41.3 C
Phnom Penh

លោក កឹម សុខា៖ រដ្ឋាភិបាល​ហ្វាំងឡង់​កំពុង​តាមដាន​សំណុំរឿង​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ថា រដ្ឋាភិបាល​ហ្វាំងឡង់ កំពុង​តាមដាន​អំពី​ការ​ចាប់​ឃុំ​ខ្លួន និង​សវនាការ​ក្នុង​សំណុំរឿង​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​អំពី​បទ​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​បរទេស​ខ្លះ ដែល​កំពុង​មាន​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​កម្ពុជា​បច្ចុប្បន្ន​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ហ្វាំងឡង់ លោក Jyri Järviaho នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក Jyri Järviaho បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​លំហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក កឹម សុខា អះអាង​ថា តាមរយៈ​នៃ​ការ​ស្រាវជ្រាវ​ជា​សកល ក៏ដូចជា​ការ​សិក្សា​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់​លោក​អស់​រយៈពេល​ប្រមាណ​ជា ៣០​ឆ្នាំ​ពី​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​កន្លងមក​នេះ ជាពិសេស​ខ្លួន​លោក​ផ្ទាល់​ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​កន្លងមក មើល​ឃើញ​ថា ប្រទេស​ហ្វាំងឡង់ គឺជា​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បញ្ជាក់​ថា រដ្ឋាភិបាល​ហ្វាំងឡង់ តែង​គិតគូរ​ពី​អនាគត​អ្នក​ជំនាន់​ក្រោយ​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ​រឹងមាំ និង​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​លើ​ការ​គោរព​សិទ្ធិមនុស្ស សេរីភាព និង​សីលធម៌​សង្គម ដែល​នាំ​ឲ្យ​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​វិបុល​សុខ និង​សុខមាលភាព​ក្នុង​កម្រិត​ខ្ពស់​បំផុត​លើ​ពិភពលោក។

នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ហ្វាំងឡង់ ប្រចាំ​នៅ​កម្ពុជា និង​ប្រទេស​ថៃ លោក Jyri Järviaho នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក Jyri Järviaho នៅ​កម្ពុជា​នៅ​ពេល​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​ឈាន​ដល់​ការ​កាត់ទោស​លោក​នៅឡើយ​ទេ ខណៈ​រដ្ឋ​បរទេស​ដែល​តុលាការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្តួល​រំលំ​នោះ ក៏​តុលាការ​មិន​បាន​បង្ហាញ​ថា​ជា​ប្រទេស​ណា​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក អាង ឧត្តម កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ បាន​អះអាង​ថា លោក​គ្រោង​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​លិខិត​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់​ជាមួយ​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា មក​បំភ្លឺ​នៅ​តុលាការ​ដើម្បី​ស្វែងរក​ការពិត។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​ចោទ​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជុំវិញ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​របស់​ភាគី​ជនជាប់ចោទ​ដើម្បី​រុញ​ឱ្យ​រដ្ឋ​បរទេស​ចូល​ក្នុង​សំណុំរឿង​របស់​ខ្លួន ក្នុង​ចេតនា​ប្រើប្រាស់​ឥទ្ធិពល​នៃ​រដ្ឋ​បរទេស​នោះ​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​បំណង​ជួយ​ដក​ខ្លួន​លោក កឹម សុខា ចេញពី​សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ។

ទោះជា​បែបនេះ​ក្តី អតីត​អគ្គ​ទីប្រឹក្សា​ខ្មែរ​ប្រចាំ​ស្ថានទូត​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​ប្រតិកម្ម​នៅ​ថ្ងៃ​ដដែល​នោះ​ថា តាម​នីតិវិធី​ច្បាប់ តុលាការ​នឹង​បញ្ជូន​សំណើ​តាមរយៈ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​ការបរទេស ដើម្បី​ធ្វើ​កំណត់​ទូត​បញ្ជូន​សំណុំរឿង​ទៅ​រដ្ឋ​បរទេស​ដែល​រង​ការ​ចោទប្រកាន់ ឲ្យ​បញ្ជូន​ក្រុម​អ្នក​ច្បាប់​ចំណុះ​ឲ្យ​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋ​បរទេស​នោះ មក​ចូលរួម​សវនាការ​តំណាង​ឲ្យ​រដ្ឋ​បរទេស​នោះ ដើម្បី​លាតត្រដាង​ការពិត​ដែល​ជា​នីតិវិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។

បើ​ទោះបីជា​លោក កឹម សុខា ស្ថិត​ក្នុង​ការ​ចោទប្រកាន់ និង​ការ​រឹតត្បិត​សេរីភាព​យ៉ាងណា​ក្តី ក៏​តំណាង​អង្គទូត​នៃ​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា បាន​នាំគ្នា​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​ជា​បន្តបន្ទាប់ ដូចជា​តំណាង​សហគមន៍​អឺរ៉ុប តំណាង​ទូត​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បើក​សិទ្ធិ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង​ឡើងវិញ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស