ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បញ្ហាបឹងទន្លេសាបដែលជាសម្បត្តិជាតិរបស់កម្ពុជា កំពុងរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានទៅលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ មេសា ថា សម្បត្តិជាតិកម្ពុជាដែលរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ ដើម្បីជួយឱ្យកម្ពុជាគេចផុតពីប្រទេសក្រីក្រ។
បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យសម្រាប់ដឹកនាំប្រទេសទាំងមូល និងអភិវឌ្ឍលើវិស័យមួយៗ ដូចជាវិស័យកសិកម្ម ជាដើម ប្រហែលជាអាចជួយដល់ការដឹកនាំរដ្ឋទប់ស្កាត់កុំឲ្យបញ្ហាកើតមាន និងដោះស្រាយបញ្ហាដែលកើតឡើងឲ្យមានប្រសិទ្ធភាព និងកុំឲ្យបញ្ហាទាំងនោះកើតច្រើនឡើង និងកាន់តែរីកធំបន្ថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគម្របព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ត្រូវបានកាប់ទន្ទ្រាន និងកាន់កាប់ជាកម្មសិទ្ធិពីសំណាក់អ្នកមានអំណាច ដែលជាមូលហេតុធ្វើឱ្យបាត់បង់ជីវចម្រុះមួយផ្នែកធំក្រៅពីការនេសាទខុសច្បាប់ក្នុងពេលបច្ចុប្បន្ននេះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប កម្ចាត់ឈ្មួញប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបឱ្យអស់ បើទោះបីជាត្រូវប្រើមធ្យោបាយណាក៏ដោយ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ធ្លាប់បានអះអាងថា លោកបានចុះស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ដោយបានរកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំនៅលើបឹងទន្លេសាប ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយជនល្មើសជាជនជាតិវៀតណាម បានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ។
បឹងទន្លេសាបជាអាងស្តុកទឹកធម្មជាតិដែលមានមច្ឆជាតិដ៏សំខាន់របស់កម្ពុជា ដែលមានទំហំចំនួន ៣ពាន់គីឡូម៉ែត្រការ៉េនៅរដូវប្រាំង និងមានទំហំចំនួន ១ម៉ឺនគីឡូម៉ែត្រការ៉េនៅរដូវវស្សា ដែលជាប់ខេត្តចំនួនប្រាំមួយ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ផងដែរ ដោយឡែកព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប មានផ្ទៃដីសរុបប្រមាណជិត ២៥ម៉ឺនហិកតារដែលជាជម្រកសម្រាប់ត្រីពងកូន។
ជុំវិញបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួនជាង ១ម៉ឺន ៥ពាន់គ្រួសារហើយ ក្នុងនោះក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកបានធ្វើការវាស់វែងជាក់ស្តែងលើក្បាលដីរបស់ពលរដ្ឋជិត ៩ពាន់គ្រួសារ ដែលមានដីទំហំជិត ៩ម៉ឺនហិកតារឯណោះ៕