33.3 C
Phnom Penh

សង្គម​ស៊ីវិល​រិះគន់​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ដល់​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ចាត់ទុក​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ទៅ​ដល់​មន្ត្រី​យោធិន​ពិការ ជា​រឿង​មិន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ បន្ទាប់ពី​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចែក​អំណោយ​ដល់​មន្ត្រី​យោធិន​ពិការ​ចំនួន ២៩៣​គ្រួសារ ដែល​មាន​ស្រាបៀ​ចំនួន ៥០​កេស និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​ចែក​គ្រឿង​ស្រវឹង​ដល់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ប្រភេទ គឺជា​រឿង​មិន​ត្រឹមត្រូវ​ជាដាច់ខាត ព្រោះ​ទង្វើ​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល។

លោក​បន្ថែម​ថា អំណោយ​ដែល​ល្អ​សម្រាប់​កងកម្លាំង មិន​គួរ​ភ្ជាប់​ជាមួយ​គ្រឿង​ស្រវឹង​នោះ​ទេ ព្រោះ​វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ ត្បិត​អំណោយ​គឺ​វត្ថុ​ដែល​អាច​ធានា​នូវ​សុខភាព​អ្នក​ប្រើប្រាស់​បាន ប៉ុន្តែ​គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បំពុល​សង្គម​ទេ ថែមទាំង​បំផ្លាញ​សុខភាព​អ្នក​ប្រើប្រាស់​ថែម​ទៀត ជាពិសេស​យោធិន​ពិការ​នៅ​ពេលនេះ អ្វី​ដែល​ពួកគាត់​ត្រូវការ គឺ​ការ​ធានា​បាន​នូវ​ជីវភាព​សមរម្យ​របស់​ពួកគាត់​ពី​រដ្ឋាភិបាល មិនមែន​អំណោយ​បន្តិចបន្តួច ឬ​អំណោយ​ជា​ស្រាបៀ​នោះ​ឡើយ។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​ជីវភាព​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​របស់​យោធិន​ពិការ​ទាំងនោះ រដ្ឋាភិបាល​គួរតែ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន ដូចជា​ការ​ផ្តល់​ជម្រក និង​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ប្រាក់បៀវត្ស​របស់​ពួកគាត់ គួរតែ​មាន​កម្រិត​អាច​ធានា​នូវ​ការ​ចិញ្ចឹម​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាព​សមរម្យ ឱ្យ​ស័ក្ដិសម​ទៅ​នឹង​ការ​លះបង់​របស់​ពួកគាត់​ក្នុង​សមរភូមិ​កន្លងមក។

កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឃឹម ប៊ុនសុង បាន​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​យោធិន​ពិការ​នៅ​មជ្ឈមណ្ឌល​យោធិន​ពិការ ហ៊ុន សែន គូលែន​៣១៧ ក្នុង​ខេត្ត​សៀមរាប ដោយ​ផ្តល់​ជូន​នូវ​អំណោយ​ខ្លះៗ ដូចជា​ត្រីខ មី ទឹកដោះគោ ប៊ីចេង និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារៗ ក្នុង​នោះ​ក៏​មាន​ការ​ផ្តល់​អំណោយ​ជា​ស្រាបៀ​ចំនួន ៥០​កេស​ផង​ដែរ​ដល់​ក្រុម​មន្ត្រី​យោធិន​ពិការ​ទាំងនោះ។

លោក ឃឹម ប៊ុនសុង លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​មន្ត្រី​យោធិន​ពិការ​ទាំងអស់​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ហ៊ុន សែន គូលែន​៣១៧ ខេត្ត​សៀមរាប នៅ​ពេល​ដែល​យោធិន​ពិការ​ទាំងនោះ​បាត់បង់​សុពលភាព​ការងារ។

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ដល់​នូវ​អ្វីៗ​ទាំងអស់​គ្រប់​បែប​យ៉ាង​ដើម្បី​លើកស្ទួយ​ជីវភាព ការ​រស់នៅ​របស់​គ្រួសារ​យោធិន​ពិការ ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោយ​ពី​យោធិន​ពិការ​ទាំងនេះ​បាន​លះបង់​សាច់ឈាម ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​កម្ពុជា​កន្លងមក។

សព្វថ្ងៃ​នេះ គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា មិនទាន់​មាន​ភាព​ច្បាស់លាស់​ណា​មួយ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​យោធិន​ពិការ​នៅឡើយ​ទេ ខណៈ​យោធិន​ពិការ​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ជីវភាព​ស្ទើរតែ​គ្រប់​គ្នា​ទូទាំង​ប្រទេស នៅ​ពេល​ដែល​ការ​ប្រកាស​ជំនួយ​ខ្លះ​ពី​សំណាក់​រដ្ឋាភិបាល ធ្វើឡើង​ដើម្បី​តែ​កេង​ចំណេញ​រូបភាព​នយោបាយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស