27 C
Phnom Penh

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល​ខាង​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​២០២២​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២២ នៅ​ជា​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ល្អ​ជាង​ឆ្នាំ​មុន​ពីរ​លេខ ដោយ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល បើ​ទោះបីជា​ចំណាត់ថ្នាក់​នៅ​ឆ្នាំ​២០២២ នេះ បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ពីរ​កម្រិត​ក្តី។

ប្រភព​ដដែល​លាតត្រដាង​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ក្នុង​នោះ​ស្ថាប័ន​កាសែត​ខ្លះ​ត្រូវ​បិទ​ទ្វារ ខ្លះ​ទៀត​ត្រូវ​ប្តូរ​ម្ចាស់ ខណៈ​កាសែត​បរទេស​ត្រូវ​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំងស្រុង។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ជាង ៣០​ស្ថានីយ​ផង​ដែរ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ​ទាំង​ដែល​គ្មាន​កំហុស។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បញ្ជាក់​ថា ច្បាប់​សារព័ត៌មាន​ឆ្នាំ​១៩៩៥ គឺ​អនុញ្ញាត​លើ​ករណី​បរិហារ​កេរ្តិ៍​ត្រឹមតែ​ដោះស្រាយ​ដោយ​មិត្តភាព​ប៉ុណ្ណោះ គឺ​គ្មាន​ការ​ចោទប្រកាន់​នោះ​ឡើយ ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង រដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រើ​ក្រមព្រហ្មទណ្ឌ​ដើម្បី​កាត់ទោស និង​ចាប់​ខ្លួន​អ្នកកាសែត​ដែល​កំពុង​តាមដាន​លើ​បញ្ហា​រសើប​របស់​ខ្លួន​ជា​បន្តបន្ទាប់។ ក្នុង​នោះ ច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​និយម​ប្រើ​ដើម្បី​ចោទប្រកាន់​អ្នក​សារព័ត៌មាន គឺ​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​៤៩៤ និង ៤៩៥ ដែល​ទាក់ទង​នឹង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាដើម ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​កាន់តែ​អាក្រក់​ទៅៗ។

ការ​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​នូវ​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ខណៈ​សកម្មជន​សង្គម អ្នក​សារព័ត៌មាន និង​សកម្មជន​នយោបាយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ នៅ​ពេល​ដែល​ពួកគេ​ប្រឆាំង​តវ៉ា​នឹង​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា។

កាលពី​ឆ្នាំ​២០១៨ សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៤២ ឆ្នាំ​២០១៩ ជាប់​លេខ​១៤៣ ខណៈ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៤៤ ពីរ​ឆ្នាំ​ជាប់​គ្នា ដោយឡែក​ឆ្នាំ​២០២២ នេះ កម្ពុជា​បាន​វិល​ទៅ​រក​ចំណាត់ថ្នាក់​ដូច​ឆ្នាំ​២០១៨ វិញ ដែល​ជា​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា​បោស​សម្អាត​អ្នក​សារព័ត៌មាន​ឯករាជ្យ​គ្មាន​សល់​នៅ​ក្នុង​ប្រទេស។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​ឆ្នាំ​២០២១ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​បង្ហាញ​ថា ដោយ​បារម្ភ​ខ្លាច​ចាញ់​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់។ ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​ស្ថានីយ បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម ដោយឡែក​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ថែម​ទៀត។

របាយការណ៍​ដដែល​អះអាង​ថា ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​នៅ​ពេល​នេះ​អាច​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដូចជា​សារព័ត៌មាន Fresh News ជាដើម ដែល​ជា​ស្ថាប័ន​ឃោសនា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ។

ទោះជា​បែបនេះ​ក្តី លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​កម្ពុជា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៩ កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជីថល» នេះ​ថា លោក​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេបូចា (CamboJa) បាន​បង្ហាញ​របាយការណ៍​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​កាលពី​ពេល​កន្លងទៅ​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​មាន​ចំនួន​ជា ៥០​ករណី ក្នុង​នោះ​អ្នក​សារព័ត៌មាន​ដែល​បាន​រងគ្រោះ​មាន​ចំនួន​ដល់​ទៅ​ជិត ១០០​នាក់ ហើយ​ជាង ៣០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន និង​ជាង ២០​នាក់​ទៀត​ប្រឈម​បណ្ដឹង​ផ្លូវច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស