34 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​កំហុស​ដ៏​ធំ​របស់​លោក ហ៊ុន សែន គឺ​លក់​ជាតិ​ដើម្បី​អំណាច​ក្រោម​ការ​ជ្រោមជ្រែង​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ចោទ​ថា កំហុស​ដ៏​ធំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លក់​ជាតិ​ខ្មែរ​ដើម្បី​អំណាច​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​ក្រីក្រ និង​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​គ្រប់​ទីកន្លែង ក្រោម​ការ​ជួយ​សម្របសម្រួល​របស់​លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ មេសា នេះ​ថា លោក ហ៊ុន សែន បាន​ធ្លាក់​ចូល​ក្នុង​កំហុស​បំផ្លាញ​ជាតិ​ដ៏​ធំ​ដែល​មិន​អាច​ស្រោចស្រង់​បាន។

ប៉ុន្តែ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​ចូលរួម​ក្នុង​កំហុស​ទាំងនោះ​ថែម​ទៀត​នៅ​ពេល​ដែល​គាត់​ជួយ​លើក​អំណាច​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​តាម​ទំនើង​ចិត្ត​តាមរយៈ​នៃ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ​ជា ៥០​ភាគរយ​បូក​១ កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។

លោក គឹម សុខ អះអាង​ថា សព្វថ្ងៃ​នេះ លោក សម រង្ស៊ី កំពុងតែ​សម្រួល​ស្រោចស្រង់​នយោបាយ​ធ្លាក់​ទឹក​របស់​លោក ហ៊ុន សែន បន្ត​ទៀត​តាមរយៈ​នៃ​ការ​បើក​ផ្លូវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ចាស់​របស់​គាត់ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​មួយ​ដែល​ស្ថិត​ក្រោម​ការ​ចាត់ចែង​ទាំងស្រុង​របស់​គណបក្ស​កាន់​អំណាច។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ក​នូវ​កំហុស​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​នាំ​ទៅ​រក​ការ​បំផ្លាញ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ តាមរយៈ​ការ​ជួយ​សម្រួល​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន គេច​ផុត​ជាច្រើន​លើក​ច្រើនសា​ពី​ការ​ជាប់​គាំង​នយោបាយ និង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​រហូត​មក។

លោក គឹម សុខ បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេលនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​មិន​ទាន់​ឃើញ​មាន​កំហុស​ធំៗ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​បញ្ហា​ជាតិ និង​នយោបាយ​ជាតិ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​គាត់​នៅតែ​បន្ត​នយោបាយ​ទន់ភ្លន់​ដូច​សព្វថ្ងៃ​នេះ​ជ្រុល​ពេក នោះ​គាត់​អាច​នឹង​បាត់​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​មាន​ការ​លើកឡើង​ពី​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​ថា លោក សម រង្ស៊ី គឺជា​អ្នក​បញ្ជា​ពីក្រោយ​នៃ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២៥ មេសា នេះ​ថា ដោយសារតែ​លោក សម រង្ស៊ី ជា​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន មាន​ដើមកំណើត​ពី​គណបក្ស​ជាតិ​ខ្មែរ និង​កែ​ឈ្មោះ​ទៅជា​គណបក្ស សម រង្ស៊ី ដូច្នេះ​គាត់​តែង​ផ្តល់​ការ​ណែនាំ​ដល់​សមាជិក​បក្ស​នេះ​នូវ​ភាព​ក្លាហាន​ដើម្បី​ជាតិ​មាតុភូមិ​រហូត​មក ប៉ុន្តែ​លោក សុន ឆ័យ មិន​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី ជា​អ្នក​បញ្ជា​បក្ស​នេះ​ពីក្រោយ​ខ្នង ឬ​ក៏​អត់​នោះ​ទេ។

លោក សុន ឆ័យ អះអាង​ថា ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេលនេះ គឺ​ដោយសារតែ​ស្ថាប័ន​ជាតិ​ដែល​កំពុង​ដឹកនាំ​ក្រោម​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ មិន​អាច​ធ្វើជា​ទីពឹង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​បាន​ឡើយ ដូច្នេះ​ទើប​គណបក្ស​ភ្លើង​ទៀន​សម្រេច​ចិត្ត​ចូលរួម​ការ​បោះឆ្នោត​ដើម្បី​ផ្តល់​អ្នក​តំណាង​ឆន្ទៈ​របស់​ពលរដ្ឋ​នៅ​ពេលនេះ។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដ៏​ក្តៅ​គគុក ហើយ​ក៏​ជា​អ្នក​នយោបាយ​ដ៏​ត្រជាក់​ល្ហឹម និង​ស្អិតល្មួត​ចាក់​ទឹក​មិន​លិច​ជាមួយ​លោក ហ៊ុន សែន ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ការ​ដឹកនាំ​នយោបាយ​របស់​លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា គាត់​បាន​ជួយ​សម្រួល​ឱ្យ​លោក ហ៊ុន សែន ក្តោប​ក្តាប់​អំណាច​ពេញ​ដៃ​តាម​ទំនើង​ចិត្ត​រហូត​ដល់​សព្វថ្ងៃ​នេះ ដូចជា​ការ​ចូលរួម​ជួយ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០​ភាគរយ​បូក​១ ដែល​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ជិះ​សេះ​លែងដៃ​ដល់​បច្ចុប្បន្ន​នេះ និង​ការ​ជួយ​បង្គ្រប់​កូរ៉ុម​សភា​ឱ្យ​បក្ស​កាន់​អំណាច​ឱ្យ​ទៅ​ជា​សភា​ស្រប​ច្បាប់ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សមាជិក​តំណាងរាស្ត្រ ៥៥​រូប​នៅ​ពេលនោះ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស