29.6 C
Phnom Penh

មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់​បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ខណៈ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អគ្គិភ័យ​កើតឡើង ៧​ករណី​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ដកស្រង់​របាយការណ៍​មក​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល ៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​សរុប​ជាង ៥​លាន​នាក់ (៥១៧៥ ៧៥៤​នាក់) ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន ៥​លាន ១​សែន​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​ជាង ៣​ម៉ឺន​នាក់ (៣៥ ២៥៩​នាក់)។

ក្រសួង​បញ្ជាក់​ថា ខេត្ត​គោលដៅ​ដែល​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ ក្នុង​នោះ​មាន​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ ចំណែក​ខេត្ត​បន្ទាប់​គឺ​សៀមរាប កំពង់ចាម បន្ទាយមានជ័យ ព្រៃវែង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ រួម​ទាំង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដដែល​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ៥​លាន​នាក់​នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ចាប់តាំង​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ (ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍) កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១។

ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​កន្លងមក យ៉ាងហោចណាស់​មាន​ភ្ញៀវ​ទេសចរ​តែ ២​លាន​នាក់ ខណៈ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ភ្ញៀវ​ទេសចរ​ចំនួន​ជាង ៩​សែន ៤​ម៉ឺន​នាក់។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក៏​មាន​អគ្គិភ័យ​កើតឡើង ដែល​បណ្ដាល​ឱ្យ​ផ្ទះ​ចំនួន ៥​ខ្នង តូប​១ រង​ការ​ឆាបឆេះ និង​មនុស្ស​ម្នាក់​បាន​រង​របួស​ដែរ។

ប្រភព​ដដែល​បន្ថែម​ថា ខេត្ត​ដែល​មាន​គ្រោះ​អគ្គិភ័យ ក្នុង​នោះ​ខេត្ត​ព្រះវិហារ ព្រះសីហនុ កំពង់ធំ បាត់ដំបង សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ ហើយ​មូលហេតុ​គឺ​បណ្ដាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ចង្ក្រាន និង​ភ្លើង​ដុត​សំរាម។

បើ​តាម​របាយការណ៍​បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​២០២២ នេះ មាន​ការ​ថយ​ចុះ ២​លើក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន ៩​លើក។

ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​វិញ អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា មនុស្ស​យ៉ាងហោចណាស់​ចំនួន ២៧​នាក់​បាន​ស្លាប់ និង ៨០​នាក់​ទៀត​របួស​ធ្ងន់​ស្រាល ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍។ ទោះបីជា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ បាន​ថយ​ចុះ ដោយសារ​ការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០២២ ពិសេស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ គ្រោះថ្នាក់​បាន​កើនឡើង​ក្នុង​អត្រា​ខ្ពស់​បណ្ដាល​ឱ្យ​ស្លាប់ និង​របួស​ច្រើន​ជាង​គ្រោះថ្នាក់​សង្គម​នានា ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៥​នាក់ និង​របួស ១៤​នាក់​ក្នុង​មួយ​ថ្ងៃ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ភ្ញៀវ​ទេសចរ​ក្នុង​ពេល ៣​ថ្ងៃ​នេះ ចំពោះ​គ្រួសារ​មួយ​មាន​សមាជិក ៥​នាក់​បាន​នាំគ្នា​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្ងាយ​ពី​ផ្ទះ ដោយ​ពួកគេ​ចំណាយ​ថវិកា​មិន​តិច​ជាង ៥០០​ដុល្លារ​នោះ​ទេ រួម​ទាំង​ការ​ចំណាយ​ទៅ​លើ​ការ​ស្នាក់នៅ ហូបចុក ធ្វើ​ដំណើរ (ចាក់​សាំង) និង​ការ​ទិញ​ទំនិញ​ផ្សេងៗ​ដើម្បី​រៀបចំ​រណ្ដាប់ បង្សុកូល និង​យក​ចង្ហាន់​ទៅ​វត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស