38 C
Phnom Penh

នគរបាល​ពីរ​រូប​ពលី​ជីវិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​អង្គស្នួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​មន្ត្រី​នគរបាល ២​រូប​នៅ​ខេត្ត​កណ្តាល ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដោយ​ចាត់ទុក​ជា​ការ​បាត់បង់​នូវ​មន្ត្រី​នគរបាល​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សេចក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​បុព្វហេតុ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ។

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចេញ​សារ​លិខិត​រំលែកទុក្ខ​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​នគរបាល​ជាតិ​មាន​ក្តី​រន្ធត់​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​ដំណឹង​ថា វរសេនីយ៍ឯក លោក ជុច សុភា ដែល​មាន​អាយុ ៥០​ឆ្នាំ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទួលព្រិច និង​លោក រឹម ផាន់ណា មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ក៏​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​២១ មេសា កន្លងទៅ​នេះ។

អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​បញ្ជាក់​ថា មរណភាព​របស់​មន្ត្រី​នគរបាល​ទាំង​ពីរ​រូប​នេះ គឺជា​ការ​បាត់បង់​នូវ​មន្ត្រី​នគរបាល​ដ៏​អង់អាច​ក្លាហាន​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សេចក្តី​សុខ​ផ្ទាល់ខ្លួន​រហូត​ដល់​ការ​លះបង់​អាយុជីវិត​ប្រកប​ដោយ​កិត្តិយស ដើម្បី​បុព្វហេតុ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល ពីរ​រូប​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មេសា។

កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​មួយ​នៅ​ខេត្ត​កណ្តាល បាន​ផ្ទុះ​អាវុធ​រវាង​ក្រុម​ឧក្រិដ្ឋជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ជាមួយ​នឹង​សមត្ថកិច្ច​ស្រុក​អង្គស្នួល។ ក្នុង​ហេតុការណ៍​នោះ បាន​បណ្តាល​ឱ្យ​មន្ត្រី​នគរបាល ២​នាក់​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ជនល្មើស​ចំនួន ៥​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។

យ៉ាងណា​ក៏ដោយ ក្នុង​ការ​បាញ់​ប្រហារ​នោះ ជនល្មើស​ម្នាក់​ក៏​សមត្ថកិច្ច​បាញ់​ចំ​បណ្តាល​ឱ្យ​ស្លាប់​ផង​ដែរ និង​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ ១​ដើម​ផង​ដែរ ខណៈ​បក្ខពួក​ជនល្មើស ៥​នាក់​ទៀត​បាន​រត់​គេច​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា បញ្ហា​គ្រឿងញៀន និង​អំពើ​មនុស្ស​ឃាត​នៅតែ​កើតមាន​ច្រើន​នៅ​កម្ពុជា ខណៈ​ករណី​ទាំងនេះ​ជា​បញ្ហា​ប្រឈម និង​បង្ក​ជា​ក្ដី​បារម្ភ​ដ៏​ចម្បង​នៅ​ក្នុង​សង្គម​ខ្មែរ។

បែប​នេះ​ក្តី កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចាប់​ខ្លួន​លោក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត Rock ដែល​បាន​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម។ ជុំវិញ​បញ្ហា​នេះ ឧកញ៉ា គិត ធាង ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ PJ បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ ស្រប​តាម​មាត្រា​៤៤ ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន។

យ៉ាងណា​ក៏ដោយ ឧកញ៉ា គិត ធាង នៅតែ​អាច​ដើរ​ហើរ​សេរី​ក្រៅ​ច្បាប់​រហូត​ដល់​សព្វថ្ងៃ​នេះ ដោយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បន្ធូរបន្ថយ​ទោស​ដល់​ឧកញ៉ា​រូប​នេះ ដែល​ត្រូវ​ប្រកាស​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹមតែ​រយៈពេល ៤​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី និង​សម្រេច​ឲ្យ​ព្យួរ​ទោស​រយៈពេល ២​ឆ្នាំ​ផង​ដែរ។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​មាត្រា​៤៤ ចែង​ថា ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២០​លាន​រៀល។

បើ​តាម​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដឹង​ថា ចាប់ពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ចាប់​គ្រឿងញៀន​ជាង ៣​តោន និង​សារធាតុ​គីមី​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​ប្រមាណ​ជាង ៣០០​តោន​ផ្សេង​ទៀត។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ បង្ហាញ​ថា កម្ពុជា​គឺជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស