31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​អះអាង​ថា សារព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដែល​ទាមទារ​ឲ្យ​អ្នក​សារព័ត៌មាន​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​ស្ដីពី​សារព័ត៌មាន ដើម្បី​ទទួល​បាន​ទំនុកចិត្ត និង​ការ​គោរព​ស្រឡាញ់​ពី​សាធារណជន។

ថ្លែង​ជា​អធិបតីភាព​នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា ដែល​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឪពុក​របស់​លោក លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា អ្នក​សារព័ត៌មាន​ត្រូវ​បំពេញ​ការងារ​ក្នុង​សេរីភាព​សារព័ត៌មាន ដោយ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​ច្បាប់​ស្ដីពី​សារព័ត៌មាន ក៏ដូចជា​ច្បាប់​នានា​របស់​ប្រទេស ដើម្បី​ទទួល​បាន​ទំនុកចិត្ត និង​ការ​គោរព​ស្រឡាញ់​ពី​សាធារណជន។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ​ក៏ដូចជា​ការ​ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ គឺ​អ្នក​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ណាស់​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​បង្ហាញ​ការពិត​លើ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុង​សង្គម។ លោក​អះអាង​ថា បើ​ចង់​ឲ្យ​ប្រទេស​រីកចម្រើន មាន​ប្រជាធិបតេយ្យ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា​គ្មាន​និទ្ទណ្ឌភាព​សម្រាប់​អ្នក​ណា​ទេ។ លោក​ថា រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​រួច​ហើយ និង​ខិតខំ​បើក​លំហ​សម្រាប់​អ្នក​សារព័ត៌មាន។

លោក​បាន​លើកឡើង​ទៀត​ថា អ្នក​សារព័ត៌មាន​គឺជា​អ្នក​ផ្ដល់​ព័ត៌មាន​ដ៏​សំខាន់​ទៅ​ដល់​សាធារណជន​ឲ្យ​គាត់​បាន​ដឹង​អំពី​អ្វី​ខ្លះ​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស ហើយ​ក៏​ជា​អ្នក​ផ្ដល់​ព័ត៌មាន​យ៉ាង​លឿន​ដល់​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បាន​ទាន់​ពេលវេលា។ អ្នក​សារព័ត៌មាន​ជា​អ្នក​តម្រង់ ឬ​ជា​កែវយឹត​នៅពេល​បុគ្គល​ណា​មួយ​អនុវត្ត​ខុស។ អំណាច​ទី​៤ របស់​អ្នក​សារព័ត៌មាន​មិនមែន​ទៅ​ចាប់ចង​នៅ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​លាតត្រដាង​ឲ្យ​មហាជន​បាន​ដឹង​ថា អ្នក​ណា​មួយ​កំពុង​អនុវត្ត​ខុស ឬ​មិន​ល្អ​នៅ​ក្នុង​សង្គម។

ទីប្រឹក្សា និង​ប្រធាន​ការិយាល័យ​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ខាមីឡា អុតតូសុន ថ្លែង​ថា សារព័ត៌មាន​ឯករាជ្យ និង​ប្រជាធិបតេយ្យ​មិន​អាច​អត់​គ្នា​បាន​ឡើយ ដោយសារ​អ្នក​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ប្រឌិត ហើយ​ស្វែងរក​ការពិត​ដោយ​ផ្សាយ​សំឡេង​ដល់​ពលរដ្ឋ។ ដូច្នេះ អ្នកស្រី​ថា​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​ជាតិ ដោយ​ថា​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ឯករាជ្យ​រង​ការ​វាយប្រហារ​នោះ ពលរដ្ឋ​ក៏​ទទួល​រង​ការ​វាយប្រហារ​ដែរ ព្រោះ​ពលរដ្ឋ​នឹង​បាត់បង់​សំឡេង។

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ កន្លងទៅ ដោយសារ​ការ​បន្ត​រឹតត្បិត​ផ្នែក​នយោបាយ និង​បទដ្ឋាន​ច្បាប់​ផ្សេងៗ​ដែល​ផ្ដល់​អំណាច​កាន់តែ​ច្រើន​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

របាយការណ៍​ដដែល​អះអាង​ថា មាន​ការ​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​ជាង ៥០​ករណី។ អ្នក​កាសែត​ជាង ៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​អ្នក​សារព័ត៌មាន​ជាង ២០​នាក់​ប្រឈម​នឹង​ចំណាត់ការ​តាម​ផ្លូវច្បាប់។ ចំណែក ១៨​ករណី​ផ្សេង​ទៀត ត្រូវ​រង​នូវ​អំពើ​ហិង្សា​ដោយ​ការ​យាយី​លើ​រូបរាងកាយ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា ដើម្បី​អាច​ក្រាញ​អំណាច​បាន​យូរ​តទៅ​មុខ​ទៀត លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ និង​បាន​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​ទាំងអស់។ ជាក់ស្តែង​ដូចជា​ការ​បង្ខំ​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុ​មួយ​ចំនួន​ទៀត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ក្រោម​ហេតុផល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន កាលពី​ពេល​ថ្មីៗ​នេះ​បាន​បន្ត​ផ្ដល់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​រូបភាព​អាក្រក់​ដដែល ដោយ​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៤៤ ក្នុង​ចំណោម ១៨០​ប្រទេស​នៅ​លើ​ពិភពលោក។ សេរីភាព​សារព័ត៌មាន​ដែល​អង្គការ​នេះ​វាយតម្លៃ បង្ហាញ​ថា កម្ពុជា​បាន​ធ្លាក់ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៧ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស