29 C
Phnom Penh

សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង​៦០​នាក់​ទៅ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ថៃ ចាប់​និង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៦២​នាក់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ឆ្លងដែន​ដោយ​ខុសច្បាប់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

យោង​តាម​សេចក្ដី​រាយការណ៍​ពី​សមត្ថកិច្ច​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង ៦២​នាក់​អំឡុង​ពេល​ចុះ​ល្បាត និង​ឃ្លាំមើល​ក្នុង​ភូមិសាស្ត្រ​ទទួល​ខុសត្រូវ ដោយ​ប្រទះ​ឃើញ​ក្រុម​មនុស្ស​លាក់​ខ្លួន​ក្នុង​ព្រៃ​ក្រោយ​ភូមិ​នើន សំបូរណ៌ ឃុំ/ស្រុក​តាព្រះយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

សមត្ថកិច្ច​ចាប់ និង​ឃុំ​ពលរដ្ឋ​ខ្មែរ​បាន ១៦​នាក់ ក្នុង​នោះ ប្រុស ១១​នាក់ ខណៈ​មនុស្ស​មួយ​ក្រុម​ទៀត​គួរ​ឱ្យ​សង្ស័យ​ដើរ​តាម​ច្រក​របៀង​សំដៅ​ចូល​មក​ប្រទេស​ថៃ ចំនួន ២៩​នាក់ ក្នុង​នោះ​ក្មេងប្រុស​ម្នាក់ នៅ​បរិវេណ​ភូមិ​ណងយ៉ាកែវ ឃុំ/ស្រុក​គោកឃ្យូង ខេត្ត​ស្រះកែវ ទើប​សមត្ថកិច្ច​ថៃ​ចូល​ទៅ​ត្រួតពិនិត្យ និង​ចាប់​ខ្លួន​យក​ទៅ​ឃុំ ដើម្បី​បញ្ជូន​ឱ្យ​មន្ត្រី​ជំនាញ​ដើម្បី​ចាត់ការ​តាម​ច្បាប់។

បើ​តាម​របាយការណ៍​សមត្ថកិច្ច ឱ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​សួរនាំ សមត្ថកិច្ច​ថៃ​ក៏​បន្ត​ឈាន​ដល់​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ៤​គោលដៅ​ផ្សេង​ទៀត​ដោយ​សរុប​ចំនួន ៦២​នាក់។

ក្រោយពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រួច ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​នាំគ្នា​សម្រុក​ឆ្លងដែន​ទៅ​ថៃ ដោយ​ខុសច្បាប់​ជា​បន្តបន្ទាប់ ដើម្បី​ទៅ​រក​ការងារ​ធ្វើ ខណៈ​ខ្លះ​ទៀត​ទៅ​ថៃ​ដោយ​ខុសច្បាប់ ដោយ​ថា​ពួកគេ​ចាញ់បោក​មេខ្យល់។ មួយ​វិញ​ទៀត ការ​សម្រុក​ទៅ​ថៃ​របស់​ប្រជា​ពលករ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​រាប់​ពាន់​នាក់ បាន​នាំគ្នា​ត្រឡប់​មក​កម្ពុជា​ក្រោយពី​ខកខាន​បាន​មក​លេង​ស្រុក​រយៈពេល ២​ឆ្នាំ​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បាន​ចេញ​របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​ពលករ​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​មេរោគ​កូវីដ-១៩ បាន​អះអាង​ថា មាន​ពលករ​ខ្មែរ​ខុសច្បាប់​ប្រមាណ ៧៤១​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ គិត​ត្រឹម​រយៈពេល ៧​ខែ​ឆ្នាំ​២០២១ កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស