លោក ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយជួយដល់សហគមន៍ដើម្បីការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ខណៈអង្គការអន្តរជាតិមួយរកឃើញថា ការបាត់បង់ព្រៃឈើនៅកម្ពុជាដោយសារការទទួលបានសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
ការជំរុញរបស់លោក ហ៊ុន សែន នាពេលនេះ បង្ហាញពីមោទកភាពនៃកំណើនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចេញដើរកម្សាន្តអំឡុងបុណ្យចូលឆ្នាំនៅតំបន់ទេសចរណ៍ផ្សេងៗជាង ៥លាននាក់ ក្នុងនោះខេត្តបាត់ដំបងច្រើនជាងគេ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាថ្ងៃទី២០ មេសា លោក ហ៊ុន សែន សង្កេតឃើញថា ការបង្កើតនូវសហគមន៍ទេសចរណ៍នានា វាជាការគួបផ្សំរវាងផ្នែកបរិស្ថាន និងក្រសួងទេសចរណ៍។
បុរសខ្លាំងរូបនេះបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវប្រើប្រាស់ពាក្យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលការប្រើពាក្យនេះដើម្បីបណ្ដុះឱ្យពលរដ្ឋស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះទាញយកលុយ ជាជាងកាប់ឈើ បាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន។
លោក ហ៊ុន សែន ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវពង្រឹង និងពង្រីកនៅតាមមូលដ្ឋានភូមិឃុំដោយកែច្នៃទៅជាតំបន់ទេសចរណ៍ ជាក់ស្ដែងនៅខេត្តបាត់ដំបង ដែលជាខេត្តទាក់ទាញទេសចរបានច្រើនជាងគេនៅក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។
ការថ្លែងរបស់មេដឹកនាំកម្ពុជា ស្របពេលដែលអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញរបាយការណ៍មួយដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើលើផ្ទៃដីជាង ៦ពាន់ហិកតារ បានរងនូវការកាប់បំផ្លាញនៅតំបន់ការពារព្រៃឡង់ និងព្រៃព្រះរការ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ របាយការណ៍ដដែលបានរកឃើញអាជ្ញាធរ និងមន្ត្រីក្រសួងបរិស្ថាន ទាមទារ និងទទួលសំណូកជាថ្នូរនឹងការមិនអើពើនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងឡាយ។
អង្គការអន្តរជាតិមួយនេះបន្តទៀតថា ការបាត់បង់ព្រៃឈើនៅតំបន់ការពាររាប់ពាន់ហិកតារនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។
ថ្មីៗនេះ រដ្ឋាភិបាលសម្រេចដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលមានរយៈពេល ១៤ឆ្នាំ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ដើម្បីលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច៕