34 C
Phnom Penh

ទូត​អាល្លឺម៉ង់​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដោយ​ថា​ការ​អូស​បន្លាយ​ពេលវេលា​យូរ នឹង​ធ្វើ​ឱ្យ​វិវាទ​នេះ​កាន់តែ​ពិបាក​ដោះស្រាយ។

ការ​អំពាវនាវ​របស់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger ធ្វើឡើង​តាមរយៈ​ហ្វេសប៊ុក​ស្ថានទូត​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា មិន​ទាន់​មាន​ដំណោះស្រាយ។

លោក Christian Berger លើកឡើង​ថា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាប់ផ្តើម​ដំណើរការ​ចរចា​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​បាន​ជោគជ័យ។ លោក​បន្ត​ថា ស្ថានភាព​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា ស្រដៀង​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ដែរ ប៉ុន្តែ​បើសិនជា​ជម្លោះ​នេះ​អូស​បន្លាយ​កាន់តែ​យូរ​នោះ លោក​ថា​វា​កាន់តែ​ពិបាក​ដោះស្រាយ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពិបាក​ដោះស្រាយ ដោយសារ​ជំហរ​របស់​ភាគី​នីមួយៗ​ក្នុង​ជម្លោះ​មាន​និន្នាការ​កាន់តែ​រឹងមាំ ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​សម្របសម្រួល។ លោក​ថា នា​ពេល​ថ្មីៗ​នេះ លោក​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​ការពិត​ដែល​ថា​ឥឡូវ​នេះ តួអង្គ​ទាំងអស់​ហាក់ដូចជា​ផ្ដោត​លើ​សកម្មភាព​នៅ​តុ​ចរចា​ដែល​លោក​ជឿ​ថា​ជា​វិធីសាស្ត្រ​ត្រឹមត្រូវ។

កូដករ​ណាហ្គា​វើលដ៍ កញ្ញា សៀក បញ្ញា បាន​ថ្លែង​ថា កញ្ញា​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ស្ថានទូត​អាល្លឺម៉ង់ ដែល​ចង់​ឃើញ​ក្រុមហ៊ុន​ណាហ្គា​បញ្ចប់​វិវាទ​ជាមួយ​កូដករ​ឱ្យ​បាន​ឆាប់។ កញ្ញា​ថា ដើមចម​ដែល​នាំ​ឱ្យ​វិវាទ​ការងារ​នេះ​អូស​បន្លាយ​ពេល​ជិត ៤​ខែ​មក​នេះ ដោយសារតែ​ក្រសួង​ការងារ ហាក់​មាន​ភាព​លម្អៀង​ទៅកាន់​ភាគី​ក្រុមហ៊ុន។

ការ​អូស​បន្លាយ​ពេលនេះ បាន​ធ្វើ​ឱ្យ​ក្រុម​កូដករ​ដែល​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់ និង​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នេះ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព និង​បាន​បៀតបៀន​ទៅលើ​ពួកគេ ខណៈ​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម។

ក្រៅពី​រង​អំពើ​ហិង្សា និង​បៀតបៀន​ហើយ ក្រុម​កូដករ​ដែល​ជា​ស្ត្រី ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចោទ​ថា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​សមត្ថកិច្ច​ថែម​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​សារ​ជា​សំឡេង​តាមរយៈ​បណ្ដាញ​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ មេសា ថា ក្រសួង​មាន​នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ​ដែល​មាន​តាម​ដំណាក់កាល​ជា​បន្តបន្ទាប់ ដូចជា​ដំណាក់កាល​ផ្សះផ្សា រួច​ទើប​ឈាន​ទៅ​ដំណាក់កាល​អាជ្ញាកណ្ដាល ជាដើម។ លោក​ថា បើសិនជា​គូភាគី​មិន​ព្រម​ស្រុះស្រួល​គ្នា​ទេ នោះ​ដំណាក់កាល​ចុងក្រោយ គឺ​ត្រូវ​ប្ដឹង​ទៅ​តុលាការ​តែម្ដង។

យ៉ាងណា​ក៏ដោយ កន្លងមក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ម្តង​ជា​ពីរ​ដង​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​វិវាទ​នៅតែ​បន្ត​អូស​បន្លាយ ហើយ​ការ​ចាប់​ខ្លួន​កូដករ​ក៏​នៅតែ​បន្ត​កើតមាន មុន​នឹង​មាន​ការ​ដោះលែង​ឱ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព ១១​នាក់​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ត្រូវ​ចូលរួម​ពិភាក្សា​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​កូដករ​ណាហ្គា​វើលដ៍​តាម​ផ្លូវ​ច្បាប់ និង​បញ្ឈប់​ការ​រារាំង ធ្វើ​ទុក្ខបុកម្នេញ​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ក្រោម​ហេតុផល​ទប់ស្កាត់​កូវីដ-១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស