30.4 C
Phnom Penh

កូនប្រុស​លោក ហ៊ុន សែន ថា​ឈឺចាប់​ដែល​ខ្មែរ​ខ្លះ​ខ្លាំង​តែ​ជាមួយ​គ្នា​ឯង​ប៉ុន្តែ​ឱន​ក្បាល​ឲ្យ​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវជា​កូនប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​ឈឺចាប់​ដែល​ឃើញ​ខ្មែរ​មួយ​ចំនួន​ខ្លាំង​តែ​ជាមួយ​រដ្ឋាភិបាល​ខ្លួនឯង ប៉ុន្តែ​ឱន​ក្បាល​ដាក់​បរទេស​ឲ្យ​គេ​មើលងាយ​តាម​អំពើ​ចិត្ត។

លោក ហ៊ុន ម៉ានី បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​យុវជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ កន្លងមក​ថា នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ឬ​ពហុភាគី​ជាមួយ​បរទេស គឺ​ពឹងផ្អែក​តែ​ទៅលើ​សមត្ថភាព​តែ​មួយ​គត់ មិនមែន​អាស្រ័យ​លើ​ភាព​ខ្លាំង​ដែល​ខ្លួន​ធ្វើ​ដាក់​ខ្មែរ​គ្នា​ឯង​នោះ​ទេ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា គ្មាន​អ្វី​ធ្វើ​ឱ្យ​ឈឺចាប់​ជាង​បរទេស​មើលងាយ​លើ​សមត្ថភាព​ខ្មែរ​នោះ​ឡើយ ព្រោះ​ថា​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​មាគ៌ា​ប្រទេស​ជាតិ ប៉ុន្តែ​ខ្មែរ​ខ្លះ​ចង់​ឱ្យ​បរទេស​ជួយ​ពេក តែ​ខ្លាច​គេ​មិន​ជួយ សុខចិត្ត​ឱន​លំទោន​ដាក់​គេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លាំង​វិញ គឺ​ខ្លាំង​បាន​តែ​ជាមួយ​រដ្ឋាភិបាល​ខ្លួនឯង​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​អគ្គមគ្គុទ្ទេសក៍ បាន​សុខចិត្ត​រណប​បរទេស​គ្រប់​បែប​យ៉ាង​ទៅវិញ​ទេ ហើយ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ និង​បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​របស់​ប្រទេស​យ៉ាង​ហិនហោច​ទៀត​ផង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ មីនា ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ានី ពិតជា​មិន​ខុស​នោះ​ទេ ទោះ​សម្ដី​របស់​គាត់​ចង់​សំដៅ​ទៅដល់​ជន​ណា​ខ្លះ ក៏​គ្មាន​នរណា​ហ៊ាន​ដេញដោល​នោះ​ដែរ ប៉ុន្តែ​សម្រាប់​អ្នកដឹកនាំ​ប្រទេស​ដូច​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក​ផ្ទាល់ គឺ​ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង​ប៉ុណ្ណោះ ហើយ​ឱន​ក្បាល​ដាក់​បរទេស ជា​រឿង​ពិត​ដែល​មិន​អាច​ប្រកែក​បាន។

លោក ម៉ែន ណាត លើកឡើង​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​វៀតណាម​លើក​បន្តុប​ជាង ៤​ទសវត្សរ៍​មក​នេះ បាន​ឱន​ក្បាល​ជាមួយ​បរទេស​ដែល​បាន​ធ្វើ​កំហុស​យ៉ាង​ធំ​មហិមា​សម្រាប់​ជាតិ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ជាដើម ដូចជា​ការ​ធ្វើ​ផែនទី​ព្រំដែន​ថ្មី​ខ្នាត ១​លើ ២៥​ពាន់ ដែល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ និង​បាន​សម្បទាន​ព្រំដែន​ទឹក និង​ព្រំដែន​គោក​ឲ្យ​ទៅ​វៀតណាម​យ៉ាង​ធំធេង​ទៀត​ផង។

លោក​បន្ត​ថា លោក ហ៊ុន សែន ក៏​បាន​ធ្វើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មីៗ​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ដោយ​ផ្អែកលើ​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់​ឆ្នាំ​១៩៨៥។ លើស​ពី​នេះ មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បោះ​បង្គោល​ព្រំដែន​ថ្មី​ឡើងវិញ​ជាមួយ​វៀតណាម ដោយ​បំភ្លេច​ចោល​បង្គោល​ព្រំដែន​ពី​សម័យ​បារាំង ១២៤​បង្គោល ដែល​ជា​ការ​ធ្វើ​សម្បទាន​ទឹកដី​ព្រំដែន​គោក​ឲ្យ​ទៅ​វៀតណាម​បន្ថែម​ទៀត។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្រៅពី​ធ្វើ​កិច្ចព្រមព្រៀង​ខុសច្បាប់​សម្បទាន​ទឹកដី​ឱ្យ​បរទេស លោក ហ៊ុន សែន ក៏​បាន​ចូលរួម​ជាមួយ​ផែនការ​វៀតណាម​ដាក់​ខេត្ត​ខ្មែរ​ចំនួន​៤ ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ភូមិភាគ​ឥសាន​ផង​ដែរ ដែល​ជា​ហានិភ័យ​យ៉ាង​ខ្លាំង​សម្រាប់​អនាគត​ជាតិ​ខ្មែរ​ទៅ​ថ្ងៃ​មុខ។

លោក​បន្ត​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដោយ​ទទួលស្គាល់​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​ជា​របស់​វៀតណាម ដែល​ជា​ការ​ធ្វើ​សម្បទាន​ដែនសមុទ្រ​ឲ្យ​ទៅ​វៀតណាម​ថែម​ទៀត ព្រមទាំង​ចេញ​សារាចរ​ណែនាំ​ឆ្នាំ​១៩៨៦ និង​សន្ធិសញ្ញា​មិត្តភាព​ឆ្នាំ​១៩៧៩ ដែល​អនុញ្ញាត​ឲ្យ​និគមជន​វៀតណាម​ខុសច្បាប់​មក​រស់នៅ​កម្ពុជា​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​តវ៉ា​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​ដោយ​គ្មាន​ករណី​លើកលែង ហើយ​ការ​ព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​អ្នក​តវ៉ា​រឿង​ព្រំដែន​ជាច្រើន​នាក់​រួច​មក​ហើយ ក្នុង​នោះ​មាន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ដទៃ​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស