33 C
Phnom Penh

លោក ស ខេង ឯកភាព​បង្កើត​ច្បាប់​គ្រប់គ្រង​សារធាតុ​គីមី​ដែល​អាច​ផលិត​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកភាព​ឲ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ទាំងឡាយ​ដែល​អាច​ផ្សំ ឬ​ផលិត​ជា​គ្រឿងញៀន​បាន ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា ខណៈ​រយៈពេល ៣​ខែ សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ជាង ៣​តោន និង​បង្ក្រាប​សារធាតុ​គីមី​ជាង ៣០០​តោន។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៦ និង​ផ្សព្វផ្សាយ​ផែនការ​បន្ត​លើក​ទី​៧ នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​លួច​បន្លំ​យក​សារធាតុ​គីមី​ទាំងនោះ​ទៅ​ប្រើប្រាស់ ដើម្បី​ផ្សំ​ចេញ​ជា​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា និង​នៅ​ប្រទេស​ទី​៣ ឬ​ទី​៤ ជាដើម។

ស្រប​ពេល​សមត្ថកិច្ច​បាន​និង​កំពុង​បង្ក្រាប​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ធ្វើជា​គ្រឿងញៀន​បាន​ជាបន្តបន្ទាប់​នោះ លោក ស ខេង ថា​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​បាន​អនុញ្ញាត​ឱ្យ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ និង​ផលិត​ជា​គ្រឿងញៀន​ចូល​ដោយ​ស្រប​ច្បាប់​មក​កម្ពុជា ក្នុង​រូបភាព​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ផ្សេងៗ និង​អភិវឌ្ឍ​សេដ្ឋកិច្ច។

ករណី​នេះ លោក ស ខេង ថា​រូបលោក​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌ និង​អគ្គស្នងការដ្ឋាន​នគរបាល ហើយ​បច្ចុប្បន្ន​ស្ថាប័ន​ទាំងនោះ​ក៏​បាន​ឯកភាព​គ្នា​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​មួយ ដើម្បី​គ្រប់គ្រង​សារធាតុ​ទាំងឡាយ​ដែល​យក​ទៅ​កែច្នៃ​ផលិត​គ្រឿងផ្សំ​ដើម្បី​ផលិត​គ្រឿងញៀន​បាន។

លោក ស ខេង ជំរុញ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ខិតខំ​ធ្វើ​ការងារ​ទាំងនេះ ដើម្បី​ទទួល​បាន​ជោគជ័យ ខណៈ​បច្ចុប្បន្ន គ្រឿងញៀន​សារធាតុ​គីមី​ជាង ៣០០​តោន និង​គ្រឿងញៀន​ជាង ៣​តោន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ក្នុង​រយៈពេល ៣​ខែ​ឆ្នាំ​២០២២។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​អ្នក​ស្នង​តំណែង​ប្រទេស​ជាតិ ដោយសារ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​មាន​ចំនួន​ច្រើន​ត្រូវ​ចាប់​ឃុំ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ លោក​បន្ត​ថា បច្ចុប្បន្ន​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​មនុស្ស​ទាំងនេះ​ដោយ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ។

ក្រៅពី​បារម្ភ​ពី​អនាគត​យុវជន​នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បារម្ភ​អំពី​ការ​គ្រប់គ្រង​សន្តិសុខ​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​អ្នកទោស​គ្រឿងញៀន​មាន​ការ​កើន​ឡើង ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​មាន​សភាព​ចាស់​ទ្រុឌទ្រោម។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​សញ្ញា​វិជ្ជមាន​មួយ ដោយ​លោក​ថា​កម្ពុជា​គួរ​មាន​ច្បាប់​មួយ​ក្នុង​ការ​គ្រប់គ្រង​សារធាតុ​គីមី ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​សាធារណៈ ប៉ុន្តែ​បើសិនជា​មាន​ច្បាប់​ហើយ ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​នោះ លោក​ថា​ក៏​មិន​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​ដែរ។

លោក ប៉ិច ពិសី បន្ត​ថា បច្ចុប្បន្ន​គ្រឿងញៀន​កំពុង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​សង្គម​កម្ពុជា ខណៈ​គ្រឿងញៀន​បាន​រីក​រាលដាល​ពី​ទីក្រុង​ចូល​ទៅកាន់​ជនបទ ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​យុវជន។ លោក​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ផុសផុល ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៣០ មីនា លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ករណី​ជនល្មើស​បាន​យក​គោយន្ត​ដឹក​គ្រឿងញៀន​ដែល​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​ពី​ព្រំដែន​ឡាវ បម្រុង​ដឹក​ចូល​មក​កម្ពុជា។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ បង្ហាញ​ថា កម្ពុជា​គឺ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស