្រជាជន​ភូមា និង​ការ​ដោះលែង​នូវ​អ្នកទោស​នយោបាយ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​ភូមា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស