28 C
Phnom Penh

តំបន់​ព្រៃលិចទឹក​បឹង​ទន្លេសាប​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍ រួម​គ្នា​ថែរក្សា​ព្រៃលិចទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប បន្ទាប់ពី​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតារ​មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតារ ក្រោយពី​រដ្ឋាភិបាល​ប្រមូល​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សូខន ឬទ្ធិគុណ បាន​លើកឡើង​ក្នុង​យុទ្ធនាការ​ដាំ​គ្រាប់​ត្នោត​ស្ដារ​ឡើងវិញ​នូវ​ព្រៃលិចទឹក​ក្នុង​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​ដាំ​ដើមឈើ​ស្ដារ​ឡើងវិញ​ក្នុង​តំបន់​ព្រៃលិចទឹក​នៃ​តំបន់​បឹង​ទន្លេសាប​នេះ គឺជា​ការ​បំផុស​គំនិត​ប្រជាពលរដ្ឋ​គ្រប់​រូប​ឲ្យ​បញ្ឈប់​នូវ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុស​ច្បាស់​បន្ត​ទៀត។

លោក សូខន ឬទ្ធិគុណ អះអាង​ថា ការ​ដាំ​ដើមឈើ​បែបនេះ​គឺជា​ការ​ចូលរួម​ថែរក្សា​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​ដែល​ជា​ប្រយោជន៍​ដល់​ក្មេងៗ​ជំនាន់​ក្រោយ និង​ជា​ការ​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ ព្រម​ទាំង​រក្សា​បាន​នូវ​សម្បត្តិ​ធនធាន​ធម្មជាតិ ពិសេស​ផ្តល់​ជា​ជម្រក​ដល់​ជីវចម្រុះ​គ្រប់​ប្រភេទ​ក្នុង​បឹង​ទន្លេសាប​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​យុទ្ធនាការ​ដាំ​គ្រាប់ត្នោត​ក្នុង​តំបន់​ព្រៃលិចទឹក​បឹង​ទន្លេសាប ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​ឱ្យ​ដកហូត​ដី​ព្រៃលិចទឹក​ពី​ប្រជាពលរដ្ឋ ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​កាល​ពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំងអស់ ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​កាប់​រាន​ដី​ព្រៃលិចទឹក​យក​ជា​កម្មសិទ្ធិ និង​ប្រមូល​ដី​ព្រៃលិចទឹក​ទាំងនោះ​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ​ទាំងអស់។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​តំបន់​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​៦ ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​កំណត់​ដែនដី​ព្រៃលិចទឹក​ចំនួន​ជាង ៦៤​ម៉ឺន​ហិកតារ (៦៤៧៤០៦​ហិកតារ) ស្ថិត​នៅ​ក្នុង​ខេត្ត​ទាំង​៦ គឺ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ខេត្ត​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប​ទាំងអស់។

ចំណែក​អាជ្ញាធរ​ទន្លេសាប បាន​បង្ហាញ​លើ​គេហទំព័រ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ថា ផ្ទៃក្រឡា​ដី​ព្រៃលិចទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​៦ កាលពី​ឆ្នាំ​២០០២ មាន​ចំនួន​ជាង ៧៩​ម៉ឺន​ហិកតារ (៧៩១០០០​ហិកតារ) តែ​មក​ដល់​ឆ្នាំ​២០០៥ ព្រៃលិចទឹក​នៅសល់​ត្រឹមតែ​ជាង ៦៨​ម៉ឺន​ហិកតារ (៦៨៨១៧០​ហិកតារ) ប៉ុណ្ណោះ។

ជុំវិញ​ការ​ប្រមូល​ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នេះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ នេះ​ថា ខ្លួន​បាន​ប្រមូល​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​៦ បាន​ចំនួន​ជាង ៨​ម៉ឺន​ហិកតារ (៨៧៤២៤,៥​អា) ដែល​កំពុង​ដាំ​គ្រាប់ត្នោត​ជុំវិញ​ដី​ដែល​ប្រមូល​បាន​ទាំងនោះ ប៉ុន្តែ​លោក ជា សុផារ៉ា មិន​បាន​បញ្ជាក់​ថា ដី​តំបន់​ព្រៃលិចទឹក​ដែល​ត្រូវ​រដ្ឋ​គ្រប់គ្រង​ឡើងវិញ​មាន​ចំនួន​ប៉ុន្មាន​ហិកតារ​នោះ​ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ប្រមូល​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​ជាច្រើន ត្បិត​ដី​ព្រៃលិចទឹក​មិនមែន​មាន​តែ​ជាង ៦​ម៉ឺន​ហិកតារ​ដូច​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នោះ​ទេ ក្នុង​នោះ​ត្រូវ​គេ​សង្ស័យ​ថា មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​យក​ដី​នោះ​ទុក​កាន់កាប់​ផ្ទាល់​ខ្លួន​ម្នាក់​រាប់​សិប​ម៉ឺន​ហិកតារ​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស