បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជាបានដែរ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លាតសន្ធឹងទៅដល់ផ្លូវជាតិលេខ៤ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាប្រាក់កម្ចីពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
បុរសខ្លាំងកម្ពុជារូបនេះអះអាងថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ប៉ុន្តែទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីអនាគតរុងរឿងត្រចះត្រចង់របស់កម្ពុជា។
លោក ហ៊ុន សែន អះអាងថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជាបានឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។ ដូច្នេះ សមិទ្ធផលជាតិរបស់កម្ពុជាបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិរបស់រដ្ឋាភិបាលកម្ពុជាដោយឥតប្រកែកបាន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចបានសម្ពោធផ្លូវជាបន្តបន្ទាប់ ស្របពេលដែលដំណើរការបោះឆ្នោតកាន់តែខិតជិតមកដល់ដែរនោះ។
លោក ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះបានប្រកាសសម្ពោធសមិទ្ធផលនៃការកសាងរបស់ខ្លួនជាបន្តបន្ទាប់ ដូចជាផ្លូវថ្នល់តាមបណ្តាខេត្តនានា ដូចជាខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ជាដើម។ ជាងនេះទៀត លោក ហ៊ុន សែន បានដាក់វិធានការទប់ស្កាត់ការពារធនធានធម្មជាតិក្នុងបឹងទន្លេសាបជាដើម ប៉ុន្តែទាំងប្រកាសពីសមិទ្ធផល និងវិធានការនានា ត្រូវគេមើលឃើញថាធ្វើឡើងក្នុងបំណងតែទាក់ទាញសន្លឹកឆ្នោតប៉ុណ្ណោះ។
ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មីនា ថា យុទ្ធនាការសម្ពោធសមិទ្ធផលជាច្រើននាពេលកន្លងមករបស់រដ្ឋាភិបាល ជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចបានយកករណីនេះធ្វើជាសន្លឹកបៀសម្រាប់យកប្រៀបលើគណបក្សនយោបាយដទៃទៀត ក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នីតិកាលទី៥ នេះ។
បណ្ឌិត សេក សុជាតិ លើកឡើងថា កន្លងមកការធ្វើនយោបាយនៅកម្ពុជា តែងតែយករូបភាព និងអំណោយជាធំទៅទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត។ ដូច្នេះហើយគណបក្សកាន់អំណាច និងគណបក្សនយោបាយមួយចំនួនទៀត តែងតែប្រើយុទ្ធសាស្ត្រនេះនៅគ្រប់ការប្រកួតប្រជែងនៃការបោះឆ្នោតម្ដងៗ។
ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ទង្វើទាំងឡាយណាដែលធ្វើឱ្យម្ចាស់ឆ្នោតបាត់បង់ទំនុកចិត្ត ឬមើលឃើញពីការធ្វើប្រជាភិថុតិ អាចនឹងធ្វើឲ្យសន្លឹកឆ្នោតរបស់បក្សកាន់អំណាចបាត់បង់ទៅវិញទេ ហើយម្ចាស់ឆ្នោតនឹងងាកទៅគាំទ្រគណបក្សនយោបាយដទៃវិញ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា គណបក្សកាន់អំណាចតែងប្រើល្បិចកលក្នុងការអភិវឌ្ឍប្រទេសជាតិជាថ្នូរនឹងការសុំសន្លឹកឆ្នោតរបស់ពលរដ្ឋគាំទ្រគណបក្សរបស់ខ្លួន។ បក្សកាន់អំណាចមួយនេះតែងសន្យាពីការសាងសង់ផ្លូវថ្នល់ ឬសាលារៀន មន្ទីរពេទ្យ ជាដើម ប៉ុន្តែនៅពេលដែលបានសន្លឹកឆ្នោតហើយ គណបក្សមួយនេះមិនដែលគោរពការសន្យាម្តងណាឡើយ៕