29 C
Phnom Penh

តើ​លោក ហ៊ុន ណេង ជា​នរណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ណេង គឺជា​មន្ត្រី​ជើងចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ជួយ​ជ្រោមជ្រែង​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​វៀតណាម។

លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លងទៅ។ ក្រោយ​មរណភាព តើ​លោក ហ៊ុន ណេង បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្តេច?

លោក ហ៊ុន ណេង ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។ លោក ហ៊ុន ណេង ដែល​មាន​ឈ្មោះ​ដើម ហ៊ុន ឡុងសេង បាន​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៥០ ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។

សារព័ត៌មាន​គាំទ្រ​គណបក្ស​កាន់​អំណាច​នានា​បាន​ផ្សាយ​ថា លោក ហ៊ុន ណេង បាន​រៀន​ចប់​កម្រិត​បឋមសិក្សា​ក្នុង​វ័យ​កុមារភាព និង​បាន​បន្ត​ការ​សិក្សា​យក​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​សេដ្ឋកិច្ច និង​រដ្ឋបាល​ក្នុង​ឆ្នាំ​១៩៩៧។ ជាទូទៅ មន្ត្រី​ធំៗ​នៃ​ប្រទេស​កម្ពុជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​យក​សញ្ញាបត្រ​ខ្ពស់ៗ​ពី​គ្រឹះស្ថាន​សិក្សា​ជាតិ​នានា ដោយ​មិន​ចាំបាច់​រៀន ឬ​បំពេញ​កាតព្វកិច្ច​សិក្សា​អ្វី​ឡើយ។

គេ​ពុំ​ឃើញ​មាន​ព័ត៌មាន ឬ​ឯកសារ​ផ្លូវការ​ណា​ដែល​បញ្ជាក់​អំពី​ស្នាដៃ សមត្ថភាព ឬ​លក្ខណៈ​ពិសេស​អ្វី​មួយ​របស់​លោក ហ៊ុន ណេង ឡើយ ប៉ុន្តែ​គេ​ដឹង​ថា គាត់​ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​ពិភពលោក​ស្គាល់​ថា ជា​នាយករដ្ឋមន្ត្រី និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​យូរ​អង្វែង​ជាងគេ​ក្នុង​ទ្វីប​អាស៊ី។

ក្រោយ​ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩ លោក ហ៊ុន ណេង បាន​ធ្វើជា​មន្ត្រី​ក្នុង​ខេត្ត​កំពង់ចាម រហូត​ក្លាយជា​ចៅហ្វាយ​ខេត្ត​កំពង់ចាម និង​ខេត្ត​ស្វាយរៀង ចាប់ពី​ឆ្នាំ​១៩៨៤ រហូត​ដល់​ឆ្នាំ​២០១៣។ ចាប់តាំងពី​ឆ្នាំ​២០១៣ មក លោក ហ៊ុន ណេង បាន​ក្លាយ​ជា​សមាជិក​សភា​នៃ​គណបក្ស​មួយ​នេះ​សម្រាប់​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​រហូត​ដល់​ថ្ងៃ​ដែល​លោក​ទទួល​មរណភាព។

ថ្វី​បើ​ជា​មន្ត្រី​ជើងចាស់​មួយ​រូប​ក្តី តែ​លោក ហ៊ុន ណេង ពុំ​សូវ​ចេញ​មុខ​ជា​សាធារណៈ​លើ​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ឡើយ។ លោក​ជា​មន្ត្រី​មួយ​រូប​ដែល​គេ​កម្រ​ឃើញ​ធ្វើ​សុន្ទរកថា ឬ​ថ្លែង​សារ​ជា​សាធារណៈ​ណា​ដែល​គួរ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​នោះ​ឡើយ។

ប៉ុន្តែ​ឈ្មោះ​របស់​លោក ក៏​ត្រូវ​បាន​គេ​លើកឡើង​ក្នុង​របាយការណ៍​ស្តីអំពី​បញ្ហា​អំពើ​ពុករលួយ​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​កំពង់ចាម ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក។

ក្នុង​របាយការណ៍​នានា​របស់​អង្គការ​សិទ្ធិមនុស្ស​ដែល​ចេញ​ផ្សាយ​ក្នុង​ទសវត្ស​ឆ្នាំ​២០០០ លោក ហ៊ុន ណេង ត្រូវ​បាន​ចោទប្រកាន់​អំពី​ការ​ពាក់ព័ន្ធ​នឹង​មេបញ្ជាការ​យោធា ពួក​មន្ត្រី និង​ឈ្មួញ​ខ្លះ​ដែល​បាន​ប្លន់​ដីធ្លី​របស់​ប្រជាពលរដ្ឋ។ ស្រដៀង​គ្នា​នេះ​ដែរ របាយការណ៍​របស់​អង្គការ Global Witness កាលពី​ពាក់កណ្តាល​ឆ្នាំ​២០០៧ ដែល​មាន​ឈ្មោះ​ថា “Cambodia’s Family Tree” បាន​បង្ហាញ​នូវ​ភស្តុតាង​ជាច្រើន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សមាជិក​គ្រួសារ និង​ក្រុម​ឈ្មួញ​របស់​គ្រួសារ​លោក ហ៊ុន សែន។

ក្នុង​របាយការណ៍​នោះ ឈ្មោះ​លោក ហ៊ុន ណេង ក៏​ត្រូវ​បាន​លើកឡើង​ផង​ដែរ។

ជា​ការ​ឆ្លើយតប លោក ហ៊ុន ណេង ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ថា “ប្រសិនបើ​បុគ្គលិក​អង្គការ Global Witness មក​កម្ពុជា ខ្ញុំ​នឹង​វាយ​ក្បាល​វា​ទាល់តែ​បែក”

ក្រៅតែ​ពី​រូបលោក​ផ្ទាល់ សារព័ត៌មាន​អន្តរជាតិ​នានា​ក៏​ធ្លាប់​បាន​ផ្សាយ​អំពី​រឿង​អាស្រូវ​របស់​កូន និង​ចៅៗ​របស់​គាត់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​បំផ្លាញ​សង្គម​ជាតិ​ដែរ។ ក្នុង​ចំណោម​នោះ គេ​រក​ឃើញ​អ្នកស្រី ហ៊ុន គីមឡេង លោក ហ៊ុន តូ អ្នកស្រី ហ៊ុន ចាន់ធូ និង​អ្នកស្រី ហ៊ុន ចាន់ថា សុទ្ធតែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​រហូត​មាន​លុយ​រាប់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ផ្ទះ អាផាតម៉ិន (Apartment) និង​ធ្វើ​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​នានា។

ចំណែក​លោក ហ៊ុន តូ ក៏​ជា​មនុស្ស​ម្នាក់​ដែល​ខ្មែរ​ជាច្រើន និង​ជនបរទេស​ស្គាល់​ថា​ជា​ជន​ដៃ​ឆៅ និង​ជា​ឈ្មួញ​គ្រឿងញៀន​ដ៏​ធំ​មួយ​រូប​ផង​ដែរ។ កាលពី​ដើម​ឆ្នាំ​២០១២ សារព័ត៌មាន​ដ៏​ល្បី​របស់​ប្រទេស​អូស្ត្រាលី ឈ្មោះ The Age បាន​ផ្សាយ​ថា លោក ហ៊ុន តូ មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​រត់​ពន្ធ​គ្រឿងញៀន និង​លាង​លុយ​កខ្វក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស