29.3 C
Phnom Penh

លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ករណី​ជនល្មើស​បាន​យក​គោយន្ត​ដឹក​គ្រឿងញៀន​ដែល​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​ពី​ព្រំដែន​ឡាវ បម្រុង​ដឹក​ចូល​មក​កម្ពុជា។

ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក កែ គឹមយ៉ាន លើកឡើង​ថា ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង សមត្ថកិច្ច​បាន​រក​ឃើញ​ការ​ដឹកជញ្ជូន​គ្រឿងញៀន​តាម​គោយន្ត​ពី​ប្រទេស​ឡាវ ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ខណៈ​កន្លងមក គោយន្ត​នេះ​ត្រូវ​បាន​គេ​យក​សម្រាប់​ដឹក​ជី ប៉ុន្តែ​ឥឡូវ​យក​ដឹក​គ្រឿងញៀន​ទាំង​ការុងៗ ហើយ​ការ​ដឹក​នេះ​គឺជា​ការ​ដឹក​ដោយ​ចំហ​ថែម​ទៀត។

លោក​បន្ត​ថា គ្រឿងញៀន​ដែល​គេ​បម្រុង​ដឹក​ចូល​កម្ពុជា​តាម​គោយន្ត​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​នេះ អាជ្ញាធរ​ប្រទេស​ឡាវ ធ្វើការ​បង្ក្រាប​បាន​ខណៈ​គោយន្ត​ទាំងនោះ​ធ្លាប់​តែ​ដឹក​ជី​នៅ​ខេត្ត​ជាប់​នឹង​ព្រំដែន​ខេត្ត​ស្ទឹងត្រែង របស់​ខ្មែរ។

លោក កែ គឹមយ៉ាន បន្ត​ថា បើសិនជា​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​នៅតែ​កើតឡើង​នោះ ប្រាកដ​ជា​ស្លាប់​ខ្មែរ​អស់​ហើយ។ លោក​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ពិតជា​អរគុណ​ដល់​អាជ្ញាធរ​ឡាវ​ដែល​ចាប់​បាន​ទាន់​ពេលវេលា។

លោក​បាន​បញ្ជាក់​បន្ថែម​ថា គ្រឿងញៀន​ដែល​គេ​ដឹក​ដោយ​គោយន្ត​នោះ គឺ​មាន​ចំនួន​បី​គ្រឿង ផ្ទុក​គ្រឿងញៀន​ប្រហែល​ជាង ៦០០​គីឡូក្រាម ហើយ​បម្រុង​ដឹក​ចូល​មក​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​គេ​ចាប់​បាន​ដោយ​ចៃដន្យ ខណៈ​គេ​ទៅ​បង្ក្រាប​ឡាន​គេច​ពន្ធ​នោះ។

បើ​តាម​អាជ្ញាធរ​កម្ពុជា ឱ្យ​ដឹង​ថា ចាប់ពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ចាប់​គ្រឿងញៀន​ជាង ៣​តោន និង​សារធាតុ​គីមី​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​មាន​ប្រមាណ​ជាង ៣០០​តោន​ផ្សេង​ទៀត។

ការ​កើន​ឡើង​នៃ​ការ​ជួញដូរ ផលិត ចែកចាយ​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​អ្នក​ស្នង​តំណែង​ប្រទេស​ជាតិ ដោយសារ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​មាន​ចំនួន​ច្រើន​ត្រូវ​ចាប់​ឃុំ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ខណៈ​បច្ចុប្បន្ន លោក​ថា​គ្រឿងញៀន​កំពុង​បំផ្លាញ​មនុស្ស​ទាំងនេះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ បង្ហាញ​ថា កម្ពុជា​គឺ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស