37 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ប្រសិនបើ​បដិវត្តន៍​កើត​មាន​នៅ​កម្ពុជា​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​បាន​បង្កើត​នូវ​អំពើ​អយុត្តិធម៌​លើ​ពលរដ្ឋ​ខ្លួនឯង​សឹង​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មេសា ថា បើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​នោះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ចង់​ដូរ​របៀប​ដឹកនាំ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នោះ​ទេ ប៉ុន្តែ​ការ​រើ​បម្រះ​របស់​ប្រជាជន គឺ​ដោយសារតែ​ពួកគាត់​មិន​អាច​រស់នៅ​ក្នុង​ការ​គាប​សង្កត់​ក្នុង​របប​ដឹកនាំ​តាម​បែប​ជិះជាន់​ប៉ុណ្ណោះ។

លោក រ៉ុង ឈុន លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​រស់​ក្នុង​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ និង​មាន​សុភមង្គល​ពេញលេញ​ហើយ​នោះ ទោះ​អ្នក​នយោបាយ​ណា​ហៅ​ពួកគាត់​ឱ្យ​ចេញ​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌ ក៏​ពួកគាត់​មិន​ទៅ​ដែរ ព្រោះ​ថា​ប្រជាជន​ខ្មែរ​មិន​អាច​យក​ភាព​សុខដុមរមនា​នៃ​ប្រទេស​ជាតិ​របស់​ពួកគាត់​ដែល​កំពុង​រស់នៅ​ដោយ​មាន​ភាព​យុត្តិធម៌ ការ​គោរព​ច្បាប់​ត្រឹមត្រូវ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ ទៅ​ដូរ​នឹង​ល្បែង​ភ្នាល់​ឈ្នះ​ចាញ់​របស់​អ្នក​នយោបាយ​នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ​ដាស់តឿន​ថា បដិវត្តន៍​ពណ៌​អាច​នឹង​កើតឡើង​យ៉ាង​ផុយ​ស្រួយ ប្រសិនបើ​មេដឹកនាំ​កម្ពុជា​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​នីតិរដ្ឋ​ពិតប្រាកដ។ លោក​ថា សង្គម​ជាតិ​មួយ​ដែល​គ្មាន​ច្បាប់​គ្រប់គ្រង នឹង​ក្លាយ​ទៅជា​សង្គម​អណាធិបតេយ្យ ហើយ​ភាព​អណាធិបតេយ្យ​នេះ​កើតមាន​ឡើង​ដោយសារតែ​អ្នក​ដឹកនាំ​អនុវត្ត​បទបញ្ជា ជាជាង​អនុវត្ត​ច្បាប់។

ការ​អះអាង​របស់​ប្រធាន​សហភាព​សហជីព​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន តែង​គំរាម​តាម​កម្ទេច​មិន​រើស​មុខ​អ្នក​ដែល​បង្ក​សកម្មភាព​ឱ្យ​មាន​ចលនា​បដិវត្ត​ពណ៌​នៅ​កម្ពុជា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក។

ចំណែក​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ប្រសិនបើ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ​មែន មិនមែន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គំរាម​កម្ទេច​អ្នក​ដែល​ប្រឆាំង ឬ​តវ៉ា​នឹង​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​របស់​លោក ដោយ​ប្រើ​លេស​ចោទ​ពលរដ្ឋ​ខ្លួនឯង​ថា​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន​នោះ​ទេ។

លោក សុខ សុគន្ធ អះអាង​ថា ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ពិត​មែន​ថា​គ្មាន​ឈ្មោះ​ជា​បក្ស​កុម្មុយនីស្ត​លើ​ទឹកដី​កម្ពុជា ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​ជា​មេដឹកនាំ​មាន​ចរិត​កុម្មុយនីស្ត​ទៅ​ហើយ ដែល​ទទួល​ឥទ្ធិពល​ពី​របប​ខ្មៅ​ងងឹត​ប្រល័យ​ពូជសាសន៍​ដែល​ខ្លួន​ធ្លាប់​ជា​អតីត​មេ​កម្មាភិបាល​នៃ​របប​នោះ​កន្លងមក ដូច្នេះ​ក្នុង​សតិអារម្មណ៍​មេដឹកនាំ​បែប​នេះ គេ​តែង​មើល​ឃើញ​ពលរដ្ឋ​ខ្លួនឯង​សុទ្ធតែ​ជា​ខ្មាំង​សត្រូវ​ជានិច្ច នៅ​ពេល​ដែល​មាន​ការ​រិះគន់​ពី​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​គំរាម​ពី​ការ​តាម​កម្ទេច​ពលរដ្ឋ​របស់​ខ្លួន ប្រសិនបើ​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​បង្កើត​ចលនា​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ ជាក់ស្តែង មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ លោក ហ៊ុន សែន បាន​គំរាម​ថា លោក​នឹង​តាម​កម្ទេច​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។

ជាង​នេះ​ទៀត កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា បដិវត្តន៍​ពណ៌​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ ហើយ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺ​អាច​កើតមាន​គ្រប់​ពេល។ លោក​បន្ថែម​ថា ការ​ខ្វែង​ទស្សនៈ​គ្នា​ដែល​គ្មាន​ក្រមសីលធម៌ គឺជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ដែល​អាច​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស