33 C
Phnom Penh

អាដហុក​ទាមទារ​រដ្ឋាភិបាល​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ ដើម្បី​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្មាន​ការ​រំលោភ​បំពាន ជាពិសេស​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​របស់​លទ្ធិប្រជាធិបតេយ្យ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​លើក​កម្ពស់​សេរីភាព​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​កំពុង​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី ដូច្នេះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវតែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដោយ​គ្មាន​ការ​រារាំង​ណា​មួយ​នោះ​ឡើយ។

លោក នី សុខា អះអាង​ថា កន្លងមក​នេះ ក្រុម​អង្គការ​សមាគម​តែង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន នៅតែ​បន្ត​ធ្វើការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ បើ​ទោះបីជា​មាន​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ​លើ​បញ្ហា​នេះ​ក៏ដោយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា សិក្ខាសាលា​នេះ​គឺ​មាន​គោលបំណង​ជំរុញ​ឱ្យ​សហគមន៍​មូលដ្ឋាន​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​មើល​ឃើញ​ពី​បញ្ហា​ដែល​កើតមាន​ឡើង​ក្នុង​សហគមន៍​របស់​ពួកគេ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដែល​កើតមាន​ឡើង​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​រហូត​មក។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដូចជា​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ជួបជុំ និង​សិទ្ធិ​ដទៃ​ទៀត​នៅ​កម្ពុជា​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

សមាគម​អាដហុក​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​លើក​កម្ពស់​សេរីភាព​មូលដ្ឋាន​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សាលា​គរុកោសល្យ​ខេត្ត​បន្ទាយមានជ័យ និង​មាន​សិក្ខាកាម​ចូលរួម​ជាង ៥០​នាក់​មកពី​សហគមន៍​នានា​ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង និង​ខេត្ត​ព្រះវិហារ។

សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការ​យល់ដឹង​របស់​អ្នក​ចូលរួម​ឱ្យ​កាន់តែ​យល់​ច្បាស់​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​អនុវត្ត​នូវ​ការ​បញ្ចេញមតិ និង​សកម្មភាព​នានា​របស់​ពួកគេ ក្នុង​នោះ​ក៏​មាន​ការ​ពង្រឹង​សមត្ថភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ធានា​នូវ​សុវត្ថិភាព​ឱ្យ​ស្រប​នឹង​ផ្លូវច្បាប់​របស់​កម្ពុជា​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​កម្ពុជា ដែល​ត្រូវជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​អះអាង​កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ផ្តល់​ការ​ការពារ និង​លំហ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ដល់​ពលរដ្ឋ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​កន្លងទៅ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន រិះគន់​ថា លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ ដោយសារតែ​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស ក្នុង​នោះ​គឺ​មាន​ការ​បិទ​លំហ​សេរីភាព​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ជំទាស់​ដាក់​ពន្ធនាគារ ជាដើម។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាម​កំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស