34 C
Phnom Penh

តុលាការ​លើកលែង​បទ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ លើ​សំណុំរឿង​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើកលែង​ការ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រោយ​ពី​តុលាការ​ចំណាយ​ពេល ១៥​ឆ្នាំ​ធ្វើការ​លើ​សំណុំរឿង​នេះ ពុំ​អាច​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​បាន។

លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ថា តុលាការ​បាន​សម្រេច​លើកលែង​បទ​ចោទប្រកាន់​លើ​លោក ញឹក ប៊ុនឆៃ ដោយសារ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ដើម្បី​ដាក់​បន្ទុក។ លោក​ថា គាត់​មិន​មាន​ការ​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ទេ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ សាម៉ឺឌី កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ។

ដីកា​សម្រេច​លើកលែង​ការ​ចោទប្រកាន់ បាន​បញ្ជាក់​ថា គ្មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​លើ​ឈ្មោះ ញឹក ប៊ុនឆៃ ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​នោះ​ទេ។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ ជា​ករណី​នយោបាយ​សុទ្ធសាធ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​លោក ញឹក ប៊ុនឆៃ និង​ដោះលែង​វិញ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​នយោបាយ។

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មេបញ្ជាការ​ផ្កាយ​បួន​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៧ ពី​បទ​ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៧។ ក្រោយ​មក លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​វិញ​កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក​បាន​ជាប់​ឃុំ​អស់​រយៈពេល ៩​ខែ។

មុន​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​តាម​ស្ថាប័ន​កំពូលៗ​មួយ​ចំនួន​របស់​ជាតិ លោក ញឹក ប៊ុនឆៃ ធ្លាប់​ជា​យុវជន​ឆ្លងកាត់​សង្គ្រាម និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​តាម​ជាយដែន​ខ្មែរ-ថៃ រំដោះ​ប្រទេស​ជាតិ​ពី​ការ​គ្រប់គ្រង​ដោយ​របប ប៉ុល ពត និង​ការ​ឈ្លានពាន​ពី​ប្រទេស​វៀតណាម មក​លើ​កម្ពុជា។

នៅ​ក្រោយ​ការ​បោះឆ្នោត​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣ គឺ​លោក ញឹក ប៊ុនឆៃ មាន​តួនាទី​ជា​អគ្គសេនាធិការ​រង​ទី​១ នៃ​អគ្គសេនាធិការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ។ ស្ថិត​ក្នុង​តួនាទី​នេះ លោក ញឹក ប៊ុនឆៃ ធ្លាប់​កាន់កាប់​តំណែង​បាន ៣​ឆ្នាំ ពោល​រហូត​ដល់​ឆ្នាំ​១៩៩៧។

ក្រោយ​ពេល​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ព្រះរាជទាន​លើកលែង​ទោស និង​មាន​ដំណោះស្រាយ​នយោបាយ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​២ ព្រឹទ្ធសភា នៅ​ឆ្នាំ​១៩៩៩។ ស្ថិត​ក្នុង​តំណែង​ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​នេះ​ហើយ បាន​ជំរុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ អាច​ចូលរួម​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៣ នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០០៤។

ស្ថានការណ៍​បាន​រុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ ក្លាយ​ជា​ប្រមុខរដ្ឋ​ស្ដីទី​ជំនួស​លោក ជា ស៊ីម ហើយ​ចុះហត្ថលេខា​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​នៅ​គ្រា​នោះ ខណៈ​លោក ជា ស៊ីម បដិសេធ​មិនព្រម​ចុះហត្ថលេខា​ដោយសារ​ជាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។

ដោយ​ដឹងគុណ​លោក ញឹក ប៊ុនឆៃ រឿង​ចុះហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ​ហើយ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​លោក ហ៊ុន សែន ផ្ដល់​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី និង​តំណែង​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​តែ​មួយ​នេះ គឺ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន​នៃ​កងយោធពល​ខេមរភូមិន្ទ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស